ការបង្ក្រាបឧក្រិដ្ឋអនឡាញ ជាជំហានសំខាន់សម្រាប់សេចក្តីទុកចិត្តអន្តរជាតិ
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថាកម្ពុជាបាននិរទេសជនបរទេសសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម អនឡាញជាង៣ម៉ឺននាក់ ហើយមានជនបរទេសជាង ២១ ម៉ឺន នាក់បានចាកចេញដោយស្ម័គ្រចិត្ត បង្ហាញឱ្យឃើញថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា កំពុងដំណើរការយ៉ាងខ្លាំងក្លា និងមានទំហំធំជាងពេលណាៗទាំងអស់។
ប្រតិបត្តការនេះវាជាសញ្ញាបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាដែលធ្លាប់ធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសរងការលាបពណ៌និងបំភ្លៃមួលបង្កាច់បន្ថែមពីសំណាក់មជ្ឈដ្ឋានមួយចំនួន ។
ឧក្រិដ្ឋកម្មនេះវាមាននៅក្នុងតំបន់ មិនមែនមានតែនៅកម្ពុជាមួយនោះទេ ប៉ុន្តែវាត្រូវបានរាយការណ៍លាបពណ៌ថា កម្ពុជាជាទីតាំងមួយដែលមានបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរមនុស្សពាក់ព័ន្ធការបង្ខំឱ្យធ្វើការបោកប្រាស់នេះសកម្មទៅវិញ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងអន្តរជាតិផងដែរ ដូច្នេះ ការចាត់វិធានការនាពេលនេះគឺជាជំហានសំខាន់មួយក្នុងការស្ដាររូបភាពប្រទេសឡើងវិញ។
ទោះយ៉ាងណា ការបង្ក្រាបប៉ុណ្ណោះមិនគ្រប់គ្រាន់ទេ កម្ពុជាត្រូវការយុទ្ធសាស្ត្រយូរអង្វែង ដូចជាការត្រួតពិនិត្យការងារជនបរទេសឱ្យបានតឹងរឹង ការគ្រប់គ្រងអាជីវកម្មអនឡាញឱ្យមានតម្លាភាព និងការបន្តសហការជាមួយប្រទេសដទៃ ដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ប្រសិនបើគ្មានការគ្រប់គ្រងជាប្រព័ន្ធ បណ្តាញបោកប្រាស់អាចនឹងលេចឡើងវិញបានយ៉ាងងាយ។
គោលដៅរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ គឺជាគោលដៅមហិច្ឆតាមួយ ដែលតម្រូវឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់កម្រិត និងការគាំទ្រពីសង្គមទាំងមូល។ ប្រសិនបើគោលដៅនេះសម្រេចបាន នោះវានឹងជាជ័យជម្នះសំខាន់មួយសម្រាប់សន្តិសុខជាតិ និងភាពជឿជាក់របស់អន្តរជាតិចំពោះកម្ពុជា។
សរុបមក ការបង្ក្រាបបោកប្រាស់អនឡាញមិនមែនគ្រាន់តែជាការអនុវត្តច្បាប់ទេ ប៉ុន្តែជាការពារកិត្តិយសជាតិ និងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ ការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តជាងមុននៅលើឆាកអន្តរជាតិ៕