តើមន្រ្តីដែលទទួលខុសត្រូវរឿងស្កែមអនឡាញអស់ឫនៅ?
មន្រ្តីនិងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្កែមអនឡាញចំនួន៤រូបទៀតត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកដែលត្រូវគេជឿថាជាអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះនៅកម្ពុជាបន្ថែមបន្ទាប់ពីព្រះរាជអាជ្ញារងនិងឧកញ៉ាម្នាក់ ដែលត្រូវបានឃាត់ខ្លួនកន្លងមក ។
អ្នកទាំង៤ដែលមានពីរនាក់ជាមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ពីររូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រៀបចំបញ្ជូនសំណុំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ព័ន្ធករណីទទួលសំណូកពីក្រុមស្កែមអនឡាញ និងសម្អាតប្រាក់ ។
អ្នកទាំង៤នេះត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងក្រោយពេលដែលអង្គភាពប្រឆាំងអំពីពុករលួយ បើកប្រតិបត្តិការស៊ើបអង្កេតរយៈពេល២០ថ្ងៃ ហើយពួកគេអាចជាក្រុមមនុស្សជាមន្រ្តីជាន់ខ្ពស់ដំបូងចាប់តាំងពីកម្ពុជាមានច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដោយក្រោមច្បាប់ជនដែលប្រពឹត្តិនឹងករណីនេះអាច ត្រូវផ្តន្ទាទោសរហូតដល់ទៅអស់មួយជីវិត ។
តើក្រៅពីពួកគេទាំង៤នាក់នេះ វានៅមានអ្នកដែលពាក់ព័ន្ធផ្សេងទៀតដែរឫទេដែលឈរនៅពីក្រោយឧក្រិដ្ឋកម្មដែលជាប្រភពសេដ្ឋកិច្ចខ្មៅនៅកម្ពុជានោះ ?
តាមពិតទៅស្កែមអនឡាញនេះទំនងជាអាចនៅមានអ្នកដែលពាក់ព័ន្ធច្រើនជាងនេះ ពីព្រោះប្រតិបត្តិការមួយរយៈពេលកន្លងមកនេះគឺឃើញថា មានទំហំធំធេងណាស់ ។
យោងតាមស្ថិតិពីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងការឆបោកបច្ចេកវិទ្យាចន្លោះខែកក្កដា ឆ្នាំ២០២៥ និងពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ដែលចុះផ្សាយដោយសារព័ត៌មាននានាបានបង្ហាញថា ស្ថាប័នអនុវត្តច្បាប់កម្ពុជាបានស៊ើបអង្កេតរហូត២៥០ ករណី នៅ៩១ទីតាំងទូទាំងប្រទេស ហើយវះកាត់បញ្ជូនទៅតុលាការ១១២ករណី នៅក្នុងនោះជនសង្ស័យប្រហែល ១.០៨៩ នាក់ដែលមាន ចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងកម្ពុជា។ ដោយឡែកពីគ្នា ចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបាននិរទេសជនបរទេសចំនួន ១៣.០៣៩ នាក់មកពីប្រទេសចំនួន ៣៣ ចេញពីកម្ពុជា ។
នៅក្នុងប្រតិបត្តិការនេះ ភាគច្រើននៃទីតាំងដែលត្រួតពិនិត្យគឺសុទ្ធតែអគារធំៗ ដែលពលរដ្ឋមានថានៈនិងតួនាទីល្មមៗគឺមិនអាចមានសមត្ថភាពទៅពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះបានឡើយ ដូច្នេះសង្ឃឹមថា សមត្ថកិច្ចជំនាញ ជាពិសេសគឺអង្គភាពប្រឆាំងនឹងអំពើពុករលួយនឹងបន្តវែកមុខរកអ្នកដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ មកផ្តន្ទាទោសតាមច្បាប់បន្តទៀតដើម្បីលាងសំអាតកេរ្តិ៍ឈ្មោះកម្ពុជា ។