កម្ពុជាកំពុងរៀបចំខ្លួនឆ្ពោះទៅរកព្រឹត្តិការណ៍អន្តរជាតិមួយថ្មីកាន់តែធំ
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗកន្លងមកនៅក្នុងរជ្ជៈកាល មេដឹកនាំថ្មីកម្ពុជាបានគ្រោងនឹងរៀបចំនូវព្រឹត្តិការណ៍នយោបាយនិងអន្តរជាតិមួយថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦។
ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២៣ នៅក្នុងរជ្ជកាលនៃមេដឹកនាំចាស់កម្ពុជាបាន សម្រេចជោគជ័យនូវការរៀបចំព្រឹត្តិការណ៍តំបន់និងអន្តរជាតិជាច្រើនដែលរួមមាន កិច្ចប្រជុំកំពូលអាស៊ាន៣ដង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបម្តង ហើយក្រៅពីនោះ គឺការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលបានទទួលជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។
ព្រឹត្តិការណ៍ដែលកម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៦ នៅក្រោមរជ្ជៈកាលនៃការដឹកនាំដោយ មេដឹកនាំបន្តវេន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ទំនងជានឹងបើកទ្វារធ្វើជាម្ចាស់ផ្ទះទទួលក្រុម ប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំកិច្ចប្រជុំកំពូលនៅក្នុងអំឡុងឆ្នាំ២០២៦ខាងមុខ ។
ព័ត៌មានទាំងនេះត្រូវបានបង្ហើបនៅក្នុងជំនួបរវាងព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីបារាំងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេល ព្រះអង្គបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។
នៅក្នុងជំនួបនោះ ប្រធានាធិបតីបារាំងបានអញ្ជើញព្រះករុណា យាងចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសនិយាយភាសារបារាំងដែលបារាំងគ្រោងនឹងរៀបចំនៅក្នុងឆ្នាំ២០២៤ ហើយ ក៏បាន បង្ហាញនៅបំណងគាំទ្រកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះនៃក្រុមប្រទេសនេះនៅក្នុងឆ្នាំ២០២៦ ខាងមុខ ។
មកដល់ពេលបច្ចុប្បន្ននេះគេដឹងថា ក្រុមប្រទេសនិយាយភាសាបារាំងនេះ គឺកំពុងតែស្ថិតនៅក្នុងអង្គការមួយ ដែលគេនិយាយស្គាល់ថា ហ្រ្វង់កូហ្វីនី។ អង្គការនេះមកដល់បច្ចុប្បន្ននេះមាន សមាជិកសរុប ៨៨ ប្រទេសឯណោះ ដោយនៅក្នុងនោះ គ្រាន់តែប្រទេសសមាជិកពេញសិទ្ធិ គឺមាន ៥៤ ប្រទេសដែលជាសមាជិកបម្រុងមាន៧ និង អ្នកសង្កេតការណ៍គឺ ២៧ ដូច្នេះ ប្រសិនបើកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះមែននោះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត នៅក្នុង ប្រវត្តិសាស្រ្ត ដែលកម្ពុជានឹងបើកទ្វារសម្រាប់កិច្ចប្រជុំកំពូលនេះ។
សរុបមកវិញនេះគឺជាផ្នែកមួយនៃនយោបាយការទូតនិងអន្តរជាតិរបស់កម្ពុជាដែលតែងតែប្រកាសថា កម្ពុជាតែងតែបើកទ្វារចំហរជានិច្ចដើម្បីទទួលមិត្ត ដោយមិនប្រកាន់ឫរើសអើង ទាំងអស់ ។ តាមរយៈគោលជំហររក្សាចាស់ពង្រឹងនិងពង្រីកថ្មី៕