ព្រះមហាក្សត្រនិងមេដឹកនាំកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះការសោយទិវង្គតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ

ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំក្រោយទទួលដំណឹងអំពីការសោយទិវង្គតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលជាប្រមុខដឹកនាំរបស់ព្រះសហគមន៍កាតូលិកសកលលោក និងជាអ្នកតស៊ូដើម្បីសន្តិភាព យុត្តិធម៌ និងសេចក្តីមេត្តាករុណា។
សារ និងលិខិតទាំងនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ២២ ខែមេសាម្សិលមិញនេះ ផ្ញើជូនកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់របស់សន្តអាសនៈ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានព្រះរាជទានសារទៅកាន់បុរីវ៉ាទីកង់ ដោយរំលឹក និងគោរពចំពោះសម្ដេចប៉ាប បានអះអាងថា ព្រះអង្គ «ជាប្រមុខដឹកនាំខាងវិញ្ញាណដ៏មានសក្តានុពលយ៉ាងខ្លាំងមួយអង្គ។»
ព្រះមហាក្សត្របានរំលឹកពីការប្តេជ្ញាចិត្តរបស់សម្ដេចប៉ាបចំពោះគុណធម៌ដូចជា ការគោរពជីវិត ការបដិសេធអយុត្តិធម៌ និងការជំរុញកិច្ចសន្ទនារវាងអន្តរសាសនានិងសាសនា។ ចំពោះរឿងនេះ ព្រះអង្គ បានថ្លែងអំណរគុណក្នុងនាមប្រជាជនកម្ពុជាទាំងមូល។
ព្រះករុណាបានចារថា «ពុទ្ធសាសនិក និងគ្រីស្ដសាសនិក សុទ្ធតែទទួលស្គាល់ថា ពួកគេទទួលបានគុណធម៌ដែលព្រះអង្គបានសាបព្រោះដោយជំនឿ។»
ព្រះអង្គបានសរសើរសម្ដេចប៉ាប ចំពោះកិច្ចការមេត្តាករុណាចំពោះជនក្រីក្រ អ្នករងការបំពាន និងជនរងគ្រោះដោយអំពើហិង្សា ហើយបានបន្ថែមថា «សូមឲ្យគំរូរបស់ព្រះអង្គបន្តរស់នៅក្នុងដួងចិត្តមនុស្សជាតិ។»
កាលពីពេលថ្មីៗនេះ បុរីវ៉ាទីកង់បានប្រកាសថា សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានសោយទិវង្គតកាលពីថ្ងៃចន្ទសប្ដាហ៍នៃបុណ្យចម្លង នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៧:៣៥ ព្រឹក នៅក្នុងនិវេសនដ្ឋានវិមាកាសាសន្តីម៉ាថា នៃបុរីវ៉ាទីកង់ ក្នុងព្រះជន្ម ៨៨ វស្សា ដោយរោគាពាធ។
ក្នុងថ្ងៃដដែលនោះដែរ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរថា មរណភាពរបស់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ «គឺជាការបាត់បង់ដ៏ធំធេងនូវប្រមុខប្រកបដោយក្តីករុណា និងបរិវត្តកម្មមួយរូបនៃព្រះសហគមន៍កាតូលិក»។
លិខិតដដែលនោះបន្តថា សម្តេចប៉ាបមិនត្រឹមតែបានបូជាពេញមួយជីវិត ដើម្បីបម្រើព្រះយេស៊ូអម្ចាស់ និងព្រះសហគមន៍របស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏បាន «ជួយជ្រោមជ្រែងនិងការពារដល់ជនក្រីក្របំផុត ជនគ្មានទីពឹង ជនចំណាកស្រុក និងបរិស្ថាន ព្រមទាំងសន្តិភាព និងវិបុលភាពសកលលោក។»
លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញលិខិតជាផ្លូវការ សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយបុរីវ៉ាទីកង់ និងព្រះសហគមន៍កាតូលិកទូទាំងពិភពលោកក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបានសរសើរសម្តេចប៉ាបអំពីវីរភាពនៃធម៌មេត្តាករុណា និងការតស៊ូដើម្បីសន្តិភាព យុត្តិធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកខ្សត់ខ្សោយ។
លោកនាយករដ្ឋមន្ត្រីបាននិយាយ «គំរូនៃភាពជាអ្នកដឹក និងការប្តេជ្ញាចិត្តរបស់ព្រះអង្គចំពោះកិច្ចសន្ទនាអន្តរសាសនា បានជះឥទ្ធិពលដល់មនុស្សជាច្រើនទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។»
លោកបន្ថែមថា «យើងខ្ញុំសូមទូលថ្វាយ និងអធិស្ឋានរួមជាមួយអស់គ្រីស្តបរិស័ទ ដែលកំពុងសោកសង្រែងចំពោះបាត់បង់នេះ។»
ប្រមុខដឹកនាំកម្ពុជាទាំងអស់ បានទទួលស្គាល់ពីឥទ្ធិពលយ៉ាងទូលំទូលាយរបស់សម្តេចប៉ាប និងបានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការបង្កើតឯកភាព និងការយល់ចិត្តគ្នារវាងសាសនា និងវប្បធម៌នានា។
សន្តអាសនៈ មានចំណងការទូតជាមួយប្រទេសកម្ពុជា ជាង៣០ឆ្នាំមកហើយ គឺក្នុងឆ្នាំ១៩៩៤។ កម្ពុជាដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនប្រហែល ១៦ លាននាក់ ដែលភាគច្រើនគឺជាពុទ្ធសាសនិក ខណៈដែលប្រហែល ៣% ជាអ៊ីស្លាមសាសនិក និង ១% ជាគ្រីស្ដសាសនិក ដែលមាននិកាយកាតូលិកប្រមាណ ២០,០០០នាក់។
ព្រះសហគមន៍កាតូលិកនៅកម្ពុជា បែងចែកជាបីភូមិភាគ៖ ភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម ដែលមានសហគមន៍គ្រីស្តបរិស័ទ និងព្រះវិហារសរុបចំនួន ១០៧នៅទូទាំងប្រទេស៕
ដោយ កែវ កញ្ញា
Daily Program
