លោកបូជាចារ្យហ្រ្វង់ស័រ៖ សូមបន្តមានចិត្តស្រឡាញ់ កុំរើសអើង កុំមានការស្អប់ ព្រោះតែគេមានលក្ខណៈផ្សេងពីយើង
សាលាអប់រំពិសេសនៃការលូតលាស់ បានប្រារព្ធទិវាអូទីសឹមពិភពលោក ២ មេសា លើកទី១១ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោលបូជាចារ្យ មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកគ្រូអ្នកគ្រូ មន្រ្តីអាជ្ញាធរ អង្គការការីតាស់ អាណាព្យាបាល និងតំណាងស្ថាប័ន ជាច្រើនរូប។
នាពិធីនោះ លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានថ្លែងឱ្យដឹងថា មកដល់ឆ្នាំ២០២៤នេះ សាលាមានសិស្សសរុបចំនួន ៣០០ នាក់ ក្នុងនោះមានសិស្សស្រីចំនួន៤៨នាក់ និងបុគ្គលិកចំនួន១០០នាក់។
លោកស្រីបានមានប្រសាសន៍ថា ៖ «សាលាយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីគាំទ្រ លើកស្ទួយ និងជួយឱ្យគុណភាពនៃជីវិតរបស់សិស្សដែលមានអូទីសឹមត្រឡប់មកវិញ និងអាចរស់នៅដោយខ្លួនឯងបាន ដោយក្នុងនោះបានបង្កើតកម្មវិធីសិក្សាបន្ថែមថ្មី២ទៀត គឺថ្នាក់សិល្បៈរបាំ និងកាហ្វេ»។
លោកស្រីនាយិកាដដែលបានបន្តថា ការចូលរួមរបស់អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់គឺជាការគាំទ្រ លើកទឹកចិត្តដល់ក្មេងៗដែលមានអូទីសឹម មិនឱ្យអស់សង្ឃឹម ប៉ុន្តែទាំងអស់គ្នាត្រូវកាន់ដៃ និងធ្វើដំណើររួមជាមួយគ្នា។
ការបង្កើតសាលាអប់រំពិសេសនៃការលូតលាស់ នេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីជួយដល់កុមារកុមារី ដើម្បីមានឱកាសចូលរួមក្នុងសង្គមដូចគេឡើងវិញ ដូចកុមារទូទៅផងដែរ។ នេះបើតាមការលើកឡើងរបស់លោក សួស សារិន ចៅសង្កាត់បឹងទំពុនទី១។
លោកបានថ្លែងថា៖ «នៅទីនេះ លោកគ្រូអ្នកគ្រូបានយកចិត្តទុកដាក់ខ្លាំងក្នុងការបង្ហាត់បង្រៀនដល់កុមារដែលមានតម្រូវការពិសេសនេះ ឱ្យមានការលូតលាស់ ទាំងផ្នែកបញ្ញា ស្មារតី ពីខ្សោយមកមធ្យម ពីមធ្យមមកល្អ»។
លោក សួស សារិន សង្ឃឹមថាទៅថ្ងៃអនាគត ក្មួយៗទាំងអស់នេះ មានសំណាង និងមានឱកាសដូចគេផងដែរ។
ឆ្លៀតឱកាសនោះដែរ លោកក៏បានរំលេចពីការបង្កើតសាលាពីដំបូង ដែលមានសិស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ តែរហូតដល់បច្ចុប្បន្ននេះសាលាមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់មានសិស្សរាប់រយនាក់។
ចំណែក លោកស្រី កែវ រ៉ាវី អនុប្រធាននាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការយកចិត្តទុកដាក់ និងការថែទាំរបស់ឪពុកម្តាយពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយកូនៗឱ្យមានភាពប្រសើរឡើង ទោះបីបបញ្ហាអូទឹសឹមនេះមិនមានថ្នាំព្យាបាលក៏ដោយ។
លោកស្រីបញ្ជាក់ថា ៖ «សូមឪពុកម្តាយដែលមានកូនអូទឹសឹម កុំអស់សង្ឃឹម កុំអន់ចិត្ត ហើយបន្តថែរក្សាពួកគាត់បន្តទៀត ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមិនបោះបង់ពួកគាត់ចោលនោះទេ។ លោកស្រីក៏បានលើកទឹកចិត្តឱ្យឪពុកម្តាយ ដែលមានកូនមានអូទឹសឹម សូមយកកូនទៅចុះឈ្មោះកំណត់អត្តសញ្ញាកម្មនៅតាមភូមិឃុំ»។
លោកបូជាចារ្យហ្រ្វង់ស័រ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិក ព្រះកុមារយេស៊ូបឹងទំពុន បានថ្លែងក្នុងពិធីនោះថា ៖ «មាតាបិតា លោកគ្រូអ្នកគ្រូ ពិតជាមានការតស៊ូ និងស្រឡាញ់ជាខ្លាំងចំពោះកូនៗ។ សូមបន្តមានចិត្តស្រឡាញ់ កុំរើសអើង កុំឱ្យមានការស្អប់ ព្រោះតែគេមានលក្ខណៈផ្សេងពីយើង»។
លោកបូជាចារ្យ បានបន្ថែមទៀតថា ពេលមានកូនដែលមានអូទីសឹម ពិតជាមានការពិបាក តែនេះក៏ជាឱកាសដើម្បីបង្ហាញសេចក្តីស្រឡាញ់ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះបងប្អូនតូចតាច ដែលគ្មានទីពឹងផងដែរ។
លោកលោកបូជាចារ្យហ្រ្វង់ស័រ បានលើកទឹកចិត្តឪពុកម្តាយ ឱ្យមានចិត្តតស៊ូ ចិត្តក្លាហាន មានសេចក្តីសង្ឃឹមជានិច្ច និងមានចិត្តស្រឡាញ់កូនៗ។
លោកស្រី ចន សុគន្ធាវី តំណាងអាណាព្យាបាលម្នាក់ បានបង្ហាញចំណាប់អារម្មណ៍របស់គាត់ថា ការមានកូនដែលមានបញ្ហាអូទីសឹមពិតជាមានផលពិបាកទាំងក្នុងការថែទាំ ទាំងការរកសាលាឱ្យកូនរៀន ទាំងការចូលរួមក្នុងសង្គម។
លោកស្រីបានបន្តថា ១១ឆ្នាំដែល មានកូនដែលមានអូទីសឹមនេះ លោកស្រីបានទទួលការរើសអើងមួយចំនួននៅក្នុងសង្គមចំពោះកូន តែដោយសារការផ្តល់កម្លាំងចិត្តរបស់អាណាព្យាបាលដូចគ្នា រួមជាមួយលោកគ្រូអ្នកគ្រូ ជួយជំរុញឱ្យលោកស្រីមានចិត្តក្លាហានក្នុងការនាំកូនចូលទៅក្នុងសង្គម ដើម្បីឱ្យគេទទួលស្គាល់ថា កូនអូទីសឹមមិនឯកកោ ហើយគាត់មានសិទ្ធិចូលរួមក្នុងគ្រប់លក្ខណៈទាំងអស់នៅក្នុងសង្គម។
ក្នុងទិវាអូទីសឹមពិភពលោក ២ មេសានោះដែរ ក៏មានការសម្តែងរបាំ រាំ ច្រៀង និងសកម្មភាពនានារបស់កុមារដែលមានអូទឹសឹមផងដែរ ដែលបានធ្វើឱ្យអាណាព្យាបាល និងអ្នកចូលទាំងអស់មានក្តីរំភើបជាខ្លាំង ដោយបានឃើញការសម្តែងរបស់ពួកគេ ដែលនេះបង្ហាញថាពួកគេពិតជាបានរីកចម្រើន។
សួមរម្លឹកផងដែរថា ការប្រារព្ធទិវាអូទីសឹមពិភពលោក ២ មេសានេះ មិនមែនធ្វើតែក្នុងប្រទេសកម្ពុជានោះទេ តែជាការប្រារព្ធរួមគ្នាក្នុងពិភពលោក ដែលនេះជាឱកាសដើម្បីបង្ហាញឱ្យបានកាន់តែទូលំទូលាយពីបញ្ហារបស់កុមារដែលមានតម្រូវការពិសេស ដូចជា កុមារអូទីសឹមផងដែរ។
ទាំងនេះ ក៏បង្ហាញផងដែរថា កុមារអូទីសឹមមិនមែនជាក្មេងដែលនៅក្រៅសង្គម និងឯកោឡើយ កុមារអូទីសឹមអាចចូលរួមក្នុងសង្គមមានគ្រប់សកម្មភាព ហើយទិវានេះ ក៏ជាសារមួយដើម្បីលុបបំបាត់ការរើសអើងលើកុមារដែលមានអូទឹសឹមផងដែរ៕