តើត្រាំត្រឹមត្រូវទេ ដែលនិយាយថា មាត្រាទី៥ នៃអង្គការណាតូ អាចបកស្រាយបានច្រើនរបៀប?

មុនកិច្ចប្រជុំដ៏សំខាន់នៃអង្គការណាតូនៅប្រទេសហូឡង់ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ ថា មាត្រាទី៥ នៃសន្ធិសញ្ញាអាត្លង់តិកខាងជើង ផ្តល់ជាធាតុកណ្តាលនៃក្រុមសម្ព័ន្ធមិត្ត ដោយសារតែវាដាក់ចេញនូវគោលការណ៍ការពារគ្នាទៅវិញទៅមក ក្នុងករណី មានការវាយប្រហារនៃប្រទេសមួយក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត។ មាត្រាទី៥ គឺអាចនឹងបកស្រាយបានតាមរបៀបជាច្រើនយ៉ាង? តើរឿងនេះ វាគឺជាអ្វីឲ្យពិតប្រាកដ?
គ្រាប់បែកដ៏តូចមួយថ្មីត្រូវបានទម្លាក់ដោយលោកដូណាល់ ត្រាំ ដែលសាបព្រួសវិបត្តិក្នុងចំណោមសម្ព័ន្ធមិត្ត។ មុនបន្តិចនៃការមកដល់កាលពីចុងខែមិថុនា សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ ដែលប្រព្រឹត្តិឡើងនៅទីក្រុងឡាអេ ប្រធានាធិបតីអាម៉េរិក ស្ថិតនៅភាពមិនច្បាស់លាស់លើអាកប្បកិរិយារបស់សហរដ្ឋអាម៉េរិក ក្នុងករណីមានការវាយប្រហារនៃសមាជិកមួយក្នុងចំណោមសមាជិកនានានៃក្រុមសម្ព័ន្ធមិត្ត និងវាយតម្លៃថា មាត្រាទី៥ នៃសន្ធិសញ្ញាគឺជាប្រធានបទនៃការបកស្រាយ។
ទាក់ទងនឹងសរសស្តម្ភនៃក្រុមសម្ព័ន្ធមិត្តនេះ លោកដូណាល់ ត្រាំ បាននិយាយថា មាតាទី៥ នៃសន្ធិសញ្ញាអង្គការណាតូអាចបកស្រាយតាមរបៀបជាច្រើន។ មាត្រានេះលើកឡើងអំពីគោលការណ៍នៃការការពារគ្នាទៅវិញទៅមក ៖ ប្រសិនបើប្រទេសជាសមាជិករងការវាយប្រហារដោយយោធា គ្រប់ប្រទេសទាំងអស់ត្រូវតែនាំមកនូវជំនួយ។
ជាការឆ្លើយតប លោកម៉ាក រូតេ អគ្គលេខានៃអង្គការណាតូ ចង់បានការធានា។ លោកបញ្ជាក់ថា លោកមិនមានការសង្ស័យអំពីការសន្យារបស់អាម៉េរិកនៅក្នុងអង្គការណាតូទេ។
នេះមិនមែនជាលើកទី១ ទេ ដែលលោកដូណាល់ ត្រាំ ហាក់បីដូចចោទជាបញ្ហាលើមាត្រា ៥។ កាលពីខែមីនា ម្ចាស់សេតវិមាន បានបញ្ចេញឲ្យមានការសង្ស័យអំពីសាមគ្គីភាពរវាងសម្ព័ន្ធមិត្តក្នុងករណីមានការឈ្លានពានប្រទេសមួយដោយប្រទេសទី៣។ ដោយត្រូវបានអនុម័តនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅអំឡុងពិធីចុះហត្ថលេខានៃសន្ធិសញ្ញាដែលបង្កើតអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង ឬណាតូ មាត្រាទី៥ ចែងថា ការវាយប្រហារដោយយោធាណាមួយប្រឆាំងនឹងប្រទេសមួយ ឬច្រើននៃសមាជិក ដែលកើតឡើងនៅអឺរ៉ុប ឬនៅអាម៉េរិកខាងជើង នឹងត្រូវបានចាត់ទុកថាដូចជាការវាយប្រហារដែលដឹកនាំប្រឆាំងនឹងគ្រប់ភាគី”។ គោលដៅនៃសមាជិកស្ថាបនិកទាំង ១២ គឺលុបបំបាត់ក្តីប្រាថ្នាធ្វើអនុត្តរភាពវាតទីនៃប្លុកសូវៀត។
ក្រោយចុះហត្ថលេខាលើសន្ធិសញ្ញានេះ មិនដែលមានបញ្ហាសង្រ្គាមធំដែលត្រូវយកមាត្រាទី៥ នេះមកប្រើប្រាស់ក្នុងអំឡុងសង្រ្គាមត្រជាក់នោះឡើយ។
ការដាក់ឲ្យដំណើរការមាត្រាទី៥ មិនមែនស្វ័យប្រវត្តិនោះដែរ។ វាគឺជាកម្មវត្ថុនៃការពិភាក្សារវាងប្រទេសសម្ព័ន្ធមិត្ត ដែលត្រូវតែព្រមព្រៀងគ្នាលើការសម្រេចចិត្តខាងនយោបាយជាឯកច្ឆ័ន។ បន្ទាប់មក ជំនួយនឹងត្រូវផ្តល់រួមគ្នាដោយក្រុមសម្ព័ន្ធមិត្ត។ ណាតូពន្យល់ថា ៖ “វាក៏មិនមែនចាំបាច់អំពីធម្មជាតិយោធាដែរ ហើយវាដំណើរការដោយធនធានសម្ភារៈដែលប្រទេសនីមួយៗ មាន។ ប្រទេសសមាជិកនីមួយៗ គឺមានសេរីភាពក្នុងការកំណត់អំពីរបៀបដែលពួកគេអាចចូលរួមចំណែក។”
”ការតាក់តែងអត្ថបទសន្ធិសញ្ញាគឺទូលាយគួរសម ដែលបន្សល់កន្លែងសម្រាប់ការវាយតម្លៃសម្រាប់ប្រទេសសាម៉ី ហើយរឿងនេះក៏អាចត្រូវការកុងសង់សុសរវាងសម្ព័ន្ធមិត្តផងដែរ។ នៅពេលត្រាំនិយាយថា មានការបកស្រាយច្រើនសម្រាប់មាត្រាទី៥ គាត់គឺពិតជាត្រឹមត្រូវទាំងស្រុង។ លោកអូលីវីយ៉េ កំ អ្នកឯកទេសនៃមូលនិធិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត បានលើកឡើងថា ៖ “ចុងក្រោយមាត្រាទី៥ គឺជាទង្វើនៃភក្តីភាព។ វាដំណើរការនៅក្នុងវិធានការដែលប្រទេសមួយៗ នៃបក្សសម្ព័ន្ធ ផ្តល់ទំនុកចិត្តលើអ្វីដែលពួកគេនិយាយ”។
Daily Program
