ទីក្រុងវ៉ាស៊ីនតុនបញ្ចេញថវិកាចុងក្រោយដែលអាចទទួលបានសម្រាប់អ៊ុយក្រែន
សហរដ្ឋអាម៉េរិក បានបញ្ចេញទឹកប្រាក់ ២៥០លានដុល្លារ ជំនួយយោធាសម្រាប់អ៊ុយក្រែនពាក់ព័ន្ធនឹងចំណិតជំនួយចុងក្រោយដែលនៅសល់។ អ្នកតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ មិនបានឈានដល់ការស្រុះស្រួលគ្នានៅលើកញ្ចប់ថវិកាថ្មី ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នោះទេ។
កាលពីថ្ងៃទីពុធ ទី២៧ ខែធ្នូ សហរដ្ឋអាម៉េរិក បានប្រកាសការបញ្ចេញថវិកា២៥០លាន ដុល្លារ នៃជំនួយយោធាសម្រាប់អ៊ុយក្រែន ចំណិតថវិកាចុងក្រោយដែលអាចទទួលបាន ដោយមិនមានការបោះឆ្នោតនៅព្រឹទ្ធសភាអាម៉េរិក។
ការចរចាកើតឡើងជាប្រចាំរវាងអ្នកតំណាងរាស្រ្តសាធារណៈរដ្ឋ និងប្រជាធិបតេយ្យនៅលើសុពលភាពនៃកញ្ចប់ថវិកា ៦១ពាន់លានដុល្លារ ដែលទាមទារមិនឈប់ឈដោយប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន និងសមភាគីរបស់លោកអ៊ុយក្រែន គឺលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។
រដ្ឋមន្រ្តីរដ្ឋ លោកអន់តូនី ប៊្លិនឃិន នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ បានបញ្ជាក់ថា ៖ “ វាមានភាពចាំបាច់ខ្លាំងដែលព្រឹទ្ធសភាអាម៉េរិកត្រូវប្រតិកម្មឲ្យលឿនតាមដែលទៅរួចដើម្បីរក្សាផលប្រយោជន៍របស់អាម៉េរិកទាក់ទងនឹងរឿងសន្តិសុខជាតិដោយជួយអ៊ុយក្រែនឲ្យការពារខ្លួន។”
ចំណែកប្រមុខព្រឹទ្ធសភា បានបង្គាប់បញ្ជារួចហើយថា ព្រឹទ្ធសភានឹងបញ្ចប់ឆ្នាំដោយមិនផ្តល់សុពលភាពដល់មូលនិធិថ្មីនោះទេ។ នេះគឺជាការខកចិត្តបន្ថែមទៀតសម្រាប់ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងឆ្នាំដែលក្តីសង្ឃឹមចំពោះការវាយបកដ៏ធំរបស់អ៊ុយក្រែនលើរុស្ស៊ីត្រូវបានធ្វើឲ្យខកចិត្ត និងសំពាធយោធាកើនឡើងដាក់ដោយរុស្ស៊ីនៅតាមព្រំដែន។
ចំណែកសេតវិមានព្យាករថា រដ្ឋាភិបាលអាម៉េរិកនឹងមានធនធានខើចខ្លីសម្រាប់អ៊ុយក្រែនរហូតដល់ចុងឆ្នាំនេះ។ កាលពីថ្ងៃទី១៨ ធ្នូ អ្នកនាំពាក្យសេតវិមាន លោកចន ឃៀប៊ី បានថ្លែងថា ៖ “យើងមានកញ្ចប់ជំនួយតែមួយថែមទៀត មុននឹងកុំឲ្យមូលនិធិសម្រាប់អ៊ុយក្រែនរីងស្ងួតអស់”។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីពាក់កណ្តាលខែធ្នូ បានមកទីក្រុងវ៉ាស៊ីនតុនជាបុគ្គល ជាដំណើរលើកទី៣ មកក្នុងរដ្ឋធានីអាម៉េរិក ក្នុងរយៈពេលមួយឆ្នាំ ដើម្បីព្យាយាមសង្កត់ធ្ងន់លើការដាក់សំពាធលើរឿងរ៉ាវជំនួយ។
ប៉ុន្តែជិតពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាម ដែលជាប់គាំង និងលុយច្រើនជាង ១១០ពាន់ដុល្លារ ត្រូវបានបញ្ចេញដោយព្រឹទ្ធសភា បញ្ហានៃការបន្តការគាំទ្រ ឲ្យបានយូរតាមដែលជាតម្រូវការរបស់អ៊ុយក្រែន បានចោទឡើងជាមួយនឹងការទាមទារកាន់តែច្រើនឡើងច្រើនមិនឈប់មិនឈរ។
ការបរាជ័យរបស់លោកព្រឹទ្ធសភាអាម៉េរិក ដើម្បីបោះឆ្នោតគាំទ្រកញ្ចប់ថវិកានេះ មិនបញ្ជាក់ថា ជាការបញ្ចប់នៃការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះទីក្រុងគៀវនោះទេ។ សភាអាម៉េរិក នឹងចូលធ្វើការវិញនៅថ្ងៃទី៨ ខែមករា ហើយប្រមុខក្រុមសាធារណរដ្ឋ និងក្រុមប្រជាធិបតេយ្យនៅព្រឹទ្ធសភាគ្រាន់តែបាននិយាយអំពីការប៉ងប្រាថ្នារបស់ពួកគេដើម្បីផ្តល់សុពលភាពដល់កញ្ចប់ថវិការនេះ ដែលរួមមានការធ្វើឲ្យចម្រើនជឿនលឿនខាងផ្នែកយោធាដល់អ៊ុយក្រែន ជំនួយមនុស្សធម៌ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។
ប៉ុន្តែ គឺនៅសភាតំណាងរាស្រ្ត ដែលត្រូវអនុម័តមូលនិធិទាំងនេះដែរ ដែលរឿងរ៉ាវនឹងកាន់តែស្មុគស្មាញ។ ប្រធានសភាអាម៉េរិកថ្មី អ្នកសាធារណរដ្ឋ លោកម៉ៃ ចនស៊ុន មិនប្រឆាំងទេ លើគោលការណ៍ នៃការបន្លាយការផ្តល់ជំនួយរបស់អាម៉េរិក ប៉ុន្តែជំនួយត្រូវមានផែនការ និងត្រួតពិនិត្យឲ្យបានល្អិតល្អន់។