ដូណាល់ ត្រាំ និងស្រមោលចារកម្មចិន ៖ ការជជែកវែកញែកនៅពេលមេដឹកនាំ អាម៉េរិក បើកភ្លើងខៀវឱ្យមហាសេដ្ឋីបន្ទះឈីបអេនវ៉ាយឌៀ ឡើងយន្តហោះ អ៊ែរ ហ្វ៉ស វ័ន
យោងតាមសារព័ត៌មានធំៗពីរ គឺញូ យ៉ក ថែមស៍ (New York Times) និងស៊ីអេនៗ (CNN) បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាបានទទួលការព្រមានពីមន្ត្រីជាន់ខ្ពស់របស់លោកយ៉ាងហោចណាស់ ២លើក រួមទាំងពីរដ្ឋមន្ត្រីការបរទេស លោកម៉ាកកូ រូប៊ីយ៉ូ ផងដែរ ជុំវិញការសង្ស័យលើទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍រវាងអគ្គនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា អេនវ៉ាយឌៀ (Nvidia) លោកជេនសេន ហ័ង (Jensen Huang) ជាមួយស្ត្រីម្នាក់ដែលត្រូវបានចារកម្មអាម៉េរិកសង្ស័យថាជាភ្នាក់ងារសម្ងាត់របស់ទីក្រុងប៉េកាំង ប៉ុន្តែលោកត្រាំនៅតែបន្តអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះរួមដំណើរតាមយន្តហោះប្រធានាធិបតីទៅកាន់ប្រទេសចិនដដែល។
រឿងអាស្រូវផ្នែកសន្តិសុខជាតិអាម៉េរិក និងនយោបាយថ្មីមួយបានផ្ទុះឡើងនៅក្នុងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដែលចោទជាសំណួរយ៉ាងខ្លាំងទៅលើរបៀបដឹកនាំ និងការថ្លឹងថ្លែងរវាងផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។ យោងតាមរបាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយដោយកាសែត ញូ យ៉ក ថែមស៍ និងបណ្តាញសារព័ត៌មានស៊ីអេនៗ បានឲ្យដឹងថា មានភាពផ្ទុយគ្នារវាងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោកប្រធានាធិបតី និងទិន្នន័យសម្ងាត់របស់មន្ត្រីជាន់ខ្ពស់ បានបង្ហាញពីភាពស្មុគស្មាញនៅពីក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០២៦។
បើពិនិត្យមើលលើកាលប្បវត្តិនៃព្រឹត្តិការណ៍តាមរយៈប្រភពព័ត៌មានអាម៉េរិកទាំងពីរនេះ លោកដូណាល់ ត្រាំ មិនមែនទើបតែដឹងរឿងនេះនៅពេលថ្មីៗនោះទេ។ តាមការចុះផ្សាយរបស់ញូ យ៉ក ថែមស៍ លោកប្រធានាធិបតីត្រូវបានគេជូនដំណឹងតាំងពីចុងឆ្នាំ២០២៥ មកម្ល៉េះ អំពីទំនាក់ទំនងក្រៅផ្លូវការរវាងលោក ជេនសេន ហ័ង មេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងស្ត្រីម្នាក់ឈ្មោះ អាលីស ហ័ង ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកដាក់ការសង្ស័យថាជាចារនារីធ្វើការឱ្យអាជ្ញាធរក្រុងប៉េកាំងក្នុងគោលបំណងជ្រៀតចូលក្រុមហ៊ុនផលិតបន្ទះឈីបយក្សអេនវ៉ាយឌៀ។ ក្នុងរយៈពេលត្រឹមតែ ៧ខែប៉ុណ្ណោះ លោក ត្រាំ ទទួលបានការព្រមានយ៉ាងហោចណាស់ពីរលើក។
ចំណុចរបត់ដ៏គួរឱ្យចាប់អារម្មណ៍បំផុត បានកើតឡើងនៅអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន លោកស៊ី ជីនពីង។ ដំបូងឡើយ លោក ជេនសេន ហ័ង មិនមានឈ្មោះក្នុងបញ្ជីគណៈប្រតិភូធុរកិច្ចអាម៉េរិកទេ។ ប៉ុន្តែនៅពេលយន្តហោះប្រធានាធិបតី អ៊ែរ ហ្វ៉ស វ័ន (Air Force One) ចុះចតចាក់សាំងនៅរដ្ឋអាឡាស្កា លោកត្រាំ ស្រាប់តែសម្រេចចិត្តអញ្ជើញលោក ហ័ង ឱ្យឡើងជិះយន្តហោះជាមួយលោកដោយផ្ទាល់។
យ៉ាងណាមិញ ប្រភពពីស៊ីអេនៗ និង ញូ យ៉ក ថែមស៍ កត់សម្គាល់ថា នៅលើយន្តហោះឆ្ពោះទៅប៉េកាំង អ្នកទាំងពីរបានជួបសន្ទនាគ្នាតែមួយភ្លែតប៉ុណ្ណោះ មុនពេលលោកហ័ង ត្រូវបានរៀបចំឱ្យស្នាក់នៅផ្នែកដាច់ដោយឡែកមួយស្ទើរពេញមួយជើងហោះហើរ ដែលអាចឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នផ្នែកពិធីការ ឬការរក្សាគម្លាតនយោបាយ។
នៅចំពោះមុខសម្ពាធពីអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បានព្យាយាមបដិសេធថា លោកមិនបានទទួលព័ត៌មានទាំងនេះមុនជំនួបកំពូលជាមួយលោកស៊ី ជីនពីង ឡើយ។
ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពតានតឹងផ្ទៃក្នុងនៃនយោបាយអាម៉េរិក ៖ ខណៈដែលមន្ត្រីការទូត និងចារកម្មផ្តល់អាទិភាពខ្ពស់លើការទប់ស្កាត់ការលេចធ្លាយបច្ចេកវិទ្យាអេអាយ AI ទៅកាន់ប្រទេសចិន មេដឹកនាំសេតវិមានហាក់ដូចជាផ្តល់តម្លៃលើទំនាក់ទំនងជាមួយមហាសេដ្ឋីបច្ចេកវិទ្យាដើម្បីជាប្រយោជន៍សេដ្ឋកិច្ច និងនយោបាយការទូត ទោះបីជាត្រូវប្រឈមនឹងហានិភ័យខាងចារកម្មក៏ដោយ។
