បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ បានបញ្ចប់ដោយការអំពាវនាវឲ្យ «ដើរក្នុងពន្លឺរបស់ព្រះអម្ចាស់»

ជាមួយនឹងស្មារតីដឹងគុណ​​ដ៏ជ្រាលជ្រៅ និងគោលបំណងដែលត្រូវបានបំផុសគំនិតឡើងវិញ អ្នកចូលរួមជាង ៩០០ នាក់មកពី ៣២ ប្រទេសបានប្រមូលផ្តុំគ្នានៅក្នុងពិធីអភិបូជាបិទបញ្ចប់នៃព្រឹត្តិការណ៍ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope - GPH) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅក្នុងសាលប្រជុំនៃសណ្ឋាគារឌឹ ឡៃថ៍ (The Light Hotel) នៅប៉េណាំង។ ពិធីបុណ្យនេះ បញ្ជាក់អំពី​ពេល​បញ្ចប់រយៈពេល ៥ ថ្ងៃនៃដំណើរការ​សមាជ​បេសកកម្ម​អាស៊ី​២០២៥ ដោយ​មាន​ការអធិស្ឋាន ការពិចារណា និងកិច្ចសន្ទនាទ្វីបសម្រាប់ ព្រះសហគមន៍ នៅក្នុងទ្វីបអាស៊ី។

ពិធីអភិបូជានេះ ត្រូវបានដឹកនាំដោយកាឌីណាល់ហ្វីលីព នេរី ហ្វើរ៉ៅ​ (Filipe Neri Ferrão) អគ្គអភិបាល នៃភូមិភាគ​ហ្គូអា និងដាមាណ និងជាប្រធាន​សភាលោកអភិបាលអាស៊ី (FABC) ដែលបានថ្លែងធម្មទេសនា​បំផុសគំនិតមួយ អំពាវនាវឲ្យ​ព្រះសហគមន៍​នៅក្នុងទ្វីបអាស៊ីដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់ បង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការចែករំលែកជំនឿ និងត្រឡប់ទៅផ្ទះវិញដោយបានផ្លាស់ប្តូរតាមរយៈបទពិសោធន៍ភាពជាធ្លុងតែមួយ។

«ចូរ​មក ឲ្យ​យើង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ‌អម្ចាស់»

ក្នុងធម្មទេសនាលើ​គម្ពីរអេសាយ ២:១–៥​ កាឌីណាល់ ហ្វើរ៉ៅ បានឱ្យគ្រីស្តបរិស័ទ​ពិចារណាលើនិមិត្តរូប​របស់ព្យាការីអំពីភ្នំខ្ពស់ ដែលប្រជាជាតិនានាប្រមូលផ្តុំគ្នាដើម្បីទទួលបានការណែនាំ និងការព្យាបាល ជំនួសឲ្យការដណ្តើមអំណាច។

លោកកាឌីណាល់​មានប្រសាសន៍ពីរូបភាពនៃសន្តិភាពរបស់លោកអេសាយ ដោយថ្លែងថា «អេសាយឃើញប្រជាជនដែលលែងសំលៀងអាវុធទៀតហើយ តែបែរជាបោះបង់វាចោល។ នេះគឺជាការនិមិត្តនៃទ្វីបអាស៊ីដែលត្រូវបានព្យាបាល»។

លោកបានកត់សម្គាល់ថា បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យនេះ ឆ្លុះបញ្ចាំងពីការនិមិត្តនេះ ដោយសារមាន​អ្នកចូលរួមចម្រុះបានឈរជាមួយគ្នា។ លោកថា «កាឌីណាល់ អភិបាល បូជាចារ្យ បព្វជិត គ្រហស្ថ យុវជន ក្រុមគ្រួសារ វប្បធម៌ ភាសា និងប្រវត្តិសាស្ត្រ បានឈរនៅក្បែរគ្នា។ យើងបានស្តាប់រឿងរ៉ាវរបស់គ្នាទៅវិញទៅមក អំពីរបួស និងក្តីសង្ឃឹម។ សន្តិភាពមិនមែនជាឧត្តមគតិដ៏ឆ្ងាយនោះទេ វាគឺជាផលផ្លែនៃការដើរជាមួយគ្នា»។

លោកកាឌីណាល់​ បានសង្កត់ធ្ងន់ថា ការអញ្ជើញរបស់អេសាយគឺ «ចូរ​មក ឲ្យ​យើង​ដើរ​ក្នុង​ពន្លឺ​របស់​​ព្រះ‌អម្ចាស់» គឺជាការអំពាវនាវឲ្យមានការចូលរួមយ៉ាងសកម្ម គឺការជ្រើសរើសសេចក្តីពិត កិច្ចសន្ទនា និង ភាពជាធ្លុងតែមួយ ហើយបានជំរុញឲ្យអ្នកជឿ​កុំត្រឡប់ទៅ «ផ្លូវចាស់នៃការព្រងើយកន្តើយ ឬការបែងចែក» ក្រោយចប់ព្រឹត្តិការណ៍នេះ។

បូជនីយេសក៍ប្រកបដោយ​ភាព​កតញ្ញូធម៌ អ្នកថែរក្សាឯកភាព

ដោយពិចារណាលើទំនុកតម្កើង ១២២ កាឌីណាល់ហ្វើរ៉ៅ បានពណ៌នាអំពីអារម្មណ៍រីករាយនៅពេលទៅដល់ផ្ទះ បូជនីយចរខាងវិញ្ញាណ ​ដោយសង្កត់ធ្ងន់ថា ដំណើរនេះនាំមកនូវទំនួលខុសត្រូវដ៏ជ្រាលជ្រៅ។

លោក​បានថ្លែងថា «ទំនុកតម្កើង ១២២ រំឭកយើងថា ផលផ្លែនៃ​បូជនីយចរ មិនមែនជាការរលឹកអតីតកាលទេ តែវាគឺជាការបម្រើ»។

ក្នុងនោះ​លោកបានកត់សម្គាល់ថា សក្ខីភាព​របស់ព្រះសហគមន៍ ត្រូវបានប្រឈមជារៀងរាល់ថ្ងៃដោយ ភាពតានតឹងខាងសាសនា ភាពក្រីក្រ ការធ្វើចំណាកស្រុក និងភាពងាយរងគ្រោះខាងបរិស្ថាន។

លោកកាឌីណាល់​បានជំរុញឲ្យគ្រីស្តបរិស័ទ​​ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ៖ «យើងត្រូវតែក្លាយជាអ្នកបង្កើតសន្តិភាពនៅក្នុងក្រុមគ្រួសារ ព្រះសហគមន៍ ភូមិភាគ និងប្រទេសជាតិរបស់យើង»។

លោក​ហ្វើរ៉ៅ បានគូសបញ្ជាក់ថា បទពិសោធន៍នៃការប្រមូលផ្តុំគ្នាជាគ្រួសារអាស៊ីតែមួយ ត្រូវបំប្លែង​​ជាការលះបង់ថ្មីចំពោះការចែករំលែក​ជំនឿ និងវត្តមានប្រកបដោយមេត្តា។

«ពេលវេលា​​មក​ដល់​ហើយ… ចូរ​បំពាក់​​ព្រះ​យេស៊ូ​គ្រីស្ត​ចុះ»

ដោយដកស្រង់ពី រ៉ូម ១៣:១១–១៤ លោក​កាឌីណាល់ ហ្វើរ៉ៅ បានរំឭកអ្នកចូលរួមថា ការបន្តជាថ្មីខាងវិញ្ញាណត្រូវតែនាំទៅរកការផ្លាស់ប្តូរជាក់ស្តែង។

លោក​បានមានប្រសាសន៍ថា «សន្ត​ប៉ូលអំពាវនាវឲ្យយើងភ្ញាក់ពីដំណេក»។

លោកបានពន្យល់ពីលទ្ធផលជាក់ស្តែងនៃការភ្ញាក់នេះថា៖ «ការបំពាក់​ព្រះគ្រីស្ត គឺបំពាក់​ សេចក្តីមេត្តាករុណា ការបន្ទាបខ្លួន ភាពក្លាហាន និងបេះដូងដែលចេះស្តាប់របស់ព្រះអង្គ​»។

លោកកាឌីណាល់​បានសង្កត់ធ្ងន់ថា អនាគតរបស់​ព្រះសហគមន៍ នៅក្នុងទ្វីបអាស៊ីមិនអាចពឹងផ្អែកតែលើផែនការ និងរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែចាប់ផ្តើមជាមួយសាវ័ក​​ដែល​មាន​បេះដូង​ផ្លាស់ប្តូរ។

លោកបានសន្និដ្ឋានដោយគូសបញ្ជាក់ពីតម្រូវការខាងវិញ្ញាណ និងសង្គមដ៏ខ្លាំងក្លាដែលមាននៅក្នុងទ្វីប៖ «ការស្រេកឃ្លានចំពោះព្រះនៅក្នុងទ្វីបអាស៊ីគឺជ្រាលជ្រៅ។ ការស្រេកឃ្លានចំពោះយុត្តិធម៌គឺជាការពិត។ ការស្រេកឃ្លានចំពោះអត្ថន័យក្នុងចំណោមយុវជនរបស់យើងគឺខ្លាំងក្លា»។

«ចូរ​ភ្ញាក់ឡើង... ចូរ​រៀបចំ​ខ្លួន»

ដោយពិចារណាលើដំណឹងល្អនៃថ្ងៃអាទិត្យទីមួយនៃការយាងមក (មថ ២៤:៣៧–៤៤) កាឌីណាល់​ហ្វើរ៉ៅ បានអញ្ជើញអ្នកជឿ ឲ្យបណ្តុះបណ្តាលសាវ័ក​ ដែលយកចិត្តទុកដាក់ និងទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់​នៅក្នុងកន្លែងដែលមិននឹកស្មានដល់។

លោកបានគូសបញ្ជាក់ថា៖ «បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម បានបង្រៀនយើងឲ្យស្វែងរកព្រះជាម្ចាស់​ក្នុងចំណោមអ្នកចំណាកស្រុក និងជនភៀសខ្លួន នៅក្នុងមិត្តភាពអន្តរសាសនា នៅក្នុងក្តីសុបិនរបស់យុវជនរបស់យើង នៅក្នុងការតស៊ូរបស់ជនក្រីក្រ នៅក្នុងរបួសនៃពិភពលោកដែលបែកបាក់ និងនៅក្នុងកិច្ចការបម្រើសាមញ្ញ​ និងក្រុមគ្រួសាររបស់យើង»។

ដូចពួកហោរាទាំងបីដែរ លោកកាឌីណាល់​ បានមានប្រសាសន៍ថា គ្រីស្តបរិស័ទអាស៊ីក៏ត្រូវតែត្រឡប់ទៅផ្ទះវិញដោយមានចក្ខុវិស័យថ្មី ភាពក្លាហានថ្មី និងអាទិភាពថ្មីផងដែរ។

បូជនីយចរដែលបញ្ជូនទ្វីបអាស៊ីទៅមុខ

ក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នា អ្នកចូលរួមបានអធិស្ឋានសម្រាប់ប្រទេសជាតិដែលមានជម្លោះ ចែករំលែករឿងរ៉ាវនៃបញ្ហាប្រឈមខាងគ្រូគង្វាល និងអបអរសាទរភាពចម្រុះផ្នែកវប្បធម៌ និងខាងវិញ្ញាណរបស់ទ្វីបអាស៊ី។

កាឌីណាល់​ហ្វើរ៉ៅ បានថ្លែងថា «ប្រសិនបើថ្ងៃទាំងនេះបញ្ចប់ដោយគ្រាន់តែជាការចងចាំ យើងបានបរាជ័យហើយ»។ «ប៉ុន្តែប្រសិនបើថ្ងៃទាំងនេះនាំដួងចិត្ត​របស់​យើងឱ្យ​ផ្លាស់ប្តូរ​សកម្មភាព និងរួម​គ្នា​ជាធ្លុងតែមួយ នោះ​បូជនីយចរ នេះក្លាយជាគ្រាប់ពូជសម្រាប់អនាគតរបស់ទ្វីបអាស៊ី»។

លោកបានជំរុញឲ្យអ្នកចូលរួមត្រឡប់ទៅវិញ៖

  • ដោយមាន ការបន្ទាបខ្លួនថ្មី រីករាយនឹងរៀនពីប្រជាជនរបស់ពួកគេ និងពីគ្នាទៅវិញទៅមក។
  • ដោយមាន ភាពក្លាហានថ្មី រីករាយនឹងចែករំលែក ព្រះគ្រីស្ត តាមរយៈភាពស្លូតបូត និងសេចក្តីអំណរ។
  • ដោយមាន ចំណងមិត្តភាពថ្មី ដើរជាមួយជនក្រីក្រ អ្នកចំណាកស្រុក ស្ត្រី យុវជន និងទាំងអស់គ្នាដែលស្វែងរកកន្លែងនៅ​ទីអាសនៈ​របស់ព្រះជាម្ចាស់។
  • ដោយមាន ក្តីសង្ឃឹមថ្មី យើងជឿថា ព្រះជាម្ចាស់កំពុងកសាងទ្វីបអាស៊ីតាមរយៈការបម្រើដ៏ស្មោះត្រង់របស់ពួកគេ។

ទៅផ្ទះតាមផ្លូវមួយផ្សេងទៀត

ជាការសន្និដ្ឋាននៅក្នុងធម្មទេសនារបស់លោកកាឌីណាល់​ហ្វើរ៉ៅ បានមានប្រសាសន៍ថា ព្រះអម្ចាស់ឥឡូវនេះបានបញ្ជូនបូជនីយេសក៍​គ្រប់រូបត្រឡប់ទៅផ្ទះ និងបន្ត​កិច្ចបម្រើរបស់ពួកគេតាមផ្លូវមួយផ្សេងទៀត គឺ ផ្លូវនៃស៊ីណូដាលីធី កិច្ចសន្ទនា ការកសាងសន្តិភាព ការស្តាប់ និងនៅ​ជាមួយ​អ្នកដទៃ។

លោកបានមានប្រសាសន៍ថា «សូមឲ្យនេះជាការប្តេជ្ញាចិត្តរបស់យើង»៖

  • ដើរជាមួយគ្នា
  • ស្តាប់ឲ្យបានស៊ីជម្រៅ​
  • បម្រើដោយសប្បុរស
  • ធ្វើជាសាក្សីដោយរីករាយ
  • ទៅតាមផ្លូវមួយផ្សេងទៀត គឺផ្លូវរបស់ព្រះគ្រីស្ត

លោកថ្វាយ​អ្នកដែល​ចូលរួម​ទាំងអស់​ទៅ​ព្រះនាង​ម៉ារី ជា​ផ្កាយនាំផ្លូវ​​ជំនឿ ហើយបានអធិស្ឋានថា សូម​ព្រះវិញ្ញាណដ៏វិសុទ្ធ រក្សាពួកគេឲ្យភ្ញាក់ខ្លួន​ និង​សូម​អង្វរ​ព្រះបិតាដឹកនាំប្រជាជនអាស៊ីទាំងអស់ចូលទៅក្នុងពន្លឺនៃសន្តិភាពរបស់ទ្រង់។

ជាមួយនឹងការបញ្ចប់នោះកាឌីណាល់​បាននិយាយថា៖ «ចូរទៅមុខ។ បូជនីយចររបស់អ្នកបានក្លាយជាការហៅឲ្យមានក្តីសង្ឃឹម»៕

 

Daily Program

Livesteam thumbnail