ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យរួមគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

មុនពេលបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា លោកប្រធានាធិបតី Xi Jinping បានបញ្ចេញនូវសារដ៏មានសារសំខាន់ជូនចំពោះប្រជាជន និងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ខាងក្រោមនេះជាសារដើមទាំងស្រុងរបស់លោក ប្រធានាធិបតី Xi Jinping។
ខ្ញុំរីករាយណាស់ដែលមកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួម ចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។
សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំមកហើយ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡាបានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអានប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា«Bin Han»ដែលមានន័យថាភ្ញៀវកិត្តិយស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។ គ្រឿងព័រសឺឡែននិងគ្រឿងម្រ័ក្សណ៍ខ្មុកចិនត្រូវដឹកជញ្ជូនទៅកម្ពុជាតាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជាគ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរក្នុងប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គធ្លាប់និមន្តទៅប្រទេសចិនដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ«កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា» ដែលនិពន្ធដោយលោកជីវ តាក្វាន់នារាជវង្សយ័នសម័យបុរាណចិនឆ្នាំ១២៧១-១៣៦៨ បានក្លាយទៅជាឯកសារសំខាន់ ដើម្បីសិក្សាស្រាវជ្រាវប្រវតិ្តសាស្ត្រកម្ពុជា។ អរិយធម៌ចិន និងខ្មែរដ៏អស្ចារ្យបានឆ្លងកាត់ពេលវេលាយូរលង់ និងមានពន្លឺចែងចាំងទៅវិញទៅមក។
ការផ្តល់តម្លៃដល់មនោសញ្ចេតនានិងគុណធម៌ ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រធានម៉ៅ សេទុងនិងនាយករដ្ឋមន្ត្រី ជូ អេនឡៃ ដែលជាមេដឹកនាំជំនាន់ចាស់ប្រទេសចិននិងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ជាសហស្ថាបនិកនៃមិត្តភាពចិន-កម្ពុជា។ កាលពី៧០ឆ្នាំមុន ក្នុងឱកាសសន្និសីទក្រុង បាន ឌុង ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុនិងនាយករដ្ឋមន្ត្រី ជូ អេនឡៃ បានជួបគ្នាលើកដំបូងនិងរាប់អានគ្នាដូចជាមិត្តភ័ក្តិចាស់ ហើយកម្ពុជាបានពុះពាឧបសគ្គគ្រប់បែបយ៉ាងដើម្បីបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ១៩៥៨។ ប្រទេសចិនក៏បានគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងការតស៊ូរកយុត្តិធម៌ ដើម្បីទប់ទល់នឹងការឈ្លានពានពីបរទេស និងគាំពារអធិបតេយ្យភាពនិងឯករាជ្យជាតិ។ ភាគីទាំងពីរតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមកនាគ្រាដែលត្រូវការជំនួយពីគ្នា។ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុបានគង់នៅប្រទេសចិនជិត៤០ឆ្នាំ និងទ្រង់ទុកចិនជាស្រុកកំណើតទីពីរ។ បទចម្រៀងកោតសរសើរមិត្តភាពចិន-កម្ពុជាដូចជា«ស្រណោះប្រទេសចិន» ដែលជាស្នាព្រះហត្ថព្រះករុណា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនិងបន្តច្រៀងរហូតដល់សព្វថ្ងៃនេះ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ
មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅប្រទេសចិន ជារៀងរាល់ឆ្នាំ ហើយយើងបានជួបសំណេះសំណាលគ្នាយ៉ាងជិតស្និទ្ធជាច្រើនដង។
នាឆ្នាំ២០២០ ខ្ញុំបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គ្រឿងឥស្សរិយយសដ៏មានតម្លៃនេះបានបន្ទុកនូវជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះប្រជាជនកម្ពុជា។ចំពោះមុខកូវីដដែលជាវិបត្តិសតវត្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិនក្នុងអាកាសធាតុមានខ្យល់ខ្លាំងនិងធ្លាក់ព្រិល។ ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រច្រើនក្រុមទៅប្រទេសកម្ពុជាដើម្បីជួយជ្រោមជ្រែង ដោយភាគីទាំងពីរបានផ្តល់សម្ភារៈវេជ្ជសាស្ត្រជាច្រើនហូហែទៅវិញទៅមក។
ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានគាំទ្រផលប្រយោជន៍សំខាន់ទៅវិញទៅមករួមដៃគាំពារសមធម៌និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។
សមភាព និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក បានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងខ្លាសម្រាប់សហគមន៍វាសនារួមចិន-កម្ពុជា។ ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ដោយភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន គឺធ្វើឱ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន ់រាប់ម៉ឺន នៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា គឺបានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន ដូចជាផ្លូវល្បឿនលឿនទីមួយ ស្ពានអាកាសឆ្លងកាត់ជួរភ្នំទីមួយ ស្ថានីយ៍អគ្គិសនីធំបំផុត និងពហុកីឡដ្ឋានធំបំផុតជាដើម គឺបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា។
បរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋានរឹងមាំនៃសហគមន៍វាសនារួមចិន-កម្ពុជា។ ប្រទេសចិនបានបញ្ជូនអ្នកជំនាញវិស័យបុរាណវិទ្យា វិស័យស្ទង់ភូមិសាស្ត្រ វិស័យប្រវត្តិសាស្ត្រនិងវប្បធម៌ វិស័យស្ថាបត្យកម្មជាដើម មកធ្វើការនៅកម្ពុជាជិត៣០ឆ្នាំ ដើម្បីអនុវត្តគម្រោងជួសជុលប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងព្រះបរមរាជវាំងអង្គរធំ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌនៃអរិយធម៌មនុស្សជាតិ មានភាពរុងរឿងឡើងវិញ។ មានភ្ញៀវទេសចរចិនកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏អស្ចារ្យ។ មានមិត្តភ័ក្តិកម្ពុជាកាន់តែច្រើនរៀនភាសាចិន ដើម្បីគយគន់អរិយធម៌ចំណាស់ចិន និងទំនើបកម្មបែបចិន។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានជួយសាងសង់«ផ្លូវមិត្តភាព» ជីក«អណ្តូងសុភមង្គល» និងអភិវឌ្ឍគម្រោងភូមិមិត្តភាពចិន-កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា បានជួយក្មេងស្រីថ្លង់ ឱ្យចេះនិយាយថា “ម៉ាក់” ជាលើកដំបូងក្នុងជីវិតរបស់នាង និងបានជួយអ្នកជំងឺដែលប្រើប្រាស់កៅអីរុញជាយូរឆ្នាំ អាចក្រោកឈរឡើងវិញបាន។
ជាងកន្លះសតវត្សកន្លងមក អាស៊ីបង្កើតបាន«អច្ឆរិយអាស៊ី» នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍពិភពលោក ដោយបានរក្សាសន្តិភាពនិងស្ថិរភាពជាទូទៅ រួមទាំងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដែរ។ បច្ចុប្បន្ន ស្ថានការណ៍ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងមួយសតវត្ស ដោយអាស៊ីកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ការស្តារឡើងវិញជារួម។ ចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតការទូតជាមួយប្រទេសជិតខាង ប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមណីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាងជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។
ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ចិននិងកម្ពុជាគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងរួមគ្នានិងសម្រេចបានជោគជ័យរួមគ្នា។ ចិននិងកម្ពុជាគួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។
យើងត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយទៅវិញទៅមក ឲ្យបានស៊ីជម្រៅនិងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។
យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចះត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។
យើងត្រូវតែរួមគ្នាពង្រឹងការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់។ យើងត្រូវតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអុិនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរ។ យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោតសំខាន់ទៅលើធ្វើការរួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។
យើងត្រូវតែជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែញឹកញាប់។ យើងត្រូវប្រកាន់ខ្ជាប់សាមគ្គីភាពនិងភាពសុខដុមរមនា បង្កើនការសន្ទនានិងទំនាក់ទំនងលើវិស័យអរិយធម៌ ជំរុញការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ ធ្វើកិច្ចសហប្រតិបត្តិការតាមទម្រង់សម្បូរបែបក្នុងវិស័យ ទេសចរណ៍ វប្បធម៌ ការជួសជុលនិងអភិរក្សរបេតិកភណ្ឌ ការផ្លាស់ប្តូរយុវជនជាដើម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរួមគ្នាលើកកម្ពស់គុណតម្លៃអាស៊ី និងគុណតម្លៃរួមរបស់មនុស្សជាតិ។
យើងត្រូវតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យមានស្តង់ដារកាន់តែខ្ពស់។ យើងត្រូវស្រូបយកនូវបញ្ញាពីគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីសន្និសីទក្រុងបានឌុង ពន្លឿនការកសាងសហគមន៍វាសនារួមរវាងប្រទេសឡានឆាង-មេគង្គ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព រួមគ្នាកសាងអាស៊ីប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ភាពស្រស់ស្អាត មេត្រីភាពនិងភាពសុខដុមរមនា។ យើងត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាព នយោបាយអំណាច និងការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រទេសកំពុងអភិវឌ្ឍន៍។ យើងអំពាវនាវឱ្យមានពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ប្តេជ្ញារក្សាសន្តិភាព ស្ថិរភាពពិភពលោក និងសមធម៌ យុត្តិធម៌អន្តរជាតិ រួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម ដើម្បីរក្សាភាពបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កំណាព្យចិនបុរាណមួយពោលថា មិត្តភក្តិពិតប្រាកដប្រៀបដូចជាមាសសុទ្ធ វានឹងមិនមានការប្រែប្រួលសូម្បីតែចម្រាញ់ច្រើនលើកច្រើនសាក៏ដោយ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលបានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងក្តីលំបាក នឹងកាន់តែរឹងមាំ និងសម្រេចបានសមិទ្ធផលជាផ្លែផ្កា។ ភាគីចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមជាមួយភាគីកម្ពុជា ការពារសន្តិភាព ស្វែងរកការអភិវឌ្ឍ និងបង្កើតភាពរុងរឿងរួមគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល៕
Daily Program
