INTERPOL បង្កើតកម្លាំងភារកិច្ចពិសេស ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកជាសកល
អង្គការប៉ូលិសអន្តរជាតិ អ៊ីនធើប៉ូល (INTERPOL) បានប្រកាសបង្កើតកម្លាំងភារកិច្ចពិសេស (Task Force) លើកដំបូងរបស់ខ្លួន ដែលឧទ្ទិសដល់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក ខណៈដែលកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពសកម្មខ្លាំងឡើង ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើនឡើងនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា លោក Nicholas Court នាយកនៃនាយកដ្ឋានសម្របសម្រួលកម្លាំងភារកិច្ចរបស់អង្គការ INTERPOL បានកោតសរសើរចំពោះប្រទេសកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោកបានគូសបញ្ជាក់ពីវិធានការនាពេលថ្មីៗនេះរបស់កម្ពុជា រួមទាំងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ កាលពីដើមឆ្នាំនេះ ដែលផ្តល់អំណាចបន្ថែមដល់អាជ្ញាធរអនុវត្តច្បាប់ក្នុងការដោះស្រាយបទល្មើសនេះ។ លោកក៏បានកត់សម្គាល់ផងដែរអំពីការគាំទ្ររបស់កម្ពុជាលើ «ការអំពាវនាវឱ្យមានសកម្មភាព» (Call to Action) ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីបទល្មើសឆបោកជាសកល រួមគ្នារវាង INTERPOL និង UNODC នៅទីក្រុងវីយែន កាលពីខែមីនា ឆ្នាំ២០២៦។
លោក Court បានពិពណ៌នាថា បទល្មើសឆបោកគឺជាការគំរាមកំហែងផ្នែកឧក្រិដ្ឋកម្មដ៏ធំធេងបំផុតនៅលើពិភពលោក ដែលប៉ះពាល់ដល់អាជីវកម្ម និងបុគ្គល ខណៈដែលមនុស្សមួយចំនួនខ្លួនឯងផ្ទាល់ គឺជាជនរងគ្រោះនៃការជួញដូរ និងការកេងប្រវ័ញ្ចនៅក្នុងប្រតិបត្តិការឆបោកទាំងនោះ។
លោកបានសង្កត់ធ្ងន់ថា បទល្មើសឆបោកមិនមែនត្រឹមតែជាឧក្រិដ្ឋកម្មដែលវាស់វែងដោយការខាតបង់ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាឧក្រិដ្ឋកម្មលើមនុស្សលោក ដែលបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរ រួមមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ការបាត់បង់ចំណូលពន្ធ ការបិទទ្វារអាជីវកម្ម និងការខូចខាតរាងកាយដល់ជនរងគ្រោះ។ លោកបានបន្តថា ក្នុងករណីធ្ងន់ធ្ងរបំផុត ផលវិបាកអាចរាប់បញ្ចូលទាំងការធ្វើអត្តឃាតផងដែរ។
ដើម្បីពង្រឹងការឆ្លើយតបជាអន្តរជាតិ អង្គការ INTERPOL បានផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការដល់ប្រទេសជាសមាជិកតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ។ បើតាមការបញ្ជាក់របស់លោក Court ក្រោម «ប្រតិបត្តិការ Haechi» បណ្តាប្រទេសចូលរួមបានស្តារសាច់ប្រាក់ឡើងវិញចំនួន ៣៤០លានដុល្លារ និងបិទខ្ទប់គណនីធនាគារចំនួន ៦៨.០០០ គណនី ខណៈដែល «ប្រតិបត្តិការ First Light» ឈានទៅដល់ការចាប់ខ្លួនមនុស្សបាន ៥.៨០០នាក់ និងស្តារថវិកាបានចំនួន ៣០០លានដុល្លារបន្ថែមទៀត។
លោកបានប្រកាសថា អង្គការ INTERPOL ពេលនេះកំពុងចាប់ផ្តើមបង្កើតកម្លាំងភារកិច្ចឈ្មោះ "Shadow Storm" ដែលជាកម្លាំងភារកិច្ចដំបូងបង្អស់របស់ខ្លួន ដែលតម្រង់ទិសដៅជាពិសេសលើបទល្មើសឆបោក។ គំនិតផ្តួចផ្តើមនេះ នឹងនាំយកអ្នកស៊ើបអង្កេតមកពីបណ្តាប្រទេសជាសមាជិកដែលចូលរួម រួមទាំងកម្ពុជា ឱ្យមកធ្វើការរួមគ្នានៅការិយាល័យ INTERPOL ក្នុងប្រទេសសិង្ហបុរី ដើម្បីទទួលបាន និងវាយតម្លៃព័ត៌មានប៊ុករកឆែកឆេរ/ព័ត៌មានការទូតដែលអាចយកទៅអនុវត្តបាន។
លោក Court មានប្រសាសន៍ថា កម្លាំងភារកិច្ចនេះនឹងជួយឱ្យបណ្តាប្រទេសចូលរួម អាចបំប្លែងព័ត៌មានប៊ុករកឆែកឆេរទៅជាសកម្មភាពប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋជនបច្ចេកវិទ្យា ដោយមានគោលដៅបង្កើនការចាប់ខ្លួន បិទមជ្ឈមណ្ឌលឆបោក និងការពារជនរងគ្រោះឱ្យបានកាន់តែច្រើន។
លោកបានថ្លែងថា ការគំរាមកំហែងដែលបង្កឡើងដោយបទល្មើសឆបោកកំពុងកើនឡើង ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ឆន្ទៈរបស់ INTERPOL និងប្រទេសជាសមាជិកក្នុងការឆ្លើយតបក៏កំពុងកើនឡើងដូចគ្នា។ លោកបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា បណ្តាប្រទេសនានាមានសមត្ថភាពក្នុងការទប់ស្កាត់លំហូរនៃបទល្មើសឆបោក និងការពារពលរដ្ឋរបស់ខ្លួនបានកាន់តែល្អប្រសើរ។
លោក Court បានសម្តែងការស្វាគមន៍ចំពោះ «សេចក្តីប្រកាសរាជធានីភ្នំពេញ» ជាពិសេសការទទួលស្គាល់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោក ហើយលោកបានបញ្ជាក់ជាថ្មីនូវការរៀបចំខ្លួនជាស្រេចរបស់ INTERPOL ក្នុងការផ្តល់ជូននូវឧបករណ៍ និងសមត្ថភាពប្រតិបត្តិការរបស់ខ្លួនដល់បណ្តាប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ដើម្បីជួយបំប្លែងការប្តេជ្ញាចិត្តរបស់ពួកគេឱ្យទៅជាលទ្ធផលជាក់ស្តែង។
