កូនឈើចម្រុះជាង មួយម៉ឺន ដើមត្រូវបានដាំដើម្បីអបអរសាទរពិធីបុណ្យ រុក្ខទិវា នាព្រៃសង្ឃរុក្ខវ័ន

អង្គការជេស្វីតសឺវីសកម្ពុជា និងគ្រីស្តបរិស័ទកាតូលិកប្រមាណ៣០នាក់ បានចូលរួមកម្មវិធីដាំកូនឈើ ចម្រុះជាងមួយម៉ឺន ដើម្បីអបអរសាទរពិធីបុណ្យ រុក្ខទិវា នាថ្ងៃទី១៣ ខែកក្កដា នាបរិវេណព្រៃសហគមន៍សង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ មន្ត្រីរាជការ ព្រះសង្ឃ តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនប្រមាណជាង ៥០០អង្គនិងនាក់។
កម្មវិធីនេះ ធ្វើឡើងក្រោមប្រធានបទ រួមគ្នាដាំកូនឈើ ដើម្បីជីវិតនិងភពផែនដី ដើម្បីស្តារគម្របព្រៃឈើឡើងវិញ ដើម្បីរួមចំណែកកាត់បន្ថយកម្តៅលើភពផែនដីនិងការប្រែប្រួលអាកាសធាតុ និងដើម្បីបញ្ជ្រាបការយល់ដឹងនិងបណ្តុះស្មារតីដល់សហគមន៍ និងពលរដ្ឋគ្រប់រូប ឱ្យស្រឡាញ់ធនធានធម្មជាតិ។
កញ្ញា បាញ់ ចិន្តា មន្ត្រីអង្គការ ជេស្វីត សឺវីសកម្ពុជា (JSC) ក្នុងគម្រោងផ្នែកបរិស្ថាន បានឱ្យដឹងថា អង្គការ JSC បានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយព្រឹត្តការណ៍នេះ ដោយបានឧបត្ថម្ភ កូនឈើប្រណិតចម្រុះ ៤០០០ កូន ដូចជាក្រញូង បេង ឈើទាល គគីរ កកោះ ជាដើម។
កញ្ញាបានបន្តទៀតថា ការចូលរួមរបស់យើងនៅថ្ងៃនេះ បង្ហាញថា យើងជាផ្នែកមួយដែលរស់នៅក្នុងភពផែនដីនេះ ដែលបានទទួលអ្វីៗជាច្រើន ដែលព្រះជាម្ចាស់បានបង្កើត សម្រាប់យើងទាំងអស់គ្នា ហើយក្នុងស្ថានភាពដែលភពផែនដីកំពុងមានរបួស យើងទាំងអស់គ្នា មានតួនាទីថែរក្សា តាមរយៈសកម្មភាពផ្សេងៗដែលអាចធ្វើបាន។
ស្ត្រីជាគ្រីស្តបរិស័ទរូបនេះបន្តថា សកម្មភាពរបស់មនុស្សសព្វថ្ងៃគឺជះឥទ្ធិពលដល់បរិស្ថាន ដូច្នេះ យើងត្រូវរស់នៅដោយស្រឡាញ់ធនធានធម្មជាតិ ដោយមិនប្រើប្រាស់ប្លាស្ទីក ដាំកូនឈើឡើងវិញ រៀននិងឈ្វេងយល់ពីបញ្ហាបរិស្ថានក្នុងតំបន់ផ្សេងៗ កាត់បន្ថយការញ៉ាំសាច់ ប្រើប្រាស់សម្ភារណាដែលមានអាយុកាលវែង កាត់បន្ថយការប្រើប្រាស់យាន្តជំនិះ និងការប្រើប្រាស់ខ្ជះខ្ជាយ ការសន្សំសំចៃទឹក ភ្លើង មិនតែប៉ុណ្ណោះចូលរួមផ្សព្វផ្សាយដល់អ្នកនៅក្នុងសហគមន៍ និងសង្គមយើងទាំងអស់ឱ្យយល់ដឹង និងចូលរួមផងដែរ។
កញ្ញា រឿន សាវឌី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងតាវ ខេត្តឧត្តរមានជ័យ បានលើកឡើងថា ការចូលរួមនៅថ្ងៃនេះ មានសារៈសំខាន់ណាស់ ដើម្បីដាំដើមឈើឡើងវិញ ជួយបង្កើតបន្ថែមនូវអុកស៊ីសែន ដែលជាឧស្ម័នបរិសុទ្ធ ជួយដល់ការដកដង្ហើមរបស់យើងទាំងថ្ងៃនេះ ក៏ដូចជាអនាគតសម្រាប់នាងក៏ដូចជាអ្នកជំនាន់ក្រោយ។
សាវឌី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដាំកូនឈើឡើងវិញ ថែរក្សា និងការពារ ដោយរារាំង រាយការណ៍ ទៅអាជ្ញាធរដែលពាក់ព័ន្ធ ពីជនដែលមានបំណងកាប់ រឺដុតបំផ្លាញព្រៃឈើ។
អ្នកស្រី ខុង ផន វ័យ៧៤ឆ្នាំដែលបានមកចូលរួមលើកទី១ជាមួយកូនចៅ និងពលរដ្ឋក្នុងភូមិចុងកាល់ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សង្ឃឹមថា ដើមឈើដែលបានដាំនៅថ្ងៃនេះ នឹងរស់បានល្អ រីកចម្រើន ដើម្បីជួយឱ្យបរិស្ថានល្អ សម្រាប់កូនចៅជំនាន់ក្រោយ។
កញ្ញា ធុង ឈីងជាវ ជាសមាជិកសមាគមបណ្តាញយុវជនកម្ពុជា (CYN) នេះជាលើកទី២ ហើយដែលកញ្ញាបានចូលរួម។ នាងប្រាប់ថា ប្រសិនវិនាសកម្មព្រៃឈើ គឺស្មើនិងវិនាសកម្មនៃជីវិតមនុស្ស ព្រោះបើកាលណាបាត់បង់ព្រៃឈើ មិនសត្វ រឺមនុស្ស មិនថាអ្នកបំផ្លាញ រឺអ្នកថែរក្សាទេ នឹងនាំឱ្យមានបញ្ហាជៀសមិនផុត។
ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សហគមន៍នេះ ជាសហគមន៍ការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃយ៉ាងសកម្មរហូតទទួលបានជ័យលាភីរង្វាន់អេក្វាទ័រក្នុងឆ្នាំ២០១០ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលដោយចេញអនុក្រឹតស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន» ដែលមានទំហំ ១៨២៦១ ហិកតា ដឹកនាំ គ្រប់គ្រង ការពារ អភិរក្សដោយព្រះសង្ឃ៕
ដោយសុខ កែវរតនា











Daily Program
