យូនីសេហ្វ ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថល ​ដើម្បីការពារកុមារ និង​ក្មេងវ័យជំទង់ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ​តាមអនឡាញ

យូនីសេហ្វ​ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាកា​រ​ឌីជីថល​ប្រកបដោយភាពច្នៃប្រឌិតមួយ ដើម្បីទប់ស្កាត់ និងការពារក្មេងវ័យជំទង់កម្ពុជាពី​ជនរំលោភបំពានផ្លូវភេទតាមអនឡាញ។

យោងតាមរបាយការណ៍មួយនៅឆ្នាំ២០២២ ដែលមានចំណងជើងថា ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូ ដែលរួមទាំងយូនីសេហ្វ ១១ ភាគរយនៃកុមារដែលប្រើអ៊ីនធឺណិត អាយុពី ១២ ទៅ ១៧ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិតកាលពីមួយឆ្នាំមុន។

នេះមានន័យថា កុមារប្រមាណ ១៦០.០០០ នាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសក​ម្មភា​ពផ្លូវភេទ មានការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈ​ម​មុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត។

របាយការណ៍នេះបានបង្ហាញពីការពិតដ៏គួរឱ្យរន្ធត់ផ្សេងទៀតផងដែរ។ កុមារចំនួន ១៦ ភាគរយ បានទទួលសារយោបល់ទាក់ទងផ្លូវភេទ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល ហើយជិតមួយភាគបីនៃកុមារទាំងនេះ បាននិយាយថា បញ្ហានេះកើតឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

កុមារក្នុងចំនួនភាគរយដូចគ្នានេះដែរ ត្រូវបានគេផ្ញើរូបភាពផ្លូវភេទមកពួកគេ ដែលពួកគេមិនចង់ឃើញ ដោយក្នុងនោះ ពួកគេទទួលបានរូបភាពទាំងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងប្រភពផ្សេងទៀតដល់ទៅជាងមួយភាគបី ។ ៩ ភាគរយនៃកុមារទាំងនេះ ទទួលរងសម្ពាធឱ្យចែករំលែករូបភាពផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្មេងប្រុស​គឺជា​គោលដៅ​ច្រើន​ជាង​ក្មេង​ស្រី ចំពោះ​សំណើសុំដែលមានលក្ខណៈ​បំពាន ការ​គំរាម​កំហែង និង​ការគំរាមទារប្រាក់​តាម​ប្រព័ន្ធអនឡាញ។

ស្ថិតិទាំងនេះ បង្ហាញពី ស្ថានភាពដែលគួរឱ្យភ្ញាក់ផ្អើលអំពីគ្រោះថ្នាក់ដែលកុមារនៅក្នុងប្រទេសកម្ពុជា ប្រឈមមុខនៅក្នុងពិភពឌីជីថល។

លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីជំរុញការផ្លា​ស់ប្តូរប្រកបដោយប្រសិទ្ធភាព យើងត្រូវតែដោះស្រាយបញ្ហានេះដោយធ្វើការផ្សព្វផ្សាយព័ត៌​មាន និងប្រកបដោយសមានចិត្ត»។

លោកបានបន្តថា ៖ «តាមរយៈការចែករំលែកព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គ​ម ដែលយុវជនកំពុងតែប្រើប្រាស់យ៉ាងសកម្មរួចទៅហើយនោះ យើងអាចផ្តល់អំណាច និងការ​ពា​រពួកគេពីគ្រោះថ្នាក់បាន»។

យុទ្ធនាការនេះ រួមមានវីដេអូពណ៌នាសាច់រឿងចំនួនបួនជាបន្តបន្ទាប់ ដែលវីដេអូនីមួយៗមានរយៈពេលរហូតដល់ ១ នាទី និង៣០ វិនាទី ដែលបង្ហាញអំពីក្មេងជំទង់ពីរនាក់ ដោះស្រាយការកា​រគំរាមបែបផ្លូវភេទផ្លូវភេទតាមអនឡាញ ដោយមានជំនួយពីរូបតំណាងរបស់ពួកគេ ដែលតំ​ណាងឱ្យចិត្ត និងបេះដូង។

​លោក វីល ផាកស៍ បានបន្ថែមទៀតថា មាតិកាឌីជីថល និងយុទ្ធនាការផ្សព្វផ្សាយរួមគ្នា អាចជួយកសាងកម្ពុជាឱ្យកាន់តែមានសុវត្ថិភាពបន្ថែមទៀតសម្រាប់កុមារ និងក្មេងវ័យជំទង់ ដោយកា​ត់បន្ថយនូវហានិភ័យនៃការកេងប្រវ័ញ្ចចំពោះពួកគេ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យូនីសេហ្វ ក្នុងការកសាងពិភពឌីជីថលមួយ ដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០២៣ យូនីសេហ្វ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា បានអនុវត្តយុ​ទ្ធនា​ការ ដែលមានឈ្មោះថា «តោះ ឆាតលេង» អំពីការលួងលោមតាមអនឡាញ ដែលបានផ្សា​យទៅដល់ប្រជាជនចំនួន ២លាននាក់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ យុទ្ធនាការនេះមានគោ​លបំ​ណងកាត់បន្ថយឧប្បត្តិហេតុនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ ក្នុងចំណោមកុមារដែលប្រើអ៊ីនធឺណិត តាមរយៈការអនុវត្តដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល «លួងលោម» កុមារលើអនឡាញ។ ប្រភេទនៃមាតិកាឌីជី​ថលទាំងនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរនៅក្នុងវប្បធម៌ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោ​យជួយឲ្យក្មេងវ័យជំទង់យល់ដឹង និងមានមធ្យោបាយដែលពួកគេត្រូវការ ដើម្បីកាត់បន្ថយហានិភ័យលើប្រព័ន្ធអ៊ីនធឺណិត៕

 

Daily Program

Livesteam thumbnail