ភូមិភាគកំពង់ចាមរម្លឹកមរណភាព១០០ថ្ងៃរបស់លោកហ្រ្វង់ស្វ័រ ប៉ុងសូដ៍ 

កម្មវិធីរម្លឹកវិញ្ញាណក្ខន្ធលោកបូជាចារ្យហ្រ្វង់ស្វ័រ ប៉ុងសូដ៍ អតីតបូជាចារ្យទទួលខុសត្រូវ ព្រះសហគមន៍នេះ និងជាអ្នកនិពន្ធសៀវភៅកម្ពុជាឆ្នាំសូន្យ នៅព្រះសហគមន៍កាតូលិកចម្លាក់ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ 

អភិបូជាប្រារព្ធឡើងដោយ លោកហ្វ្រង់ស័រ  អេមេល្សដាល ជប្រធានក្រុមគ្រួសារសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)  ក្រោមអធិបតីភាពរបស់លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមនិងបូជាចារ្យជាច្រើនអង្គ ដែលមានគ្រីស្តបរិស័ទចូលរួមប្រមាណជិត៣០០នាក់។ 

ក្នុងធម្មទេសនាលោកបូជាចារ្យ ហ្វ្រង់ស័រ មានប្រសាសន៍ថា លោកប៉ុងសូដ៍ តែងតែរិះរកវិធីដើម្បីធ្វើយ៉ាងប្រកាសដំណឹងល្អដល់បងប្អូនខ្មែរតាមរយៈអរិយធម៌និងប្រពៃណីរបស់ប្រជាជន។ លោកបន្ថែមថា សាសនទូតទាំងអស់ត្រូវផ្លាស់ប្ដូរសម្របខ្លួនឱ្យចូលក្នុងវប្បធម៌ ក្នុងជីវិតរបស់ប្រជាជន។ 

លោកប៉ុងសូដ៍ មានស្នាដៃជាច្រើនសម្រាប់ព្រះសហគមន៍ជាពិសេសសៀវភៅអប់រំជំនឿ។ លោកជាមនុស្សមានគរុកោសល្យ។ លោកបន្ថែមថា «គាត់មានរបៀបបង្រៀនដែលគួរអោយចាប់អារម្មណ៍មែនទែន ចំពោះខ្ញុំគាត់ជាគំរូ ធ្វើយ៉ាងណាអោយគេទទួលយកបាន» 

លោកប្រធានរូបនេះ បន្តទៀតថា លោកជំរុញឱ្យយើងជាគ្រីស្តបរិស័ទស្រឡាញ់ពុទ្ធបរិស័ទពីព្រោះយើងនៅក្នុងប្រទេសមួយដែលមានពុទ្ធបរិស័ទ៩៥% ដូច្នេះទោះបីយើងមានសាសនាផ្សេងពីគ្នា មកពីប្រទេសផ្សេងៗ មានលក្ខណៈចរិកផ្សេងពីគ្នា «អ្វីដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឱ្យយើងស្រឡាញ់គ្នា ទុកគ្នាដូចបងប្អូន និងជាបុត្រធីតារបស់ព្រះជាម្ចាស់»។ 

លោកហ្វ្រង់ស័រ បញ្ជាក់ថា ចំណុចមួយទៀត គឺ «លោកជួយគេដើម្បីគេ...ឱ្យយើងជួយអភិវឌ្ឍសង្គម អោយមានយុត្តិធម៌ក្នុងសង្គម ឱ្យមានសន្តិភាព» ដើម្បីបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់។ 

លោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ជា​សាសនទូត​ក្រៅប្រទេស​នាទីក្រុង​ប៉ារី​ស​ប្រទេស​បារាំង​ (MEP) ដែល​បាន​បម្រើ​ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា​អស់​រយៈពេល​​៥៦ឆ្នាំ​ បាន​ទទួល​មរណភាព​កាលពីថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​ល័រីស (Louris) ដែល​ជា​ផ្ទះ​ចូលនិវត្តន៍​របស់​ក្រុម​សាសនទូត​ MEP ជាកន្លែង​ដែល​លោក​រស់នៅ​ចាប់​តាំង​ពី​ឆ្នាំ​២០២១​ ក្រោយ​ពី​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ។ 

លោកអ៊ិត ហៃ អាយុ៥៦ឆ្នាំ ជាគណៈកម្មការនៅព្រះសហគមន៍ចម្លាក់ និងជាបុគ្គលធ្លាប់ធ្វើការនិងទទួលអប់រំជំនឿជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដ៍ អស់ជាង២០ឆ្នាំមកហើយ អោយដឹងថា នៅភូមិចម្លាក់នេះ  លោកបូជាចារ្យ បានជីកអណ្ដូង ជីកប្រឡាយសម្រាប់អ្នកក្រីក្រ ធ្វើឡជីវឧស្ម័ន ធ្វើផ្ទះឱ្យអ្នកក្រីក្រក្នុងភូមិ និង មានកិច្ចការជាច្រើនទៀត។ 

លោកហៃបន្ថែមថា លោកបូជាចារ្យស្រឡាញ់ការអប់រំ លោកបានបង្កើតសាលាមត្តេយ្យសម្រាប់កុមារតូចៗ។ 

គ្រីស្តបរិស័ទរូបនេះ ពន្យល់ថា អ្នកនៅភូមិនេះ គេមិនដែលចាត់ទុកថាគាត់ជាជនជាតិបារាំងទេ តែជាជនជាតិខ្មែរ។ «នៅកន្លែងនេះ កាត់ប្រៀបដូចជាឪពុករបស់គេ»។ 

លោកបន្តថា «ព្រះវិហារនៅចម្លាក់នេះជាកេរដំណែលរបស់គាត់។ គាត់ចាត់ទុកថាចម្លាក់ជាស្រុកកំណើតរបស់គាត់»។ 

លោកបន្តទៀតថា ទោះបីព្រះសហគមន៍យើងតូចមែនតែយើងផ្ញើជីវិតលើព្រះគ្រីស្ត ហើយយើងធ្វើដំណើរទៅព្រះបិតា មានលោកតា(លោកប៉ុងសូដ៍) ជានាវានិងជាប្រទីបឱ្យយើងស្គាល់។ 

គណៈកម្មការដដែលនេះ បន្តថាសូម្បីតែពុទ្ធបរិស័ទក៏គោរពស្រឡាញ់គាត់ដែរ ព្រោះគាត់ចូលរួមសកម្មភាពជាមួយបងប្អូននៅទីនោះ។ ហើយ«គ្រីស្តបរិស័ទនៅទីនេះ ចាត់ទុកគាត់ជាអ្នកមានគុណ។ គេស្រឡាញ់គាត់មែនទែន សូម្បីតែគាត់ចែកឋានទៅហើយក្ដី តែទឹកចិត្តរបស់គាត់នៅតែជាប់ក្នុងដួងចិត្ត នឹករលឹកដល់គាត់ជានិច្ច»។ 

លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ កើត​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៩ នៅ​សាឡង់ឆេស (Sallanches) ជា​កូនទី​៧ក្នុង​ចំណោម​បងប្អូន​១២នាក់​។ 

លោកត្រូវបានតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៦៤ នៅសាឡុង នៅប្រទេសបារាំង ហើយត្រូវចាត់មកកម្ពុជា​​នាថ្ងៃទី​៨​ខែ​តុលាឆ្នាំ​១៩៦៥។ ពីឆ្នាំ​១៩៦៥-១៩៦៨ លោក​បានខិត​ខំ​រៀន​ភាសា​ខ្មែរ និងបាន​បម្រើ​ការងារ​នៅ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម។ 

ក្នុងរយៈពេលជិត៥០ឆ្នាំ ដែលលោកបានបំពេញការងារ នៅប្រទេសកម្ពុជា លោក​បាន​បក​ប្រែ​ឯកសារ​ជាច្រើនអំពីព្រះសហគមន៍ រួម​និង​ព្រះគម្ពីរ​ជា​ភាសាខ្មែរ​ផងដែរ៕ 

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail