សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់​ ​ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងអង្គការសង់ត្រាល់

សហភាព ពលកម្មជាតិ កម្ពុជា (NLC) បានស្នើឱ្យស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការសង់ត្រាល់ និងអង្កេតទៅលើជំនួយផ្សេងៗ ដែលអង្គ ការនេះ​បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំ។

ការស្នើនេះធ្វើឡើងតាម​រយៈសេចក្តីថ្លែងការណ៍​របស់​សហភាពពលកម្មជាតិ កម្ពុជា (NLC) ជូនបណ្តាញអ្នកបញ្ជាទិញ ​ចំពោះរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ ដែលចុះហត្ថលេខាដោយលោក សំ សឿន ប្រធាន​សហភាពពលកម្មជាតិ កម្ពុជា (NLC) ចុះថ្ងៃទី​២៤ ខែមិថុនានេះ។

សហភាព ពលកម្មជាតិ កម្ពុជា (NLC) គឺជាអង្គការវិជ្ជាជីវៈ មួយដែលបម្រើផលប្រយោជន៍ និងការ​ពារ សិទ្ធិសេរីភាពជូន​កម្មករនិយោជិតទាំងអស់ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ផលិត​ស្បែ​ក​ជើង កាបូប សណ្ឋាគារ ទេសចរណ៍ សំណង់ស៊ីវិល ផ្សារឯកជន និងកសិកម្ម ព្រមទាំងបងប្អូន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។

លោក សំ សឿន បាន​លើកឡើងក្នុង​សេចក្តីប្រកាសថា ៖ « សហភាព ពលកម្មជាតិ កម្ពុជា (NLC) គឺពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍អង្គការ សង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ដែលមានចំណងជើងថា របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា ដែលមានចំនួន១២ទំព័រ»។​

សហភាព ពលកម្មជាតិ កម្ពុជា (NLC) បានសង្កេតឃើញថា បច្ចុប្បន្នការចុះបញ្ជីការ សហភាព សហព័ន្ធ សហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហ ជីពតម្រូវឱ្យបានត្រឹមត្រូវ។

«​ហេតុនេះសូមអង្គការសង់ត្រាល់ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ​​»។

លោក សំ សឿន ថាអង្គការ សង់ត្រាល់ ធ្វើបែប នេះគឺផ្ទុយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​ដែលបាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើនដើម្បីនាំមកនូវការងារធ្វើជា ច្រើនជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័​យអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូរុងរឿង។​

ជាមួយគ្នានេះដែរ សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ បាន​ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាព​របស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» និងដាក់សេចក្តីថ្លែងការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាពផ្សេងៗទៀតមួយចំនួនទៀត។ ​

ការប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាពេលធ្វើសន្និសីទសារព័ត៌នៅស្នាក់ការសហភាពពលកម្មជាតិកម្ពុជា នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីការចេញសេចក្តីថ្លែងការណ៍ ជូនអ្នកបញ្ជាទិញកុំឱ្យជឿលើរបាយការណ៍ «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។  ​​​

លោកសំ សឿន ថា មិនមែនទាល់តែទទួលជំនួយពីបរទេសមកជេរ មកបង្អាប់បង្អោនប្រទេសជាតិខ្លួនឯង បំផ្លាញអត្ថប្រយោជន៍ស្របច្បាប់ របស់កម្មករខ្លួនឯងទើបហៅថា សហជីពឯករាជ្យនោះទេ ហើយក៏មិនមែនសហជីពដែលទទួលជំនួយពីសង់ត្រាល់ ទើបហៅថាសហជីពឯករាជ្យនោះដែរ សំខាន់គ្រប់គ្នាត្រូវអនុវត្តតាមច្បាប់។   

លោកបញ្ជាក់ថា ៖ «អ៊ីចឹងពាក្យ ដែលសង់ត្រាល់កំពុងប្រើភ្ជាប់ជាមួយសហជីពឯករាជ្យ និងសហជីពពណ៌លឿងនេះ គឺបានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអនុវត្តសិទ្ធិសេរីភាព របស់សហជីពទាំងអស់ ដែលធ្វើការយ៉ាងសកម្មបម្រើ និងការពារសិទ្ធ និងអត្ថប្រយោជន៍ កម្មករនិយោជិត»។ ​

សហភាពពលកម្មជាតិកម្ពុជា បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ ចាត់វិធានការតាម ផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គការ សង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបញ្ហា បំប៉ោងការពិត ញុះញុង បំផ្លិចបំផ្លា​ញសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំអោយខាតប្រ​យោ​ជន៍ កម្មករនិយោជិត និងសង្គមជាតិទាំងមូល។

សូមរម្លឹកថា មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«សង់ត្រាល់»​ បាន​ចេញ​របាយ​ការណ៍​កាលពីថ្ងៃទី​៤ ខែមិថុនា ​ស្តីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បង្ហាញ​ថា​ សហជីព​ឯករា​ជ្យ​កម្ពុជា​នៅ​តែ​ប្រឈម​ឧបសគ្គ​រារាំង។​

របាយការណ៍បន្តថា ពួកគេ​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ​របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​ដាក់​បន្ទុក​មក​លើ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

យោងតាម​ការថ្លែងឡើង​របស់​លោក ​ប៉ែន បូណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ទៅកាន់​វិទ្យុ​វីអូអេ ​ថា ​សហជីព​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ណាស់​ រហូត​ដល់​ជាង​៦​ពាន់​អង្គភាព​ ដែល​បង្ហាញ​ពី​ការ​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​របស់​សហជីព។​​

លោក​​​សហជីព​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​រហូត​ដល់​ជាង ​៦.៣០០​ សហជីព​...​គ្រប់​បែប​យ៉ាង​ទាំង​អស់​ជាង​ ៦ ​ពាន់​ដែល​ធ្វើ​សកម្ម​ភាព​នៅ​កម្ពុជា។​ ចុះ​សហជីព​ច្រើន​ម្លឹងៗ​ត្រង់​ណា​ដែល​និយាយ​ថា​ កម្ពុជា​អត់​មាន​សិទ្ធិ​សេរីភាព​របស់​សហជីព។ ​

«សព្វ​ថ្ងៃ​នេះ​ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សហជីព​ទាំង​អស់​ហ្នឹង​គាត់​ដើរ​ជាន់​ជើង​គ្នា​ ហើយ​ឈ្លោះ​គ្នា​ បែរ​ជា​មក​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​ទៅ​វិញ។​ នេះ​ជា​បញ្ហា។​ អង្គការ​សង់ត្រាល់​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​សហជីព»។​​ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៉ែន បូណា៕​

Daily Program

Livesteam thumbnail