លោកអភិបាល​ភូមិភាគភ្នំពេញ ជំរុញ​ឲ្យ​អាណាព្យាបាល​កុមារ​យកចិត្ត​ទុកដាក់​កូន​

កាលពីថ្ងៃទី​១៩ ខែធ្នូ លោកអភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ ជា​អធិបតី​ក្នុង​ពិធី​បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្រាប់សាលាមត្តេយ្យ​ចំនួន​២​ នៅឃុំគូស​ ស្រុកត្រាំកក់​ ខេត្តតាកែវ ដែលកម្មវិធីនេះ ធ្វើ​នៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​នៃមណ្ឌលសកម្មភាពតាកែវ។

មាន​មតិសំណេះសំណាល ទៅកាន់​អង្គពិធីដែលមាន​គ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សប្រមាណជា២០០នាក់ លោកអភិបាលអូលីវីយ៉ ជ្មីតហស្លេមានប្រសាសន៍ថាលោក​សូម​អរគុណដល់លោកគ្រូអ្នកគ្រូដែលដឹកនាំសាលាមត្តេយ្យរបស់យើង រីកចម្រើន​ទៅ​មុខ ដោយ​មាន២០ទៅ៣០នាក់​​ក្នុង​​ឆ្នាំ២០០២ ហើយពេលនេះ​មានកូនសិស្សឡើងដល់១៨០នាក់សម្រាប់សាលា​ទាំង២។

លោកអភិបាលក៏បានរំឮកដល់មាតាបិតា និងអាណាព្យាបាលសិស្សជួយ​​តាមដាន​កូនៗ​របស់​ខ្លួន​ពេល​ត្រឡប់ទៅ​ផ្ទះ​វិញ ​ត្រូវ​​​​​យកចិត្តទុកដាក់សួរនាំ​និងរំឭកមេរៀន កុំបណ្ដោយកូនៗមើលទូរស័ព្ទខ្ជះខ្ជាយពេល​វេលា​​​ ទុកឱ្យកូនៗរីកចម្រើនក្នុងការសិក្សា ក្នុងទំនាក់ទំនង​នៅក្នុងជីវិតប្រចាំ​ថ្ងៃ។ លោក​អភិបាល​បញ្ជាក់ថា​ នេះជា​អ្វីសំខាន់ណាស់សម្រាប់ឪពុកម្ដាយ ដើម្បីឱ្យកូនៗមានអនាគតដ៏ភ្លឺស្វាង។

ជាមួយគ្នានេះដែរ អ្នកគ្រូតំណាងសាលាមត្តេយ្យទាំងពីរកន្លែងឡើងធ្វើរបាយការណ៍​សង្ខេប​សម្រាប់​​ឆ្នាំសិក្សាថ្មី២០២៣-២០២៤ នឹងមានការសម្ដែងរឿង របាំ នឹងចម្រៀង​កាយវិការ​ដោយកូនសិស្សមត្តេយ្យផងដែរ។

អ្នកគ្រូ រុន ចិន្ដា​ តំណាងសាលាមត្តេយ្យចំការទៀងបានឱ្យដឹង​ថា សម្រាប់​ឆ្នាំសិក្សា​ថ្មី២០២៣-២០២៤នេះ សិស្សសរុបមានចំនួន៨៥នាក់ ស្រី៤៩នាក់ ដោយក្នុងនោះមាន​កុមារអាយុ៣ឆ្នាំមានចំនួន២០នាក់ស្រី១១នាក់ អាយុ៤ឆ្នាំមាន​ចំនួន​៣០នាក់ ស្រី១៦​នាក់ អាយុឆ្នាំមានចំនួន​៣៥នាក់ ស្រី២២នាក់ និងមានអ្នកគ្រូ​ចំនួន​៣នាក់។

អ្នកគ្រូបន្តថា សម្រាប់សាលាមត្តេយ្យទាំងពីរកន្លែងដែលមាន​សន្តីតេរេសានៃព្រះកុមារ​យេស៊ូ​ និងសាលា​មេត្តេយ្យ​ភូមិសុខសាន្ត​ បង្រៀនកូនសិស្សតាមកម្មវិធី ម៉ុងតេសូរី ដោយបែងចែកកុមារជា៣និងមធ្យមផ្ដោតសំខាន់ទៅលើការប្រើចលនាដៃ ការប្រើសម្ភារ​ដោយ​ប្រើវិញ្ញាណទាំង៥និងការងារប្រចាំថ្ងៃ និងក្នុងនោះ​កុមារ​នឹង​ចេះ​​​សំណេរ និងគណិតវិទ្យា​ដោយប្រើរូបភាព។

មុន​បញ្ចប់​កម្មវិធី​ លោកអភិបាល អូលីវីយ៉េ បានចែកអំណោយ​ដល់​​កូនសិស្ស​ ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត្រ៕

 

ដោយ​ចាន់ ម៉ានុត

Daily Program

Livesteam thumbnail