កុំព្យាយាមរត់តាមសម្ភារ គួរទុទុកលុយវិនិយោគវិញ
កុំបំផ្លាញសុខភាព កុំបំផ្លាញការអប់រំ កុំស្ទាក់ស្ទើរនៅក្នុងការវិនិយោគលើមុខរបរដែលត្រឹមត្រូវ ដោយសារតែចង់រក្សាសំភារៈនិយមដើម្បីតែភាពហ៊ឺហារ ហ៊ឹកហ៊ាក់ ឡូយឆាយ ខណៈដែលរបស់ទាំងអស់នោះគឺសុទ្ធតែជារបស់ក្រៅខ្លួន។
សព្វថ្ងៃនេះព្រោះតែចង់រក្សាមុខមាត់ និងកិត្តិយស ក៏ដូចជាកិត្យានុភាពមានពលរដ្ឋយើងជាច្រើនសុខចិត្តហូបរិៈហូបថាំ បំផ្លាញសុខភាព ដើម្បីធ្វើយ៉ាងណាសន្សែសន្សំលុយទុកទិញ គ្រឿងសំអាងយកមកសំអិតសំអាងខ្លួន ។ ខ្លះបង់រំលោះយកម៉ូតូ ហើយមានខ្លះយកដល់ទៅរថយន្ត ប៉ុន្តែខ្លួនឯងសម្ងំលួចតែរបស់ដែលថោក ហូសកាលកំណត់ និង អាហារដែលខ្វះជីវជាតិ។
អ្នកខ្លះទៀតក៏ព្រោះតែបញ្ហាដដែលនេះ សុខចិត្តយកលុយបំប៉នលើកត្តាសំភារៈ មានតាំងពីសម្លៀកបំពាក់ គ្រឿងអលង្ការប៉ុន្តែ លើការវិនិយោគគាំទ្រការសិក្សាអប់រំរបស់បុត្រធិតា មិនឡើយ ដោយសុខចិត្តទុកបណ្តោយឲ្យពួកគេសិក្សាតាមសម្មាអាជីវោរបស់ពូកគេ ។
មកដល់់ពេលនេះនរណាក៏ស្រលាញ់សម្រស់ សម្ផស្ស ភាពស្អាតបាត ភាពឡូយឆាយ ស៊ីវិល័យ របស់សំភារៈនិយម ដែរ ប៉ុន្តែនៅពេលដែលយើងមានធនធានមានមធ្យោបាយគ្រប់គ្រាន់គឺទិញប្រើ ទិញពាក់ ទិញជិះ ទៅចុះ ប៉ុន្តែនៅក្នុងករណីដែលយើងនៅមិនទាន់សំបូរបែបទេ ការដែលយើងយកលុយរបស់យើងទៅបំពាក់លើការចំណាចទាំងនេះ គឺជាការខ្ជះខ្ជាយបំផុត ។
វត្ថុទាំងនោះកាលណាកាន់តែចាស់កាន់តែអស់តម្លៃ ហើយខ្លួនយើងក៏ដូច្នេះដែរ កាលណាវ័យកាន់តែចាស់កាន់តែអស់សក្តានុពលនិងឧត្តមភាពខាងរកលុយ ក៏ធ្លាក់ចុះដែរ ប៉ុន្តែនៅពេលដែលយើងនៅក្មេងនៅមានកម្លាំង សន្សំសំចៃលើការការចំណាយក្រៅតម្រូវការចាំបាច់នោះ ហើយយកលុយទាំងនោះទៅវិនិយោគលើការសិក្សារបស់កូន លើមុខរបរ ផ្សេងៗវានឹងហុចផលនៅពេលដែលយើងទ្រោមកម្លាំង ។
ឧទាហរណ៍យើងមានលុយយកលុយទៅបង់រំលោះឡាន ៧ ទៅ៨ ឆ្នាំឡានចាស់អស់តម្លៃបាត់ ប៉ុន្តែបើយើងយកលុយទៅបង់រំលោះផ្ទះ ឬដី មិនត្រឹមតែបាននៅ បានជួល បានដាំដំណាំទេ ពេលលក់ទៅរិតតែចំណេញថែមទៀត ។ ហើយបើយកលុយទៅវិនិយោគលើការសិក្សាកូន កូនធំ កូនមានមុខរបរមានការងារល្អ ទោះបីជាពូកគេធំឡើងមិនដឹងគុណយើងក៏ពូកគេអាចចិញ្ចឹមខ្លួនពូកគេមិនបង្កអំពុលទុកដល់យើងពេលចាស់ជរាដែរ។
សរុបមកវិញការចំណាយលើសំភារៈ និងសម្រស់នេះប្រសិនបើកាត់បន្ថយគួរតែកាត់ ហើយយកលុយនិងធនធានដែលមានមកគិតមកគូលើការវិនិយោគនានាវិញប្រសើរជាង ដើម្បីជីវភាពនិងជីវិតរបស់យើងនៅពេលអនាគត៕