បងប្អូនអ្នកទិញសាំងទុកនៅផ្ទះសូមទុកដាក់ឲ្យត្រឹមត្រូវ !

បងប្អូនណាដែលបានកំពុងតែផ្អើលនាំគ្នាទិញសាំងយកទៅទុកនៅផ្ទះដោយសារតែភ័យខ្លាចអស់សាំងប្រើប្រាស់ ឫ មួយក៏សាំងវាឡើងថ្លៃខ្លាំងពិបាកធានារ៉ាប់រងថ្លៃចំណាយទិញក៏ទិញចុះ ប៉ុន្តែសូមរិះគិតអំពីគ្រោះថ្នាក់។​

ជាទូទៅកម្រិតចំហេះដែលមាននៅក្នុងប្រេងឥន្ធនៈគឺវាខ្ពស់ ហើយវាក៏ងាយស្រួលនៅក្នុងការឆាបឆេះ ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ។​ បងប្អូនទិញស្តុកទុកប្រើប្រាស់នេះ យើងខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែវាចេះតែភ័យជំនួសពីព្រោះវាពិតជាហានិភ័យណាស់ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ​។​

សា្ថនភាពនៃបញ្ហាប្រេងឥន្ធនៈ ទាំងការផ្គត់ផ្គង់ និង តម្លៃគឺវាពិតជាពិបាកនៅក្នុងការប៉ានស្មានណាស់ ពីព្រោះកម្ពុជាយើងមិនមែនជាប្រទេសដែលផលិតប្រេងនេះនៅឡើយ បើទោះបីជាពីមុនធ្លាប់មានមក មែន ប៉ុន្តែក៏អាក់ខានទៅវិញ ។ ស្ថានភាពនៃភាពចលាចលបញ្ហាប្រេងឥន្ធនៈនេះ វាមិនមែនកើតនៅតែ កម្ពុជានោះទេ គឺនៅក្នុងតំបន់និងនៅលើពិភពលោក ហើយបញ្ហានៅពេលនេះវាអាស្រ័យនៅលើភាគីពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល និង អ៊ីរ៉ង់។​

ដោយសារតែក្តីបារម្ភនេះ ទើបបងប្អូនមួយចំនួន ជាពិសេសគឺនៅតាមខេត្តមួយចំនួន ឃើញមានការផ្អើលខ្លាំងរឿងនាំគ្នាសម្រុកទីញសាំងទុក ។ អ្នកខ្លះប្រមូលប៊ីដុង ខ្លះចាក់បំពេញឡាន ហើយមានរហូតដល់ អ្នក​ដែលយកធុងសម្រាប់ដាក់ទឹក ក៏យកទៅដាក់ប្រេងឥន្ធនៈទំាងនេះដែរ។

ស្ថានភាពបែបនេះវាពិតជាមានហានិភ័យខ្លាំងណាស់ ជាពិសេសគឺគ្រោះអគ្គីភ័យដែលបងប្អូនត្រូវតែយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងបំផុត។

បងប្អូនប្រយ័ត្នគ្រោះអគ្កីភ័យដោយសារតែការរក្សាទុកស្តុកសាំងតាមផ្ទះច្រើន ហើយរក្សាទុកមិនត្រឹមត្រូវ ដែលវាអាចនឹងងាយស្រួលឆាបឆេះបង្កវិនាសកសកម្ម ដល់យើងនិងអ្នកដ៏ទៃទៀត។​

យើងខ្ញុំពិតជាមិនហ៊ានហាមឃាត់បងប្អូនទេ ប៉ុន្តែអ្វីដែលយើងខ្ញុំលើកឡើងនេះ គឺគ្រាន់ដើម្បីកន្រ្តាក់ការចាប់អារម្មណ៍របស់សាធារណៈជនឲ្យលើកកំពស់ការប្រុងប្រយ័ត្ន ។ សូមកុំយកវាទៅទុកនៅទីណាដែលងាយកើតគ្រោះមហន្តរាយនេះ។

ទីកន្លែងដែលរក្សាទុកប្រេងឥន្ធនៈទាំងនោះគួរតែកុំដាក់វានៅក្បែរចង្រ្កាន កន្លែងក្បែរចរន្តអគ្គីសនី និង កន្លែងហានិភ័យផ្សេងៗទៀត ហើយក៏ប្រយ័ត្នគឺក្មេងលេងភ្លើងក្បែរកន្លែងរក្សាទុក។

សរុបទៅបងប្អូនភ័យ បងប្អូនបារម្ភ​ការទិញគឺជាសិទ្ធិរបស់បងប្អូន ប៉ុន្តែអ្វីដែលយើងខ្ញុំចង់រំលេចគឺគួរតែ ការប្រុងប្រយ័ត្នដើម្បីកុំអោយវាក្លាយជាគ្រោះមហន្តរាយដោយមិនដឹងខ្លួន៕

Daily Program

Livesteam thumbnail