ក្រឱ្យខំរក មិនមែនក្រខំតែជឿលើតែគ្រូទាយនោះទេ !

នៅពេលនេះអ្នកដែលកំពុងតែមានជីវភាពដែលគេចាត់ទុកថា​ក្រគឺហាក់មានគួរសម ហើយនៅក្នុងពេលនោះអ្នកដែលក្រីក្រទាំងនោះមួយចំនួនបានខិតខំណាស់ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រនេះ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកខ្លះមិនខំប្រឹងរកទេ គឺបែជាខំប្រឹងជឿលើគ្រូហោរ ឫគ្រូទាយទៅវិញ ។

តាមទ្រឹស្តីសេដ្ឋកិច្ចក្រមកពីយើងគ្មានផលិតភាពឫក៏គ្មានសកម្មភាព នៅក្នុងការស្វែងរកប្រាក់ចំណូល មិនមែនក្រមកពីព្រេងវាសនា​នោះឡើយ ។ នៅពេលដែលយើងក្រហើយយើងនៅតែបន្តផ្តេកផ្តួលហើយជឿជាក់តែនៅលើវាសនា តាមការអះអាងរបស់គ្រូហោរហើយមិនខំធ្វើការ ទោះជាត្រូវចាំដល់ពេលណាក៏មិនអាចរំដោះខ្លួនចេញពីភាពក្រីក្រនេះបានឡើយ​។

ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រគឺមានតែខំធ្វើការខំរកខំជំរុញផលិតភាពនិងលើកកំពស់ទិន្នផលការងាររបស់ខ្លួន​ពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យពីមួយខែទៅមួយខែ និង ពីមួយឆ្នាំទៅមួយឆ្នាំ​ នោះការខំរបស់យើងនឹងឃើញលទ្ធផល ប៉ុន្តែប្រសិនបើយើងជឿតាមទំនាយ​ហើយគិតតែពីដើររកគ្រូហោមិនគិតខំប្រឹងប្រែងធ្វើការ និងខំរកស៊ីទេនោះ គឺគ្មានឱកាសឡើយថានឹងអាចចាកចេញពីភាពក្រីក្រ ។

មនុស្សជាតិទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយគឺសូមកុំអស់សង្ឃឹម ហើយបោះបង់ការខំប្រឹង ។ ការខំប្រឹងជំនៈនិងខិតខំរកស៊ីទោះជារបរនោះរកបានចំណូលប៉ុណ្ណាក៏ដោយអោយតែយើងមានលទ្ធភាពរកបានច្រើនជាបន្តបន្ទាប់ នោះយើងនឹងអាចរំដោះខ្លនចេញពីភាពក្រីក្រនេះបានសម្រេចនៅពេលណាមួយមិនខាន​។​

យើងដឹងថា នៅពេលនេះលុយពិតជាពិបាករកតែចាយស្រួល ដូច្នេះការសន្សំសំចៃក៏ត្រូវតែរិះគិត និងប្រកាន់ខ្ជាប់ តែក៏ត្រូវតែរក្សាសុខភាពនិងយកចិត្តទុកដាក់លើការហូបចុកផងដែរ ហើយយកលុយដែលសន្សំបាននោះទៅវិនិយោគបន្តដើម្បីបង្កើនសាច់ប្រាក់ ទោះតិចឫច្រើនអោយតែអាចរកបានគឺចាត់ទុកថា​យើងមានចំណូលកើនហើយ ប៉ុន្តែប្រសិនបើយើងយកលុយសន្សំបានតិចតួចទៅចាយវាយនៅពេលសន្សំបានច្រើនអោយហ៊ឺហារតាមការលេងសំភារៈនិយម ដូចជាសម្លៀកបំពាក់ ទូរស័ព្ទ របស់ប្រើប្រាស់ យានយន្តវិញនោះ​គឺជាការខ្ជះខ្ជាយ ប៉ុន្តែនៅក្នុងករណីដែលយើងចាយលើសំភារនិយមទាំងនេះ ហើយវាហុចផលមកវិញនោះអាចចាត់ទុកថាជាការវិនិយោគ ។​

សរុបមកវិញសូមលើកកំពស់ការតស៊ូព្យាយាមអត់ធ្មត់និងខំប្រឹងបំពេញការងារ និង ការស្វែងរកចំណូល ។ សូមកុំខ្ជះខ្អាយពេលវេលាដែលអត់ប្រយោជន៍។ នៅថ្ងៃនេះយើងក្រប៉ុន្តែប្រសិនបើយើងខំ ៥ ឆ្នាំ​ ឬ១០ ឆ្នាំ ឬយូរជាង ឲ្យតែខំនិងតស៊ូអត់ធ្មត់យើងដាច់ខាតមិនស្ថិតនៅក្នុងស្ថានភាពនេះទៀតឡើយដូច្នេះសូមកុំបោះបង់សេចក្តីព្យាយាម​៕

 

 

Daily Program

Livesteam thumbnail