ក្រុមអធិការកិច្ចអន្តរស្ថាប័ន ចាប់ផ្តើមកិច្ចប្រជុំដំបូងរបស់ខ្លួន នាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រុមអធិការកិច្ចអន្តរស្ថាប័ន ដែលត្រូវបានប្រកាសសមាភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ក្រោមការចង្អុលបង្ហាញ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវអនុសាសន៍ក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ បានជួបប្រជុំគ្នាជាលើកដំបូងនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្តីការក្រសួង។
យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការងារ បានថ្លែងបញ្ជាក់ពីគោលបំណងនៃការបង្កើតក្រុមអធិការកិច្ចនេះ គឺដើម្បីជំរុញឱ្យមានអនុលោមភាពក្នុងវិស័យនីមួយៗដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញវិស័យឯកជនមានការរីកចម្រើនលូតលាស់ឆាប់រហ័សបន្ថែមទៀត។
លោកបានបន្តថា កម្មករនិយោជិតដែលធ្វើការក្នុងវិស័យនីមួយៗទទួលបានកិច្ចគាំពារដែលនឹងបង្កើតបានជាបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ដែរថា សមាជិក សមាជិកា ដែលមកពីក្រសួងស្ថាប័នចំនួន៦ផ្សេងទៀតរួមមាន ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសុទ្ធសឹងតែជាក្រសួងជំនាញលើការចុះអធិការកិច្ច។
ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងនេះ មានតួនាទីសំខាន់ៗចំនួន៥ រួមមាន៖ ទី១. រៀបចំសមាសភាព និងបែងចែកក្រុមអធិការកិច្ចក្រសួងតាមវិស័យ និងធ្វើការផ្លាស់ប្តូរសមាសភាពតាមការចាំបាច់ ទី២. រៀបចំកម្មវិធីចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងពេលតែមួយ និងចុះតែម្តងក្នុងឆ្នាំសម្រាប់គោលដៅសហគ្រាស គ្រឹះស្ថានតែមួយ លើកលែងតែអធិការកិច្ចពិសេស ឬមានបណ្តឹង។
ទី៣. សហការជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ច ទី៤. រៀបចំទម្រង់របាយការណ៍ស្តីពីអធិការកិច្ចសម្រាប់ចុះធ្វើអធិការកិច្ចរួមគ្នា និងទី៥ រៀបចំកិច្ចប្រជុំប្រចាំត្រីមាសដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍នៃការចុះធ្វើអធិការកិច្ចរបស់ក្រុមអធិការកិច្ចអន្តរក្រសួង។
គួររំលឹកថា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមអធិការកិច្ចអន្តរក្រសួងរបស់រាជរដ្ឋាភិបាលចុះអធិការកិច្ចទៅលើវិស័យឯកជនដែលត្រូវធ្វើត្រឹមតែមួយលើកក្នុងមួយឆ្នាំលើកលែងតែមានបណ្តឹង៕