អ្នកចិត្តវិទ្យាកាតូលិកនៅបង់ក្លាដែស ជំរុញឱ្យមានការយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍

អ្នកចិត្តវិទ្យានៃព្រះសហគមន៍កាតូលិកនៅប្រទេសបង់ក្លាដែស បាននិងកំពុងជំរុញឱ្យពលរដ្ឋបង់ក្លាដែស និងគ្រិស្តបរិស័ទ យល់ដឹងកាន់តែច្បាស់អំពីសុខភាពផ្លូវចិត្ត ព្រមទាំងទទួលបានការថែទាំទាន់ពេលវេលា។

ក្នុងឱកាសដែលប្រទេសបង់ក្លាដែសប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក នៅថ្ងៃទី១០ ខែតុលា អ្នកចិត្តវិទ្យាកាតូលិកម្នាក់បានជំរុញឱ្យក្រុមគ្រួសារ ព្រះវិហារ និងស្ថាប័នរដ្ឋាភិបាល ពង្រឹងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងលទ្ធភាពទទួលបានការថែទាំពីអ្នកជំនាញ។

លោកស្រី ឌីភីកា ហ្គោម៉េស (Dipika Gomes) ជាអ្នកផ្តល់សេវាប្រឹក្សាយោបល់ ទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងដោយផ្ទាល់ តាមរយៈវេទិកា «ព្យាបាលដោយបេះដូង» បានលើកឡើងថា ការរើសអើងនិងមាក់ងាយក្នុងសង្គម ការយល់ដឹងនៅមានកម្រិត និងសេវាថែទាំមិនទាន់គ្រប់គ្រាន់ គឺជាឧបសគ្គរារាំងមនុស្សជាច្រើន មិនឱ្យស្វែងរកជំនួយសម្រាប់បញ្ហាផ្លូវចិត្ត និងអារម្មណ៍។

ប្រធានបទនៃទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំនេះ គឺ «ការស្តាប់បទពិសោធន៍ជាក់ស្តែង៖ សំឡេងពិត ការផ្លាស់ប្តូរពិត» ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តាប់ និងយល់ចិត្តមនុស្សដែលកំពុងរស់នៅជាមួយបញ្ហាសុខភាពផ្លូវចិត្ត។

ការស្ទង់មតិជាតិស្តីពីសុខភាពផ្លូវចិត្តរបស់ប្រទេសបង់ក្លាដែស ឆ្នាំ២០១៨-២០១៩ ដែលត្រូវបានចេញផ្សាយនៅឆ្នាំ២០២១ បានរកឃើញថា មនុស្សពេញវ័យចំនួន ១៨,៧ ភាគរយ បានជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ដោយក្នុងនោះស្ត្រីមានអត្រាខ្ពស់ជាងបុរស គឺ ២១,៥ ភាគរយ ធៀបនឹងបុរសដែលមានត្រឹម ១៥,៧ ភាគរយ។

ការស្ទង់មតិនេះក៏បានរកឃើញនូវគម្លាតដ៏ធំមួយក្នុងការទទួលបានការព្យាបាលផងដែរ ដោយមនុស្សពេញវ័យចំនួន ៩២,៣ ភាគរយ និងកុមារព្រមទាំងយុវវ័យចំនួន ៩៤,៣ ភាគរយ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត មិនបានទទួលការថែទាំពីអ្នកជំនាញឡើយ។

បច្ចុប្បន្ននេះ បញ្ហាសុខភាពផ្លូវចិត្តបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ ហើយនៅក្នុងប្រទេសនេះ ក៏មានពលរដ្ឋជាច្រើនប្រឈមមុខនឹងការធ្វើអត្តឃាតផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ហ្គោម៉េស បានអះអាងថា មនុស្សភាគច្រើនដែលលោកស្រីបានជួប គឺទទួលរងនូវរបួសផ្លូវចិត្តធ្ងន់ធ្ងរ។ លោកស្រីបានបន្ថែមថា ការមាក់ងាយពីសង្គម គឺជាឧបសគ្គចម្បងមួយក្នុងការទទួលបានការព្យាបាល។ ខណៈដែលមនុស្សទូទៅងាយនឹងស្វែងរកការព្យាបាលជំងឺលើរាងកាយ មនុស្សជាច្រើនបែរជាស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តទៅវិញ។

លោកស្រីបានបញ្ជាក់ថា ការអន្តរាគមន៍ទាន់ពេលវេលា អាចជួយដោះស្រាយបញ្ហាបាន មុនពេលដែលបញ្ហាទាំងនោះវិវត្តកាន់តែធ្ងន់ធ្ងរ។ អតិថិជនរបស់លោកស្រីរួមមាន សិស្សានុសិស្សដែលមានបញ្ហាក្នុងការផ្ចង់អារម្មណ៍ បុគ្គលិកដែលជួបប្រទះភាពតានតឹងនៅកន្លែងធ្វើការ និងបុគ្គលដែលជួបប្រទះវិបត្តិថប់បារម្ភរ៉ាំរ៉ៃ។

Daily Program

Livesteam thumbnail
khmer popup image