ចិត្តខ្លាំងមួយពេល! មានពិរុទ្ធអស់មួយជីវិត

នៅពេលដែលមានរឿងរ៉ាវដោះស្រាយមិនចេញ សូមរកអ្នកពិគ្រោះយោបល់ពិភាក្សា ហើយនៅពេលដែលមានកំហឹងសូមអត់ធ្មត់ហើយ និងសង្កត់ចិត្តកុំអោយកំហឹងក្លាយទៅជាកំហល់ ប្រើហិង្សមួយពេលត្រូវមានពិរុទ្ធអស់មួយជីវិតដូចករណីបុរសម្នាក់បានកាប់ប្រហារស្រ្តីម្នាក់ស្លាប់កាលពីពេលថ្មីៗកន្លងទៅនេះ ។​

តាមសេចក្តីរាយការណ៍ព័ត៌មានមិនបានដឹងលំអិតនៃសាវតាដែលបណ្តាលឲ្យបុរសម្នាក់ស​ម្រេចចិត្តប្រើកាំបិទកាប់ស្ត្រីរងគ្រោះស្លាប់នៅនឹងផ្ទះជនដៃដល់ឡើយដោយគ្រាន់តែដឹងថា ករណីនេះកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃ១៩ ឧសភា ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

គេក៏បានត្រឹមតែដឹងថា ជនរងគ្រោះជាម្ចាស់បំណុលនឹងជនសង្ស័យ ហើយថ្ងៃដែលជនរងគ្រោះត្រូវកាប់នោះគឺជនរងគ្រោះមានទីលំនៅក្នុងស្រុកភូមិជាមួយគ្នាទៅទារលុយដែលជនសង្ស័យជំពាក់ ហើយក៏ស្រាប់តែកើតហេតុនេះតែម្តង។

ក្រោយប្រហារជនរងគ្រោះហើយនោះ ជនសង្ស័យបានរត់គេចខ្លួនហើយក៏ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅម៉ោងប្រមាណ ជា១និង៣នាទីរសៀលថ្ងៃ២១ ឧសភានេះ។

ពាក់ព័ន្ធនឹងករណីនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស្រ្តីជនរងគ្រោះ ហើយក៏ឆ្លៀតឱកាសនេះរំលឹកថា សូមកុំយកកំហឹងទល់នឹងកំហល់ នៅក្នុងករណីបែបនេះយើងនឹងមានបញ្ហាដូចករណីជនដៃដល់បែបនេះ ។

ជាធម្មតាទេ នៅមុនពេលប្រពឹត្តករណីបែបនេះវាអាចមានបញ្ហាខ្លះៗជ្រាលជ្រៅ ប៉ុន្តែទោះបីជា យ៉ា​ងណាក៏ដោយការកាប់សម្លាប់គ្នាបែបនេះគឺច្បាប់មិនអាចអត់អោនទោសបានឡើយ ហើ​យទោះជារត់ដល់ទីណាក៏មិនអាចរត់រួចដែរ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ដូច្នេមុននឹង​លើកដៃប្រពឹត្តសូមគិតមុខគិតក្រោយឲ្យច្បាស់លាស់ ។​

សម្លាប់មនុស្សមិនមែនជាទោសស្រាលទេ វាគឺជាទោសព្រហ្មទណ្ឌមួយធ្ងន់ធ្ងរ ហើយនៅក្នុង ករណីបែបនេះ ក្រៅពីយើងដែលជាជនបង្កសមាជិកគ្រួសារក៏នឹងជួបបញ្ហាជាច្រើនដែរ ដែលនឹ​ងទទួលផលពីការសម្រេចចិត្តខុសមួយពេល។

សរុបមកវិញមុននឹងធ្វើអ្វីមួយសូមគិតពិចារណា ហើយស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីដោះស្រាយដោយស្របច្បាប់។ អំពើហិង្សាមិនមែនជាដំណោះស្រាយឡើយ អំពើហិង្សាគឺជាពិរុទ្ធហើយផ្ទុយនឹងច្បាប់ ។ កំហឹងគឺនាំមកនៅកំហុស កំហុសគឺនាំមកនូវក្តីអន្តរាយនិងវិនា​ស ខូចអនាគតតែមួយពព្រិចភ្នែក៕

 

Daily Program

Livesteam thumbnail