សន្តអសនៈស្នើប្រទេសអ្នកមាន ជួយប្រទេសកោះតូចៗបន្ធូបន្ថយបំណុល
បណ្តាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនគួរតែអាចជួយរដ្ឋកំពុងអភិវឌ្ឍន៍ជាកោះតូចៗតាមរយៈការបន្ធូរបន្ថយបំណុលផ្សេងៗ នេះបើតាមការលើកឡើងដោយលោកអគ្គអភិបាល ហ្គាព្រីអែល កាសៀ (Gabriele Caccia ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈ ប្រចាំអង្គការសហប្រជាជាតិ។
លោកអគ្គអភិបាលបានជំរុញសហគមន៍អន្តរជាតិឱ្យជួយរដ្ឋកំពុងអភិវឌ្ឍន៍ជាកោះតូច តាមរយៈកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដែលអាចរួមបញ្ចូលការបន្ធូរបន្ថយបំណុល និងការលុបចោលបំណុល និងដើម្បីជួយគ្រប់ប្រទេសឲ្យសម្រេចបានតាមផែនការទាំងអស់គ្នា។
លោកអគ្គអភិបាលបានថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសតូចៗទាំងនោះ ពិសេសតាមរយៈសកម្មភាពជាក់ស្តែង និងការពង្រឹងកិច្ចសហប្រតិបត្តិការ" ។
លោកបានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" ថា វឌ្ឍនភាពដែលទាមទារដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវបានរារាំងដោយបញ្ហាប្រឈមរបស់បណ្តាប្រទេសនានាក្នុងស្ថានភាពពិសេស ដូចជា "ការជំពាក់បំណុលគេ ការរំពឹងទុកកំណើនយឺត អសន្តិសុខស្បៀងជាប់រហូត និងកង្វះអាហារូបត្ថម្ភ ភាពងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ និងធម្មជាតិ។
លោកបានបន្តថា ដើម្បីប្រយុទ្ធប្រឆាំងនឹងនិន្នាការដ៏គួរឱ្យរំខាននេះ ការប្តេជ្ញាចិត្តដើម្បីផ្តល់អាទិភាពសម្រាប់ប្រទេសដែលពិបាកបំផុតមុនគេ ដូចអ្វីដែល សម្តេចប៉ាប បានមានបន្ទូលថា«យើងគួរតែជួយគ្នា នៅពេលដែលយើងខិតខំកសាងអនាគតរួមគ្នា ហើយយើងជាអ្នកទទួលខុសត្រូវចំពោះភាពផុយស្រួយរបស់អ្នកដទៃ»។