បើមានដីទំនេរ! យើងគួរតែនាំគ្នាដាំបន្លែបង្ការបើលក់មិនកើតក៏អាចដោះស្រាយរឿងហូបចុកបានដែរ
ឥឡូវនេះផ្នត់គំនិតពលរដ្ឋយើងមួយចំនួននៅតាមជនបទក្រោយពេលដែលរោងចក្រត្រូវបានដាក់ពង្រាយទៅដល់មូលដ្ឋាន ហាក់មិនសូវយកចិត្តទុកដាក់រឿងដាំដំណាំ ឬបន្លែបង្ការអ្វីឡើយ ដោយម្នាក់ៗរអ៊ូថា ដាំទៅគ្មានទីផ្សារហើយដល់ពេលត្រូវការតាំងយកលុយទៅផ្សារទិញគេហូប។
ឥរិយាបទបែបនេះហើយបានជាបន្លែបង្ការនាំចូលពីប្រទេសជិតខាង និង ពីចិនជាដើមហូរចូលពេញទីផ្សារ ខណៈដែលដីស្រែចំការនៅឡើងល្វឹងល្វើយ។ ក្រៅពីនោះពលរដ្ឋខ្លះពេលមានការងារធ្វើរោងចក្រតាំងប្តូរឥរិយាបទ លែងចង់រឿងដាំបន្លែបង្ការនេះតែម្តង ដោយសំអាងលើប្រាក់ខែជាប្រាក់ដុល្លារដែលបានមក ពីការងារជាកម្មករ។
ពីមុនមក ដីទំនេរឲ្យតែមានទឹក ជាពិសេសគឺនៅតាមកន្លែងជុំវិញផ្ទះ និងភូមិដ្ឋានរស់នៅ គឺមានសព្វមានគ្រប់តាំងពីននោង ត្រឡាច ឃ្លោក ល្ពៅ ដំឡូងមី ដំឡូងជ្វា ពពាយស្បែក ពពាយជ្រុង ស្លឹកគ្រៃ ជីនេះជីនោះ ស្លឹកខ្ទឹម ស្លឹកបាស ស្លឹកងប់ ឥឡូវមិនសូវមានអ្នកដែលដាំដំណាំទាំងនេះតាមផ្ទះទៀតឡើយ។
ម្នាក់ៗព្រោះតែអាងការងារនៅរោងចក្រ ធ្វើការនៅក្នុងម្លប់នារីៗមួយចំនួនគិតតែពីឡេ គិតតែពីប្រេងម្សៅ និង គ្រឿងតុបតែងខ្លួន ហើយបុរសៗខ្លះក៏ដូចនារីដែរគឺត្រូវការរឿងតុបតែងខ្លួនដែរ។ ម្នាក់ៗខ្លាចខ្មៅ ខ្លាចគេថា ថោក ពីព្រោះតែការងារកំប៉ិកកំប៉ុក ដូចជាការដាំដំណាំនេះ។ ខ្លះទៀតមិនឥចឹងទេ គឺអាងដល់ខែបើកលុយ បន្ទាប់ពីម៉ោងទំនេរសម្រាកពីការងារតាំងជុំគ្នាផឹកស៊ីស្រវឹង។
ដោយឡែកចាស់ៗខ្លះក្រោយពេលដែលមាន កូនធ្វើការរោងចក្រម្នាក់ពីរនាក់ បានដុល្លារកាន់ក៏តាំងខ្លួនខ្ជិល បោះបង់ឬមើលស្រាលការងារដាំដំណាំនេះដែរ។
ម្នាក់ៗគិតថា មិនដឹងដាំធ្វើអ្វីបើចង់ហូបអីមានលុយទៅផ្សារបន្តិចស្អីក៏មាន ប៉ុន្តែមិនគិតថា អាការចំណាយបន្តិចបន្តួចប្រចាំថ្ងៃនេះ បូកសរុបទៅនៅក្នុងមួយខែៗចាយអស់ប៉ុន្មានឡើយ។ ខ្លះទៀតមិនដាំទេ រអ៊ូថា ពេលដាំទៅហូបមិនអស់ លក់ក៏មិនដាច់គ្មានទីផ្សារ។
សូមកុំនាំគ្នាគិតបែបនោះ បន្លែបង្ការខាងលើនេះ ប្រសិនបើយើងហើយថែរក្សាវាឲ្យល្អ យើងទទួលទានវា គឺវាមានគុណតម្លៃផ្នែកសុខភាព មិនមានសារធាតុគីមី ដែលអ្នកផ្សាគេដាក់ឲ្យស្រស់ គេដាក់ទុកឲ្យបានយូរឡើយ។ បន្លែបង្ការដែលយើងចង់ហូប មាននៅជុំវិញផ្ទះនេះ គឺវាដោះស្រាយការហូបចុកប្រចាំថ្ងៃបាន ហើយសំខាន់គឺវាធ្វើឲ្យរាងកាយយើងមានសុខភាពល្អផងដែរ។
សរុបទៅ សូមកុំអាងលុយប្រាក់ខែ ហើយមើលស្រាលការងារដាំបន្លែបង្ការនៅជុំវិញលំនៅស្ថាន។ បើមានដីទំនេរយើងគួរតែដាំវាទៅ ហើយមើលថែស្រោចទឹកដាក់ជីទៅរួចជាស្រេច។ ការងារទាំងនេះវាបំបាត់ការអផ្សុកហើយវាពិតជាមានប្រយោជន៍ណាស់សម្រាប់យើងទាំងអស់គ្នា។ សូមកុំមើលស្រាលវា ហើយពេលខ្លះយើងក៏អាចបេះវាទៅលក់នៅផ្សារ គ្រាន់នឹងដោះដូរជាត្រីជាសាច់ សន្សំសំចៃមួយផ្នែកទៀត៕