ថ្នាក់ដឹកនាំ សហជីពផ្នែកវិស័យទេសចរណ៍ មួយរូបទៀត ត្រូវបាន​ចាប់ និង​ឃុំខ្លួន

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព កម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា​ដែ​ល​តែងតែធ្វើការ​តវ៉ា ទាមទារ​​សិទ្ធិ និងលក្ខខណ្ឌការងារផ្សេងៗ​ដល់​កម្មករ ​និយោជិត ក្នុង​វិស័យ​ទេស​ចរណ៍ និង​សេវាកម្ម ត្រូវ​បានអាជ្ញាធរចាប់ និងឃុំខ្លួន​ផងដែរ​។

ចៅក្រម​ជំនុំជម្រះនៃ​សាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ បាន​ចេញដីកាបង្គាប់ឱ្យចាប់ និង​ឃុំខ្លួន លោក ម៉ម រិទ្ធី អាយុ​៣៥ឆ្នាំ កាលពីថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ​២០២៤ ​​​​តាមសាលក្រមព្រ​ហ្មទណ្ឌ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយ​បានសម្រេចផ្ដន្ទាទោសឈ្មោះ ម៉ម រិទ្ធី ដាក់ពន្ធនាគារកំណត់ចំនួន ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ២ លាន រៀល។

លោក ធន់ ដារិទ្ធ បានបញ្ជាក់តាមរយៈ​ដីការបង្គាប់ឱ្យចាប់ និង​ឃុំខ្លួននេះថា ការ​ផ្តន្ទទោស​លោក ម៉ម រិទ្ធិនេះ ក្រោម​បទចោទប្រកាន់​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ដែល​ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្តថា ៖ «បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤៤៤ មាត្រា​៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងសម្រេចបង្គាប់ឱ្យចាប់ និងឃុំខ្លួនជននេះ។ ដូច្នេះគប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនពិរុទ្ធជនឈ្មោះ ម៉ម រិទ្ធី តាមបញ្ញត្តិ នៃមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។

ទាក់ទងនឹង​​ការ​ចាប់ និង​ឃុំខ្លួនលោក ម៉ម រិទ្ធីនេះ សហភាពការងារកម្ពុជា (CLC) បានចេញសេចក្តីថ្លែងការណ៍ ដោយសោកស្តាយយ៉ាងខ្លាំង ទៅលើទង្វើ​របស់​អាជ្ញាធរដែលបានចាប់ខ្លួន លោ​ក ម៉ម រិទ្ធី ​កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ដែលពាក់ព័ន្ធនឹងការបញ្ចេញមតិយោបល់របស់លោក ​ពីករណីវិវាទការងារនៃសណុំរឿងក្រុមហ៊ុន ជីនប៉ី គ្រុប ឯ.ក. នៅបណ្តាញសង្គមហ្វេសប៊ុក កា​លពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ «ការសម្រេចចិត្តរបស់អាជ្ញាធរ ក្នុងការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទប្រកាន់ និងចាប់ខ្លួនមកលើ លោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល តាមពិតការបញ្ចេញមតិយោបល់របស់លោក គឺក្នុងគោលដៅ ស្ថាបនា និងកែតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានកាន់តែសមស្រប និងមានតម្លាភាពរបស់សមត្ថកិច្ចខេត្តព្រះសីហនុ»។

សហភាពការងារកម្ពុជា យល់ឃើញថា ការសម្រេចចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមៗតាមអំណាចសាលក្រម កំបាំងមុខគ្រប់តំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌបែបនេះ ជាសកម្មភាពបំភិតបំភ័យ សម្លុត គម្រាមកំហែង និងយាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត, ការបង្កឧបសគ្គដល់ការប្រើប្រាស់សិទ្ធិសហជីព, ការរំខានធ្ងន់ធ្ងរដល់សិទ្ធិសហជីព, ការរំលោភបំពានលើគោលកា​រណ៍សេរីភាពសមាគម, ជាការរំលោភបំពានសេរីភាពសមាគមនិងការវាយប្រហារធ្ងន់ធ្ងរលើសិទ្ធិសហជីព។

សហភាពការងារកម្ពុជា បាន​ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅ​ក្រម រួមទាំង ស្ថាប័នពាក់ព័ន្ធឱ្យ​ពិនិត្យមើលករណីនេះឡើងវិញឱ្យបានហ្មត់ចត់ និងតម្លាភាព ដោយ​សហភាពការងារកម្ពុជា សង្ឃឹម និងជឿជាក់ផងដែរ​ថា ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុ​មប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធជួយរក យុត្តិធម៌ឱ្យលោក ម៉ម រិទ្ធី ដែលជាជនរងគ្រោះ ជាក់ជាមិនខាន៕

 

Daily Program

Livesteam thumbnail