តើការផាកពិន័យចរាចរណ៍ និង សាំងឡើងថ្លៃវាពាក់ព័ន្ធគ្នាដែរឬទេ?

ជាការពិតការផាកពិន័យលើអនុវត្តច្បាប់ចរាចរណ៍ និង ការឡើងថ្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះវាមិនពាក់ព័ន្ធគ្នាទេ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋខ្លះលើកឡើងជាសំណូមពរថា គួររិះគិតចំណុចនេះ ហើយការ អនុវត្តការត្រួតពិនិត្យកុំឲ្យច្រើនកន្លែងពេក  ជាពិសេសកន្លែងដែលស្ទះ ឬ តាមផ្លូវដែលមានរថយន្តធ្វើដំណើរច្រើន។

ការត្រួតពិនិត្យហើយផាកពិន័យលើការអនុវត្តច្បាប់ចរាចរណ៍នេះគឺដើម្បីលើកកំពស់និងជំរុញឲ្យប្រជាពលរដ្ឋដែលបញ្ជាយាននៅលើផ្លូវឲ្យគោរពច្បាប់ចរាចរណ៍នៅក្នុងគោលបំណងការពារអាយុជីវិតនិងរក្សាសណ្តាប់ក៏ដូចជា សុវត្ថិភាពទាំងអស់គ្នានៅលើទ្រូងផ្លូវ ហើយវាមិនពាក់ព័ន្ធនឹងបញ្ហាតម្លៃនៃប្រេងឥន្ធនៈ ដែលកំពុងតែឡើងនេះទេ ប៉ុន្តែពលរដ្ឋបានយកវាមកភ្ជាប់គ្នា។

ការដែលពលរដ្ឋយកបញ្ហានេះមកភ្ជាប់គ្នាបែបនេះពីព្រោះថានៅពេលដែលអនុវត្តការត្រួតពិនិត្យនៅលើទ្រូងផ្លូវសាធារណៈនេះជាទូទៅវាអាចធ្វើឲ្យពួកគេយឺតឬខាតពេល​ហើយក៏អាចនឹងកកស្ទះចរាចរណ៍ផងដែរ។ នៅពេលនេះដោយសារតែប្រេងឥន្ធនៈវាឡើងថ្លៃ ហើយស្ថានីយប្រេងឥន្ធនៈមួយចំនួនផ្អាកប្រតិបត្តិការច្រើននៅតាមផ្លូវ វាបង្កឲ្យមានបញ្ហាសាំនៅក្នុងចិត្ត។

នៅតាមកន្លែងអនុវត្តការត្រួតពិនិត្យនេះជាពិសេសគឺនៅតាមផ្លូវជាតិ​មានការបិទផ្លូវមួយផ្នែកណាមួយ ហើយត្រួតពិនិត្យ ស្របពេលដែលផ្លូវខ្លះវាតូចយានយន្តវាច្រើន ហើយសកម្មភាពនោះមានការតវ៉ា មានការជជែក​មានការបត់ចុះបតឡើង គឺវាពិតជាធ្វើឲ្យកកស្ទះ។​ ការកកស្ទះនោះហើយជាបញ្ហាមួហ្មងដែលនឹងកើតមានសម្រាប់អ្នកដំណើរមួយចំនួន​ហើយស្របពេលឥឡូវនេះកន្លែងខ្លះលក់ប្រេងនៅក្នុងបរិមាណកំណត់ ហើយខ្លះបិទទៀត ការកកស្ទះបែបនេះ អាចនឹងធ្វើឲ្យយានយន្តពួកគេកាន់តែប្រឈមនឹងហានិភ័យអស់សាំង រឹតតែបញ្ហាទៅទៀត។

នេះគឺជាការលើកឡើងរបស់ពលរដ្ឋមួយចំនួន ដូច្នេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធអាចពិចារណា ហើយសម្រេចចិត្តតាមការគួរ ខណៈដែលពេលនេះអារម្មណ៍នៃភាពតានតឹងគឺបានកំពុងតែកើតមានឡើង​នៅក្នុងចំណោមប្រជាពលរដ្ឋ​។ អារម្មណ៍នេះគឺវាអាចមកពីតម្លៃវាឡើងថ្លៃ​ហើយ មួយទៀតវាក៏អាចមកពីពិបាករកកន្លែងចាក់សាំងជាងពីមុន ពីព្រោះការ៉ាសខ្លះបិទ ការ៉ាសខ្លះបើក ​ហើយខ្លះទៀតកំណត់បរិមាណចាក់សម្រាប់យានយន្តថែមទៀត។​

សរុបទៅយើងខ្ញុំសង្ឃឹមថា ស្ថាប័នជំនាញនឹងពិចារណាលើការរឿងនេះ ពីព្រោះបញ្ហាគឺវាពិតជាកំពុងតែកើតមានដូច្នេះមែន។​ នៅពេលដែលប្រេងសាំងវាថ្លៃ​កន្លែងត្រួតពិនិត្យច្រើនពេល ស្ទះចរាចរណ៍អីផង អាចឲ្យពលរដ្ឋវិលមុខ​៕​

 

Daily Program

Livesteam thumbnail