ចង់ឲ្យប្រេងចុះថោកវាពិបាកណាស់! យើងត្រូវតែបន្សាំខ្លួន

បើប្រេងនៅលើទីផ្សារអន្តរជាតិវានៅតែថ្លៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជាពិបាកនឹងចុះណាស់ ហើយបើយើងនៅតែចង់ឲ្យវាចុះ​វានឹងជះឥទ្ធិពលច្រើនថែមទៀត ពីព្រោះយើងមានទីផ្សារតូច។​

នៅក្នុងអំឡុងពេលនេះប្រេងវាអាចចុះបាន គឺមានតែសង្រ្គាមនៅអឺរ៉ុងវាបញ្ចប់ ហើយបើមិនដូច្នេះទេ សហរដ្ឋអាមេរិកអាចធានាសុវត្ថិភាពដល់នាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស ប៉ុន្តែមកដល់ពេលនេះតាមព័ត៌មាន អន្តរជាតិនានាបានបង្ហាញថា អាមេរិកនៅមិនទាន់អាចធានាសុវត្ថិភាពដល់នាវាដឹកទំនិញនៅច្រកសមុទ្រនោះបាននៅឡើយទេ។​

នៅពេលនេះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិវាអាចធានាបានតម្លៃត្រឹមរង្វង់១០០ ដុល្លារ មួយបារ៉ែល ហើយតម្លៃនេះវាអាចរក្សាបានត្រឹមកម្រិតហ្នឹងដោយសារតែអាមេរិក ចាត់វិធានការជាច្រើន​ តាំងពីបញ្ចេញកញ្ចប់ថវិការបង្ហូរចូលវិស័យធានារ៉ាប់រងនាវានៅច្រកសមុទ្រហ័រមូស ការប្រកាសបើកអោយប្រទេសនានាទិញប្រេងពីរុស្ស៊ី ហើយប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចំរើនបញ្ចេញស្តុកបម្រុងរបស់ខ្លួន មកទប់នឹងទីផ្សារ ទោះវាចុះពីជិត១២០ ដុល្លារមួយបារ៉ែល។

អ្វីដែលសហរដ្ឋអាមេរិកនិងប្រទេសនានាចង់បាននៅពេលនេះគឺអោយតម្លៃប្រេងរក្សារស្ថេរភាពនៅរង្វង់១០០ ដុល្លារនៅក្នុងមួយបារ៉ែល​ ដោយមិនអោយបំណងរបស់អ៊ីរ៉ង់ប្រុងបង្កបញ្ហាឲ្យប្រេងឆៅឡើងដល់២០០​ដុល្លារនៅក្នុងមួយបារ៉ែល។

អ៊ីរ៉ង់គឺចង់បង្កវិច្ឆេទកម្មតម្លៃប្រេងដើម្បីដាក់សំពាធឲ្យអាមេរិកនិងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារមកលើខ្លួន ប៉ុន្តែវាពិបាកពីព្រោះវាគឺជារឿងមុខមាត់។ អាមេរិកជាមហាអំណាយផុតកំពូលពិភពលោក ហើយអ៊ីស្រាអែលជាខ្លានៅមជ្ឈឹមបូព៌ាដែលគំរាមគេគំរាមឯង និង ដើរវាយគេជាច្រើន ដូច្នេះការដែលអោយប្រទេសទាំងពីរបញ្ចប់ក៏ពិបាកដែរ។​

យើងដឹងថា អ៊ីរ៉ង់ពិតជាមិនអាចឈ្នះបានទេនៅក្នុងសង្រ្គាមនេះ ប៉ុន្តែបើអ៊ីរ៉ង់ក្រាញននៀល​ហើយដុតកំឡោចតម្លៃប្រេងឆៅអោយនៅតែត្រឹមនេះរយៈពេលយូរ ហើយវាអាចតម្លើងទៀតនោះ ពិភពលោកដឹងតែវីវរហើយ ដូច្នេះកម្ពុជានិងប្រទេសផ្សេងៗគឺនៅក្នុងស្ថានភាពនេះដូចតែគ្នាទេ។

នៅក្នុងស្ថានភាពនេះ អ្វីដែលយើងអាចធ្វើបានគឺមានតែប្រឹងសម្របសម្រួលបន្សាំខ្លួននឹងបញ្ហាហើយត្រូវតែត្រៀមទុក។ ការដែលយើង ចង់ឲ្យតម្លៃប្រេងឆៅចុះវិញដល់កម្រិតក្រោម៧០ ដុល្លារ មួយបារ៉ែល​ដែលនាំឲ្យស្រុកយើងទទួលបានប្រេងសាំងនិងម៉ាស៊ូតតម្លៃ៣.៨៥០ រៀលឡើងវិញនៅក្នុងមួយលីត្រគឺពិតជាពិបាកណាស់។ សូមត្រៀមខ្លួនតស៊ូអត់ធ្មត់ ហើយរង់ចាំអ៊ុតតាំងអស់គ្នា តែប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail