មន្រ្តី៖ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព

រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។

នេះជាការលើកឡើង​របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមរយៈសារលិខិតអបអរសាទរ​ «ទិវាសប្តាហ៍នកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤»​។

លោកបាន​លើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ​ជូនពរយ៉ាងកក់ក្តចំពោះ ប្រជាជ​ននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិកា​រ មេគង្គ-ឡានឆាង និងទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។

ការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងអំពី បំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងប្រាំមួយ ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួម គ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក។

លោកបាន​បញ្ជាក់ថា ៖ «រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា»។

លោក សុខ ចិន្តាសោភា បានបន្តថា ៖ «យន្តការនេះ ក៏បាន ជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាមរយៈការអនុវត្តប្រកបដោ​យជោ​គជ័យនៃផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្ដល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង»។

ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា អស្ថិរភាព និងភាពស្មុគស្មាញ យ៉ាងណាក្តី ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការ អភិវឌ្ឍជាក់ស្ដែង។

សារលិខិតដដែល​បន្តថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅតែជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មី លើវិស័យអភិវឌ្ឍន៍ជនបទ ការកាត់ប​ន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូនផ្លូវអាកាស សុខាភិបាល អប់រំ ទេសចរណ៍ វ​ប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តបម្រើជាមធ្យោបាយវិជ្ជ​មា​នជាមួយនឹងយន្តការអនុតំបន់មេគង្គ ដទៃទៀត ក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាមួ​យ ​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ក៏ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI), គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើម ផ្នែកសន្តិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងគំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតសកល របស់ចិន។

យន្តការទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវ កំណើនប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយជំរុញឆ្ពោះទៅមុខនូវសមាហរណកម្ម អនុតំបន់ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

លោក សុខ ចិន្តាសោភាថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តគាំទ្រដល់សហគមន៍ នៃអនាគតរួមគ្នា នាំមកនូវវិបុលភាពសម្រាប់ប្រជាជនគ្រប់រូប ដែលជាការអភិវឌ្ឍដ៏ជោគជ័យសម្រាប់តំបន់ មេគង្គ-ឡានឆាង»៕

 

Daily Program

Livesteam thumbnail