គ្រីស្តបរិស័ទធ្វើពិធីអ្វីខ្លះនៅសៅរ៍ពិសិដ្ឋ និងរាត្រីបុណ្យចម្លង
ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីនៃបុណ្យចម្លង): ព្រះយេស៊ូត្រូវបញ្ចុះក្នុងរូងថ្ម។
• ថ្ងៃនេះ ព្រះសហគមន៍ អត់មានពិធីពិសេស ក្រៅពីការរំលឹកការសោយទិវង្គតរបស់ព្រះយេស៊ូគ្រីស្ត និងការបញ្ចុះព្រះអង្គក្នុងរូងថ្ម។ អត់មានអភិបូជាអរព្រះគុណទេ។
• យើងអាចតមសាច់តមអាហារ បានតាមចិត្តសទ្ធា ដើម្បីត្រៀមចិត្តសម្រាប់បុណ្យចម្លង តាមការណែនាំរបស់ព្រះសហគមន៍។
• ថ្ងៃសៅរ៍ពិសិដ្ឋឬ ហៅ ថា “រាត្រីបុណ្យចម្លង” ដែលមាន ៤ ភាគ ចែកជាដំណាក់ដូចតទៅ៖
១. ភាគទីមួយ៖ ពិធីគោរពព្រះគ្រីស្តជាពន្លឺ(បំភ្លឺពិភពលោក)
មានប្រទានពរលើភ្លើង រៀបចំទៀនជ័យនៃបុណ្យចម្លង និង មានប្រកាសបុណ្យចម្លងយ៉ាងឱឡារិក។ បង្ហាញអត្ថន័យថា ព្រះគ្រីស្តជាពន្លឺ ដែលបណ្ដេញសេចក្តីងងឹតនិងសេចក្តីស្លាប់។
២. ភាគទីពីរ៖ ពិធីលើកតម្កើងព្រះបន្ទូល
គឺជាពិធីរំឭកដល់បេសកកម្មនៃការសង្គ្រោះមនុស្សជាតិក្នុងប្រវត្តិសាស្ត្រ ហើយបេសកកម្មនៃសេចក្តីស្រឡាញ់នោះ បានជោគជ័យ តាមរយៈការសោយទិវង្គតនិងរស់ឡើងវិញរបស់ ព្រះយេស៊ូ។
៣. ភាគទីបី៖ ពិធីគោរពព្រះគ្រីស្តជាប្រភពនៃជីវិត
មានប្រទានពរលើកទឹក ពិធីជ្រមុជទឹក និងរំឭកអគ្គសញ្ញាជ្រមុជទឹក មានអត្ថន័យថា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ចាប់ផ្តើមពីអគ្គសញ្ញាជ្រមុជទឹក។
៤. ភាគទីបួន៖ ពិធីអរព្រះគុណព្រះជាម្ចាស់(ព្រះគ្រីស្តប្រទានព្រះកាយនិងព្រះលោហិត)
បង្ហាញអត្ថន័យថា ជីវិតថ្មីដែលព្រះគ្រីស្តប្រទាននោះ មានទិសដៅទៅភាពពេញលក្ខណៈ តាមរយៈការភ្ជាប់ជាធ្លុងតែមួយជាមួយព្រះអង្គក្នុងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត។ ហើយយើង ចូលរួមជីវិតថ្មីរួមជាមួយព្រះគ្រីស្តតាមរយៈព្រះកាយនិងព្រះលោកហិតរបស់ព្រះអង្គ។
និមិត្តរូបនិងអត្ថន័យនៃគ្រឿងសក្ការនីមួយៗ៖
1) ភាគទីមួយ៖ ពិធីគោរពព្រះគ្រីស្តជាពន្លឺ(បំភ្លឺពិភពលោក)
• ពិធីប្រទានពរលើភ្លើង៖ ទៀនជ័យកំពុងឆេះ ជានិមិត្តរូបព្រះយេស៊ូគ្រីស្ត ជាពន្លឺសម្រាប់ជីវិតថ្មី ដែលយើងបានទទួលពីព្រះគ្រីស្ត។ យប់នេះ សព្វសារពើទាំងអស់នឹងត្រូវស្តារឡើងវិញ។
• លើទៀនមានអក្សរក្រិក ២ គឺ អាលហ្វា(អក្សរទីមួយ) និង អូមេហ្គ្កា(អក្សរចុងក្រោយ) មានន័យថា ព្រះយេស៊ូជាដើមនិងចុងនៃសព្វសារពើទាំងអស់។ រីឯលេខឆ្នាំ បង្ហាញថា ព្រះគ្រីស្ត ជាម្ចាស់លើពេលវេលាទាំងអស់។
• គ្រាប់កំញាញទាំង ៥ ដោតជារូបឈើឆ្កាង រំឭកយើង ស្នាមរបួសទាំង ៥ លើព្រះកាយព្រះអង្គ។
• ក្បួនដង្ហែ មានទៀនបុណ្យចម្លងនាំមុខ មានន័យថា ព្រះគ្រីស្ត នាំពន្លឺទៅកាន់ពិភពលោក “អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ ជីវិត”។(យហ ៨,១២) ឬ យើងនឹកឃើញព្រះអម្ចាស់នាំជនជាតិអ៊ីស្រាអែល ទៅកាន់សេរីភាព និងជីវិតថ្មីដោយសសរភ្លើងយ៉ាងណា(យោង សរ ១៣,២១) គ្រីស្តបរិស័ទដែលជាជនជាតិ អ៊ីស្រាអែលថ្មី នឹងដើរតាមព្រះគ្រីស្ត ទៅកាន់ជីវិតថ្មីដូចគ្នាយ៉ាងនោះដែរ។
• លោកបូជាចារ្យ ច្រៀងថា “ព្រះពន្លឺព្រះគ្រីស្ត” ៣ ដង។ លោកច្រៀងបណ្តើរដើរបណ្តើរ រហូតដល់មាត់ទ្វារព្រះវិហារហើយគ្រីស្តបរិស័ទឆ្លើយអរព្រះគុណ។ បន្ទាប់មក ម្នាក់ៗចម្លងពន្លឺពីទៀនបុណ្យចម្លង ហើយបន្តទៅឱ្យគ្នា មានន័យថា យើងម្នាក់ៗទទួលព្រះពន្លឺពីព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ។
• ការប្រកាសបុណ្យចម្លងយ៉ាងឱឡារិក គឺជាការសរុបអត្ថន័យនៃការប្រារព្ធបុណ្យចម្លងយ៉ាងច្បាស់លាស់។
2) ភាគទីពីរ៖ ពិធីលើកតម្កើងព្រះបន្ទូល
• អត្ថបទមាន ៧ អត្ថបទពីសម្ពន្ធមេត្រីចាស់ និង ២ អត្ថបទ ពីសម្ពន្ធមេត្រីថ្មី។
• ប្រសិនមានមូលហេតុគួរសម របៀបពិធីបុណ្យឲ្យជ្រើសរើសពីសម្ពន្ធមេត្រីចាស់ យ៉ាងតិច៣ អត្ថបទ ប៉ុន្តែ អត្ថបទត្រូវតែមានគឺ កណ្ឌគម្ពីរទៅកាន់សេរីភាព។
• ក្រោយអត្ថបទនិងទំនុកតម្កើង មានពាក្យអធិដ្ឋាន ដែលជួយឲ្យយើងយល់អត្ថន័យរបស់ អត្ថបទ ហើយធ្វើឲ្យអត្ថបទក្នុងអតីតកាល ជាបច្ចុប្បន្នកាល តាមរយៈពាក្យអធិដ្ឋាន។
• ក្រោយអានអត្ថបទពីសម្ពន្ធមេត្រីចាស់ចុងក្រោយ និងពាក្យអធិដ្ឋានចប់ហើយ មានការច្រៀង “ធម៌លើកតម្កើងសិរីរុងរឿង” នៅពេលនេះ មានការវាយជួង និងអុជទៀនលើអាសនៈ។
• ពាក្យអធិដ្ឋានរបស់បូជាចារ្យអធិបតី អង្វរឲ្យការរស់ឡើងវិញរបស់ព្រះបុត្រា ធ្វើឲ្យព្រះសហគមន៍ ស្មោះត្រង់ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ។
• អត្ថបទពីសម្ពន្ធមេត្រីថ្មី ចាប់ផ្តើមពី លិខិតរបស់សន្តប៉ូលជូនគ្រីស្តបរិស័ទក្រុងរ៉ូម ដែលរៀបរាប់ថា គ្រីស្តបរិស័ទដែលជ្រមុជទឹក បានចូលរួមការសោយទិវង្គត និង ការរស់ឡើងវិញរបស់ព្រះយេស៊ូ ដូច្នេះ “ខ្លួនស្លាប់រួចពីអំណាចបាប ហើយបងប្អូនមានជីវិតសម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយ ព្រះគ្រីស្តយេស៊ូ”(រម ៦,១១)។
• ព្រះបន្ទូលដំណឹងល្អ ជារឿងរ៉ាវ របស់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ មានព្រះជន្មថ្មីដ៏រុងរឿង ឆ្នាំ ក អានពីគម្ពីរម៉ាថាយ ឆ្នាំ ខ អានពីគម្ពីរម៉ាកុស និង ឆ្នាំ គ អានពី គម្ពីរលូកា។
3) ភាគទីបី៖ ពិធីគោរពព្រះគ្រីស្តជាប្រភពនៃជីវិត
• តាមរយៈអគ្គសញ្ញាជ្រមុជទឹក យើងទទួលជីវិតថ្មី ដែលជាលទ្ធផលពីការសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។
• ទឹកព្រះពរ ចាត់ទុកថាជា “អនុអគ្គសញ្ញា” មិនមែនមានឫទ្ធិដោយខ្លួនឯង ប៉ុន្តែជាទឹក ដែលជួយ រំលឹកអគ្គសញ្ញាជ្រមុជទឹក ដែលធ្វើឲ្យយើងរួចផុតពីបាប ដោយសារព្រះគ្រីស្ត។
• ភាគនេះ បញ្ចប់ដោយ “ការរំឭកពាក្យសន្យានៃអគ្គសញ្ញាជ្រមុជទឹក” ថា នឹងបោះបង់ចោលមារ និង ប្រកាសជំនឿ ដែលសហគមន៍ទាំងអស់ត្រូវតែធ្វើ ដែលជាការសរុបដំណើរក្នុងរដូវ សែសិបថ្ងៃកន្លងមក។
4) ភាគទីបួន៖ ពិធីអរព្រះគុណព្រះជាម្ចាស់(ព្រះគ្រីស្តប្រទានព្រះកាយនិងព្រះលោហិត)
• ភាគនេះ បញ្ជាក់ភាពជាធ្លុងតែមួយជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ ហើយចាត់ទុកថា ជាចំណុចកំពូលនៃពិធីបុណ្យថ្ងៃនេះ។
(Credit Fr.Somkiet Trinikon, Vicar General of Bangkok Archdiocese,
Translated by: Fr. Roeung Chatsirey)