សាលារៀនកាតូលិកមួយកំពុងរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចជាស្នូលនៃការអប់រំ
សាលារៀនកាតូលិកមួយនៅប្រទេសហ្វីលីពីន កំពុងតែចូលរួមថែរក្សាអត្តសញ្ញាណកុមារជនជាតិដើមភាគតិច ម៉ាងយ៉ាន (Mangyan) ដែលជាសហគមន៍ជនជាតិដើមភាគតិច រស់នៅលើតំបន់ភ្នំ ស្ថិតនៅភាគខាងត្បូងខេត្ត អូរៀនថល មីនដូរ៉ូ (Oriental Mindoro)។
សាលានោះមានឈ្មោះថា «មជ្ឈមណ្ឌលអប់រំម៉ាងយ៉ាន» ដែលបានខិតខំតស៊ូផ្តល់ការអប់រំដល់កុមារជនជាតិម៉ាងយ៉ាន ខណៈដែលពីមុន ពួកគេធ្លាប់ត្រូវចំណាយពេលធ្វើដំណើរទៅមកដោយថ្មើរជើងរហូតដល់ទៅ ៥ ម៉ោង ដើម្បីទៅរៀន។
ក្រោយពេលបង្កើតឡើង មជ្ឈមណ្ឌលនេះបានក្លាយជាគ្រឹះស្ថានសិក្សាជាប្រវត្តិសាស្ត្រមួយ និងជាផ្នែកមួយនៃបេសកកម្មដែលផ្តួចផ្តើមឡើងដោយអ្នកផ្សព្វផ្សាយដំណឹងល្អនៃព្រះសហគមន៍កាតូលិក ហើយនៅតែបន្តដំណើរការរហូតមកដល់សព្វថ្ងៃ ក្រោមការគ្រប់គ្រងរបស់ព្រះសហគមន៍កាតូលិកភូមិភាគ កាឡាបាន (Calapan)។
មជ្ឈមណ្ឌលនេះឆ្លុះបញ្ចាំងឱ្យឃើញពីរបៀបដែលបេសកកម្មអប់រំរបស់ព្រះសហគមន៍កាតូលិក ចូលទៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដើម្បីបង្កើតឱកាសសម្រាប់យុវជន ដោយនៅតែបន្តផ្តល់សិទ្ធិសេរីភាព ការគោរព និងការពង្រឹងអត្តសញ្ញាណវប្បធម៌របស់ពួកគេ។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយលោកបូជាចារ្យ អេវ៉ាល់ ឌីនធើរ (Ewald Dinter) នៅពេលដែលការអប់រំកម្រិតមធ្យមសិក្សានាពេលនោះ គឺជាឧបសគ្គដ៏ធំមួយសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ សម្រាប់ក្រុមគ្រួសារដែលរស់នៅក្នុងសហគមន៍តំបន់ភ្នំដាច់ស្រយាល ចម្ងាយផ្លូវ ភាពក្រីក្រ និងកង្វះខាតសាលាមធ្យមសិក្សានៅក្បែរនោះ តែងតែជារបាំងរារាំងកុមារមិនឱ្យបន្តការសិក្សាបាន។
រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនជនជាតិដើមភាគតិចរាប់រយនាក់ឱ្យបញ្ចប់ការសិក្សា ដោយពួកគេបានក្លាយជាអ្នកជំនាញ អ្នកអប់រំ និងបុគ្គលិកសហគមន៍ ហើយអ្នកខ្លះថែមទាំងបានវិលត្រឡប់មកបម្រើសហគមន៍របស់ខ្លួនវិញទៀតផង។
ក្នុងចំណោមនោះ ក៏មានលោកបូជាចារ្យ ហ្គាបាយណូ កាលីណក អយបាដ (Gabayno Calinog Oybad) ដែលជាកូនចៅជនជាតិដើមភាគតិចនៅទីនោះ និងជាបូជាចារ្យជនជាតិដើមភាគតិចដំបូងគេបង្អស់របស់សាលា ហើយបច្ចុប្បន្ន លោកកំពុងបម្រើការជានាយកសាលាផ្ទាល់តែម្តង។
