ស៊ីម៉ាក់៖ការប្រកាស«ខេត្តអស់មីន»សំដៅលើគ្រាប់មីនប្រឆាំងមនុស្ស

ការប្រកាសថា ភូមិ ឃុំ ស្រុក ខេត្តអស់មីន គឺសំដៅលើការអស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ (anti personnel landmines)។ ខណៈគ្រាប់មីនតោន គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ គ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ។ ការលើកឡើងរបស់អង្គភាពស៊ីម៉ាក់បែបនេះ បន្ទាប់ពីមានករណីបុរសម្នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនតោន នៅខេត្តត្បូងឃ្មុំ ខណៈខេត្តមួយនេះបានប្រកាសថាជាខេត្តអស់មីន។

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិត្រពាំងរំសែង ឃុំត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឱ្យបុរស អាយុ៦៦ឆ្នាំម្នាក់ បានស្លាប់ដោយខ្ទេចសាកសពទាំងស្រុង។ គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបង្កឡើងនៅពេលជនរងគ្រោះជីករណ្តៅបោះបង្គោលរបងព្រំដីចម្ការរបស់គេ។ តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានរកឃើញថាគ្រាប់មីនតោននេះ ជាប្រភេទគ្រាប់មីនប្រឆាំងយានយន្តប្រភេទT46 ដែលជាសំណល់ពីសង្គ្រាម។ បន្ថែមពីនេះទៀត តំបន់នេះជាផ្លូវចាស់និងជាខ្សែកប់គ្រាប់មីននិងគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះផងដែរ។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សាធារណៈជន ប្រជាពលដ្ឋ និងមន្ត្រីរាជការ នៅក្នុងខេត្តត្បូងឃ្មុំ មានជជែកដេញដោលនិងវាយប្រហារថា ការប្រកាសខេត្តត្បូងឃ្មុំថាជា«ខេត្តអស់មីន» ហេតុអ្វីបានជាគ្រាប់មីននៅតែមាន និងសម្លាប់ប្រជាជនទៀត?

តាមការបង្ហោះសារនៅលើហ្វេកប៊ុក កាលពីម្សិលមិញ អង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ការប្រកាសថា ភូមិ ឃុំ ស្រុក ខេត្តអស់មីន គឺសំដៅអស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ (anti personnel landmines) ស្ថិតក្រោមអនុសញ្ញាមីនអន្តរជាតិអូតាវ៉ានិងនៅតាមគ្រប់ទីតាំងភូមិសាស្ត្រដែលបានដឹងដោយមានកំណត់ត្រាក្នុងទិន្នន័យជាតិតែប៉ុណ្ណោះ។ ដូច្នេះ គ្រាប់មីនតោន គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ គ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ ហើយសូម្បីតែគ្រាប់មីនប្រឆាំងមនុស្សដែលស្ថិតនៅរ៉ាយប៉ាយដោយគ្មានព័ត៌មាននិងកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យជាតិនោះក៏គ្មានក្នុងយុទ្ធសាស្ត្រប្រកាសអស់មីននេះដែរ៕

Daily Program

Livesteam thumbnail