សំពត់ហូលខ្មែរ កំពុងមានទីផ្សារចង្អៀត តែសិប្បករនៅតែតស៊ូ ដើម្បីរក្សាមរតកដូនតា​

ស្ត្រីជាអ្នកត្បាញហូល ផាមួងនៅកោះឧកញ៉ាតី

ស្ថិតនៅក្រោមផ្ទះ ក្នុងភូមិត្រពាំង​ស្តុក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក គង់ សុផល កំពុង​អង្គុយ​គោះ​កី​តម្បាញ​សំពត់​ហូល ដែល​មាន​គោ​ម​ក្បាច់​ផ្កាច​ម្រុះ។ ជា​គ្រូបង្រៀនក្នុង​វិទ្យាល័យ​មួយ​ក្នុឃុំ លោក គង់ សុផល ឆ្លៀត​ពេល​ទំនេរ​ពីការងារ​ជាគ្រូបង្រៀន ជួយ​ភរិយា​​ត្បាញហូល។

 

លោក គង់ សុផល និយាយថា សប្បាយ​រីករាយ​ក្នុង​ចិត្តដែរ​បន្ត​កេរ្តិ៍ម​រតក​ដូនតា​មួយនេះ ប៉ុន្តែ​លោកគ្រូ អក្សរ​សិល្បខ្មែរ ថ្នាក់​ទី៩រូបនេះ មិនសប្បាយ​ចិត្តនោះ​ទេ ដែល​សំពត់​សូត្រនេះ មាន​ទី​ផ្សារ​តូច​ចង្អៀត។

 

លោក គង់ សុផល «ដល់​ពេល​ដែល​​យើងធ្វើបានហើយ គ្មានទីផ្សារ ចឹងផលិតផលដែល​ខំរក្សា​កេរ្តិ៍ដូន​តា​មួយនេះ គ្មានន័យ តែ​យើងមិន​ដឹង​ថា​គួរ​តែ​ធ្វើអ្វីនោះ។ ផលិត​ផលយើង អ្នកប្រើ​ក្នុង​ស្រុក​មិន​ប្រើផង ​នាំចេញ​ក៏គ្មាន​ទៀត ដូច្នេះ​មិនដឹង​ថាធ្វើ​យ៉ាង​មិចដែរ គ្រាន់​តែ​ចេះ​តែ​ធ្វើ​ជាបន្ត​ទៀតទៅ គ្រាន់តែ​បាន​តិច​ឬច្រើន»

 

ចំណែក​បុរស ត្បាញហូល ម្នាក់ទៀតដែរស្ថិតនៅក្នុងភូមិនេះដែរ លោក ឈិន សារី និយាយថា តម្បាញជាការងារទំនេរពីស្រែចម្ការ។ លោក សារី ប្រហែលជាមនុស្សប្រុសតែម្នាក់គត់ដែរ នៅផ្ទះគោះកីត្បាញជាប្រចាំ ​ខណៈពេលដែរ ស្ត្រីៗនៅក្នុងគ្រួសាររបស់លោក សម្រេចចិត្តបោះបង់ចោល កីតម្បាញ និងប្រែ​ចិត្​ត​ទៅ​ធ្វើ​ការងារ​ក្នុង​រោងចក្រ ដោយ​សារ​តែ​ទីផ្សារ​ហូល តូចចង្អៀត និង​តម្លៃ​ទាបមិន​សម​នឹងកម្លាំង ពេល​វេលានៃការត្បាញ។

 

លោក ឈិន សារី និយាយថា សមាជិក​ក្នុងគ្រួសារ​របស់លោក ធ្វើការងារ​ក្នុង​រោងចក្រ​មិនសូវ ហត់ និង​ងាយ​ស្រួល​ទទួល​បាន​បា្រក់​កម្រៃ។ លោក​និយាយ​ទៀត​ថា យ៉ាង​ណាក៏ដោយ លោកនៅ​តែស្រលាញ់ ចាប់​អារម្មណ៍ និង​ចង់​រក្សា​មុខ​របរ ជាកេរ្តិ៍​មរតក​ដូនតា​មួយ​នេះ ឲ្យបាន​គង់វង្ស ដើម្បី​បន្ត​ឲ្យកូន​ចៅ​ជំនាន់​ក្រោយទៀត បន្ត​ទៀត ទោះ​បី​ជា​នៅ​ពេល​នេះ តម្លៃហូល​នៅ​ទីផ្សារ​ធ្លាក់ចុះ​ក៏ដោយ។

 

លោក ឈិន សារី «ឥលូវស្រីៗ​គេ​មិនសូវ នៅ​ត្បាញ​ទេ ព្រោះ​ថា​សំពត់​ឥលូវ ហូល​ពេលនេះ​ថោកពេក ប្រុសៗ​នេះ​នៅមើល​កូន​ចៅ​ខ្លះទៅ នៅត្បាញ​ខ្លះចឹងទៅ។ ម្នាក់ៗ​គិត​តែបោះចោល​ទៅ តើនៅ​ពេល​អនាគត​ទៅមុខ​ទៀតនោះ គ្មានអ្នក​ត្បាញ​ហូល ព្រោះ​នេះជាកេរ្តិ៍​មរតក​តាំង​ពីដើមមក?»

 

ពិតណាស់​ប្រជាព​លរដ្ឋ ដែរពេញកម្លាំង ក្នុងប្រទេសកម្ពុជា ដោយឡែកអ្នកភូមិត្រពាំងស្តុក បានចាកចេញស្ទើរតែស្ងាត់ភូមិទៅហើយ ទៅធ្វើការងារនៅតាមរោងចក្រ និងនៅក្រៅប្រទេស ដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារ។  ភូមិនេះ កាលពីដើម យើងធ្លាប់លឺស្នូរ គោះកីត្បាញ តែពេលនេះប្រែជាស្ងប់ស្ងាត់។

 

អ្នកស្រី ជា ស៊ីវអាន ប្រធានសហគមន៍ហូលផាមួងខ្មែរ ឃុំតាំងយ៉ាប ទទួលស្គាល់ថា ប្រជាពលរដ្ឋប្រហែល៧០%ដែរជាសមាជិករបស់សហគមន៍ បានបោះបង់ចោលមុខរបរត្បាញនេះ ដោយសារតែមុខរបរមួយនេះ គ្មានទីផ្សារទូលំទូលាយ និងកង្វះការគាំទ្រពីស្ថាប័នពាក់ព័ន្ធ។

 

ក្នុងឆ្នាំ ២០០៩ កាលពីពេលដែរបង្កើតសហគមន៍ដំបូង មានប្រជាជនក្នុងឃុំ ជាង១០០០គ្រួសារ បានចូលជាសមាជិកសហគមន៍។

 

អ្នកស្រី ជា ស៊ីវអាន «សមាជិករបស់សហគមន៍នេះបាត់បង់បន្តិចម្តងៗ នៅសល់តែ៣០%ទេ ដែលនៅធ្វើត្បាញហូលនេះ។ នៅសល់ទី១ដោយសារ គាត់​អាយុ​ច្រើន​មិន​អាច​ទៅ​ធ្វើ​ការងារ​ឆ្ងាយបាន ទៅធ្វើ​ការងារ​នៅ​ក្រៅប្រទេស ទៅធ្វើការ​ងារ​រោងចក្រ គាត់​នៅ​តែ​ព្យា​យាមធ្វើ​មុខ​របរគាត់​ពីមុនមក គាត់ចេះ​តែ​ធ្វើទៅ ទោះ​បី​ជា​​ចំណេញ​​តិច​ឬច្រើន គាត់​ចេះតែ​ធ្វើទៅ គាត់គ្មានមុខរបរធ្វើក្រៅពីនេះ បើសិនជាគាត់មានមុខរបរធ្វើក្រៅពីនេះ ប្រហែលជាគាត់ឈប់ធ្វើដែរ»

 

អ្នកស្រី ស៊ីវហ្គិច ជាសិប្បិនី ក្នុងភូមិនេះដែរ បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះតម្បាញហូល ជាការងារពិបាកណាស់។ កូនៗរបស់អ្នកស្រី មិនចូលចិត្តធ្វើការងារនេះទេ។

 

អ្នកស្រី​ ស៊ីវហ្គិច «កូនៗរបស់ខ្ញុំមិនទាន់ចេះត្បាញនោះទេ អាយុម្ភៃជាងហើយ ពួកវាមិនទាន់ចេះត្បាញនោះទេ កូនខ្ញុំមិនចង់ធ្វើនោះទេ ហើយខ្ញុំក៏អស់​សង្ឃឹមដែរ ខ្លាចវាបាត់ស្នាដៃខ្មែរ​យើងនេះដែរ បើសិនជាមានអង្គការណាមួយ លើកតម្កើង​តម្លៃហូល​ខ្មែរ​យើងនេះវិញ ប្រហែល​ជាក្មេងៗ​វា​ងាក​មក​ធ្វើ​ការងារ​ត្បាញ​ហូល​នេះ​វិញ។ មិន​ចង់​ឲ្យបាត់​កេរ្តិ៍​ដំណែល​ខ្មែរ​យើង»។

 

ប្រជាជន​នៅ​ក្នុងឃុំ​តាំងយ៉ាប​ គ្មាន​ចំការ​ដាំ​មន និង​ចិញ្ចឹម​ដង្កូវ​នាង​ទេ ដោយ​សារ​ខ្វះ​កំលាំង​ពលកម្ម ហើយ​ប្រជាជន​ភាគ​ច្រើន​គាត់​ធ្វើ​ស្រែ​តែ​ប៉ុណ្ណោះ។ និយាយពី​វត្ថុធាតុដើម​ អ្នកតម្បាញ​បាន​ឲ្យ​ដឹង​ថា​ ​សូត្រ​ឆៅ​ដែល​យក​មក​នោះ គឺ​នាំ​ចូល​ពី​ប្រទេស​ថៃ មួយ​គីឡូ​ថ្លៃ​២០​ដុល្លារ​អាមេរិក បើ​បូក​រួម​ទាំង​ល័ក្ស​ទៀត ថ្លៃ​ដើម​អាច​ចូល​ដល់​៣០​ដុល្លារ​ក៏​មាន។

 

លោក ស៊ីវ វុទ្ធី ប្រធានក្រុមប្រឹក្សាឃុំតាំងយ៉ាប បានឲ្យដឹងថា ការងារត្បាញរបស់អ្នកឃុំតាំងយ៉ាប មានសន្ទុះទីផ្សារខ្លាំង ក្នុងពេលឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៨ នឹងទទួលបានប្រាក់ចំណេញខ្ពស់ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែរវត្ថុធាតុដើម នាំចូលពីប្រទេសជិតខាងមានតម្លៃខ្ពស់ ប្រាក់​ចំណេញ​ពី​សិប្ប​កម្មហូល​កាន់​តែ​តិច​ទៅៗ សម្រាប់​ប្រជា​សិប្បករ។

 

លោក ស៊ីវ វុទ្ធី «កត្តាសំខាន់ទី១ ដោយសារតែវត្ថុធាតុដើមគឺយើងនាំចូល ទី២ផលិតផលសម្រេចរបស់យើង គឺមិនមែនអត់ទីផ្សារនោះទេ ប៉ុន្តែវាក្រទីផ្សារ ។ ក្រោយឆ្នាំ២០០៨ មកយើង​ហាក់​មាន​ការ​ប្រែប្រួល វាធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​យើង​ពិបាក​ក្នុង​ការ​ស្វែង​រកទីផ្សារ ហើយ​ទីផ្សារ​ដែរ​មាន​សព្វថ្ងៃនេះ គឺ​តាម​​រយៈ​​ទីផ្សា​រ​កំណត់​ឲ្យ មាន​​ន័យថា​បើគេ​ចង់​បាន​ក្បាច់អី ម៉ូតអី គេបញ្ជាទិញតាមឈ្មួញកណ្តាល»

 

អ្នក​ត្បាញ​ហូលភាគច្រើន បាននិយាយដូចគ្នាថា​តម្លៃហូល មិនអាចកំណត់បាននោះទេ គឺអាស្រ័យទៅតាមឈ្មួញកណ្តាល ត្រូវទៅតាមសំពត់ហូល ទឹកដៃត្បាញ នឹងគុណភាពនៃសំពត់ហូល។ អ្នកត្បាញបានបញ្ជាក់ថា តម្លៃហូលជាមធ្យម ចាប់ពី២៤០០០០រៀល ដល់ ៤០០០០០រៀល ឬឡើងដល់ ៨០០០០០រៀល ក្នុង​មួយ​ក្បិន។ រី​ឯត​ម្បាញ​​ក្នុង​​មួយ​​ក្បិន​​ត្រូវ​ការ​ពេល​យ៉ាង​តិច​ណាស់​១០​ថ្ងៃ។

 

កញ្ញា ជុច គឹមលី អ្នកត្បាញហូល «សូមកុំគិតថាតម្លៃនេះថ្លៃអី ព្រោះថាទំរាំតែត្បាញបាននូវហូល ១ក្បិនៗប្រើពេលយូរ ហើយនឹងលំបាកណាស់ មើលតាំងពីបាមោក និយាយរួមច្រើនដំណាក់កាលណាស់ ទំរាំនឹង​បាន​វា​លំបាក​នឹងធ្វើ តម្លៃហូល​ប៉ុណ្ណេះ​វាមិន​ថ្លៃ​នោះទេ សូម​ឲ្យ​ប្រជាជន​ខ្មែរ​យើង គាំ​ទ្រ​ផលិត​ផល​ខ្មែរ​យើង​ផង​»

Daily Program

Livesteam thumbnail