ចូលឆ្នាំកុំភ្លេចធ្វើបុណ្យជាមួយព្រះរស់
ពេលចូលឆ្នាំថ្មីប្រពៃណីជាតិនៅពេលខាងមុខគិតតែពីពិធីសែនព្រេនទទួលទានទេវតាតាមប្រពៃណី ហើយនាំគ្នាទៅវត្តទៅថ្វាយចង្ហាន់ព្រះសង្ឃ ហើយមកវិញផឹកស៊ីសប្បាយ តែសូមកុំភ្លេចព្រះរស់របស់យើងទាំងអស់គ្នា។
សព្វថ្ងៃនេះ មនុស្សច្រើនណាស់ដែលគិតអំពីប្រពៃណី គិតអំពីទំនៀមទម្លាប់គិតអំពីបាបបុណ្យ គិតអំពីគេ ប៉ុន្តែព្រះរស់នៅជាមួយយើងបែរជាភ្លេចគិតគាត់។
មកដល់ពេលនេះមានមនុស្សជាច្រើនដែលទិញរបស់ល្អ ផ្លែឈើថ្លៃ នំចំណីសុទ្ធតែអស្ចារ្យមានតម្លៃរាប់សិបម៉ឺនរៀល ដាក់រង់ចាំទទួលអ្វីដែលយើងសន្មត់ថាជាទេវតាឆ្នាំថ្មីយាងចុះមក ប៉ុន្តែត្រង់ឪពុកម្តាយ ឬជីដូនជីតានៅនឹងមុខ សម្លឹងវត្ថុនំចំណីទាំងនោះភ្លៀកៗ ប៉ុន្តែកូនចៅមិនបាននឹងដល់រូបគាត់ឡើយ។
អ្នកខ្លះទុកវត្ថុផ្លែឈើទាំងនោះដល់ទៅ៣ថ្ងៃមិនហ៊ានរើទេ ដូច្នេះផ្លែឈើនិងនំចំណីខ្លះកាលណាទុកហាលវាល ហាលខ្យល់ ហាលថ្ងៃបែបនេះ ខូចអស់ហើយទើបបានយកមកជូនពូកគាត់ពិសារ។
ក្រៅពីនោះការចំអិននាំចំណីទៅវត្តទៅវ៉ាទៀតសោតក៏នៅតែមានអ្នកភ្លេចចំណុចនេះ ដោយសុខចិត្តយកសម្លសម្លុកដែលសម្រិតសម្រាំងចំអិននេះទៅចាក់គរគ្នានៅវត្តប៉ុន្តែព្រះរស់ជាឪពុកម្តាយជីដូនជីតានៅផ្ទះមិនដួសជូនគាត់ពិសាឡើយ។
សកម្មភាពបែបនេះមិនគួរនោះទេ។ យើងដឹងថា ប្រពៃណីគឺបែបនេះ ប៉ុន្តែខាងជំនឿក៏គេបានពន្យល់ដែរថា នៅក្នុងគ្រួសារគ្មានធ្វើបុណ្យណាបានបុណ្យជាងធ្វើជាមួយនឹងព្រះរស់ដែលជាឪពុកម្តាយជីដូចជីតារបស់យើងនោះទេ។
នៅពេលដែលយើងសែនព្រែង នំចំណីដែលយើងសែននេះគួរតែលៃលងទុកមួយចំណែកណាមួយទុកជូនអ្នកមានគុណពិសារអោយឆ្អែតឲ្យហើយទៅ មិនបាបនោះទេ ហើយទេវតាក៏ប្រហែលជាទ្រង់ដឹងនិងអធ្យាស្រ័យដល់យើងផងដែរ។
ក្រៅពីរឿងនំចំណីនេះសម្លសម្លុកនេះនៅក្នុងពេលឈប់សម្រាកនេះចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ហើយខ្លះឈប់ដល់ទៅមួយសប្តាហ៍នោះ សូមកុំទុកគាត់ចាំផ្ទះ។ ទៅណាមកណីសូមនាំគាត់ទៅជាមួយផង ដើម្បីអោយគាត់ស្រឡះមុខស្រឡះមាត់។ មិនមែនឃើញគាត់ចាស់ កម្លាំងពន្លាំងខ្សោយ ហើយចេះតែអោយពួកគាត់នៅផ្ទះរហូតនោះទេ។ អាចឆ្លៀតពេលនាំគាត់យកខ្យល់អាកាស់ទៅរមណីយដ្ឋាននេះ រមណីយដ្ឋាននោះមុនពេលជីវិតគាត់សូន្យ។
សរុបមកវិញកាលណាយើងជាកូនជាចៅធ្វើបុណ្យជាមួយនឹងព្រះរស់គឺគាត់បានឃើញហើយអោយពរយើងបានឮផ្ទាល់នឹងត្រចៀក។ មិនមែនចាំគាត់ទៅផុត មានតែជំនឿបាននាំគ្នាសែនព្រែននោះឡើយ៕