បើឃើញឯកសារផ្ញើមកមិនទំនង ទោះជារបស់អ្នកស្គាល់ក៏ដោយ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ!

សព្វថ្ងៃនេះ មេរោគនៅលើបណ្តាញសង្គមដែលជនខិលខូចបង្កើតឡើង ក្នុងគោលបំណងលួចទិន្នន័យ ឬហេកចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់យើង ដើម្បីកាន់កាប់ និងធ្វើសកម្មភាពផ្សេងៗ គឺមានច្រើនណាស់ សូមប្រុងប្រយ័ត្ន។ រាល់ឯកសារ ឬតំណភ្ជាប់ (Link) ដែលគេបានចែករំលែកនៅលើបណ្តាញសង្គម មានដូចជានៅលើ Messenger, Comment, ការចែករំលែកផ្សេងៗ តាម Telegram សូមកុំបើកផ្តេសផ្តាស ទាំងនៅលើទូរស័ព្ទដៃ និងនៅលើកុំព្យូទ័រ ហើយសូម្បីតែនៅលើអ៊ីម៉ែល (Email) ពីព្រោះពួកជនខិលខូចបានកំពុងព្យាយាមប្រើប្រាស់គ្រប់កលល្បិចតាមប្រព័ន្ធដ៏ទំនើប។

ពួកគេច្រើនធ្វើសកម្មភាពដោយខ្លះមានចេតនាចូលទៅសម្ងំប្រមូលព័ត៌មានរបស់យើង ហើយបន្លំធ្វើជាយើង យកទៅទាញប្រយោជន៍តាមវិធីទុច្ចរិត បោកប្រាក់អ្នកដទៃ។ រីឯខ្លះទៀតអាចបង្កើតច្រកតាមប្រព័ន្ធទំនើប ក្នុងគោលបំណងចូលទៅគ្រប់គ្រងគណនីធនាគារ និងហិរញ្ញវត្ថុដែលយើងប្រើប្រាស់ ដើម្បីលួចយករៀបចំដកប្រាក់ចេញពីគណនីរបស់យើង។ ខ្លះទៀតអាចយកគណនីបណ្តាញសង្គមរបស់យើង ទៅធ្វើវិឆ្ឆេទកម្ម ឬសកម្មភាពខុសច្បាប់ផ្សេងៗ ឬចូលទៅលាក់ឯកសារដែលយើងប្រើប្រាស់រួចជម្រិតទារប្រាក់ និងខ្លះទៀតចូលទៅរំខានមិនឱ្យយើងប្រើប្រាស់គណនីដើម្បីប្រកបការងារប្រចាំថ្ងៃបាន។

សូមលើកកម្ពស់ការតាមដានការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនឹងប្រព័ន្ធទំនើបសម័យនេះ ឱ្យបានញឹកញាប់ ដើម្បីយើងអាចប្រុងប្រយ័ត្ន និងការពារខ្លួនបន្ថែមមួយកម្រិតទៀត។ សូមកុំប្រហែស! សម័យនេះបច្ចេកវិទ្យាធ្វើឱ្យយើងស្រួល រហ័ស សប្បាយ ប៉ុន្តែវាក៏អាចមានគុណវិបត្តិខ្លះ ដែលយើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន ប្រសិនបើយើងចង់ប្រើប្រាស់វាដោយសុវត្ថិភាព។

សរុបទៅ បច្ចេកវិទ្យា និងបណ្តាញសង្គមបានផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែវាក៏អាចនាំមកនូវហានិភ័យផ្នែកសុវត្ថិភាពផងដែរ។ ដើម្បីសុវត្ថិភាព យើងគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្ន មិនគួរបើកឯកសារ ឬតំណភ្ជាប់ដែលមិនច្បាស់លាស់ ទោះបីជាវាមកពីមនុស្សដែលយើងស្គាល់ក៏ដោយ។ យើងត្រូវរក្សា និងការពារគណនី និងទិន្នន័យផ្ទាល់ខ្លួន ព្រមទាំងតាមដានព័ត៌មាន និងការណែនាំពីស្ថាប័នមានសមត្ថកិច្ចជាប្រចាំ។ ការប្រុងប្រយ័ត្ន និងការយល់ដឹងអំពីសុវត្ថិភាពឌីជីថល គឺជាវិធីសាស្ត្រសំខាន់ក្នុងការការពារខ្លួន គណនី និងទ្រព្យសម្បត្តិរបស់យើង ពីការបោកប្រាស់ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។

 

Daily Program

Livesteam thumbnail
khmer popup image