កិច្ចប្រជុំកំពូល គីម ពូទីន ៖ កិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមក ក្នុងករណី មាន ការវាយប្រហារ

ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានថ្លែងថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី កាលពី ថ្ងៃ ពុធ ទី១៩ មិថុនា បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងដៃគូ​យុទ្ធ​សាស្រ្តសកល ដែលគ្រោង​ផ្តល់​ជំនួយទ្វេភាគី​ក្នុងករណីមានការឈ្លានពាន។ លោកវ្លាឌីមៀ ពូទីន ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ នៅ​ទីក្រុងព្យុងយ៉ាង​សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។​ លោកបាន​ទទួល​ការ​​គាំទ្រដ៏ជឿជាក់​ពី​លោក​គីម ជុនអ៊ុន សម្រាប់សង្រ្គាមប្រឆាំង​នឹង​អ៊ុយក្រែន។

ឆ្លើយតបទៅកាន់សារព័ត៌មាន បន្ទាប់ពី​បានចុះហត្ថលេខាលើឯកសារ លោកវ្លាឌីមៀ ពូទីន បាន​ថ្លែងថា ៖ “សន្ធិសញ្ញាសម្រាប់ដៃគូសកល ដែលចុះហត្ថលេខានៅពេលនេះ គឺជា​ការ​ផ្តល់​ជំនួយ​ឲ្យគ្នាទៅវិញទៅមក នៅក្នុងករណីមានការឈ្លានពាន​ប្រឆាំងនឹងភាគី​ណាមួយនៃ​សន្ធិសញ្ញា”។  លោកបានព្រមានថា ៖ “​រុស្ស៊ី និងកូរ៉េ នឹងដឹកនាំនយោបាយការ​បរទេស​ឯករាជ្យ និងមិនទទួលស្គាល់ភាសាគំរាមកំហែង ការដាក់ឱសានវាទ ឬក៏ភាសានៃការទាមទារ​ដោយ​​​មិនចរចានោះឡើយ”។

ប្រធានាធិបតីរុស្ស៊ីបានវាយតម្លៃកិច្ចព្រមព្រៀងថា ជាឯកសារ​បដិវត្តដ៏ពិតប្រាកដ និងបន្ថែមថា រុស្ស៊ី នឹងមិនដកចេញនូវកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា​ជាមួយ​ទីក្រុងព្យុងយ៉ាងនោះ​ឡើយ។ លោកវ្លាឌីមៀ ពូទីន ក៏វាយតម្លៃថា រុស្ស៊ី និងកូរ៉េខាងជើង ធ្លាប់បាន​ប្រយុទ្ធរួមគ្នា ប្រឆាំង​នឹងអនុត្តរភាពរបស់អាម៉េរិក។

លើកឡើង​ដោយទីភ្នាក់ារងារសារព័ត៌មានរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង លោកគីម ជុនអ៊ុន បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀងជាមួយនឹងរុស្ស៊ី គឺជាការការពារខ្លួន។

នេះគឺជាដំណើរទស្សនកិច្ច​ទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០ ដែលលោកវ្លាឌីមៀ ពូទីន វាយតម្លៃថា ជាមិត្តដ៏ប្រសើររបស់ប្រទេសលោក។ លោកបានអបអរសាទ​នូវ​ព្រឹត្តិការណ៍​​នៃយុគសម័យថ្មី​នៅក្នុងទំនាក់ទំនងកូរ៉េខាងជើង​ជាមួយទីក្រុងមូស្គូ។

ថ្លែងទៅកាន់ភ្ញៀវ កូរ៉េខាងជើងបានសម្តែងនូវការគាំទ្ររបស់ខ្លួនទាំងស្រុង និងសាមគ្គី​ភាព​ជាមួយ​រដ្ឋាភិបាល យោធា និងប្រជាជនរុស្ស៊ី នៅក្នុងការដឹកនាំប្រតិបត្តិការ​យោធាពិសេស​នៅ​ប្រទេស​អ៊ុយក្រែន ដើម្បីការពារអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងបូរណភាពដែន​ដី​​រុស្ស៊ី”។

ឆ្លើយតបវិញ លោកវ្លាឌីមៀ ពូទីន បាននិយាយថា យើង​លើកសរសើរ​ច្រើនចំពោះការគាំទ្រ​គ្រប់​យ៉ាង​ និងអចិន្ត្រៃយ៍​សម្រាប់នយោបាយរុស្ស៊ី រួមបញ្ចូលទាំងសំនុំរឿងអ៊ុយក្រែន”។

មេដឹកនាំកូរ៉េខាងជើង ជូនដំណើរលោកវ្លាឌីមៀ ពូទីន ទៅកាន់ព្រលាន​យន្តហោះ និង​បញ្ជាក់​អំពី​ការពង្រឹង​ទំនាក់ទំនង​ដែលបង្កការបារម្ភ​សម្រាប់ទី​ក្រុងសេអ៊ូល និង​ទីក្រុង​វ៉ាស៊ីនតុន។

លោកគីមជុនអ៊ុន បានស្វាគមន៍ ការខិតជិតគ្នារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។  មេដឹកនាំ​កូរ៉េខាងជើង​ដែលលើកឡើងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានថ្លែងថា ៖ “ទំនាក់​ទំនង​រវាងប្រទេសយើងបានចូលដល់យុគសម័យថ្មី និងរុងរឿងខ្លាំង ដែលវាមិនអាច​នឹង​ប្រៀបធៀបទោះបីជានៅអំឡុងពេលទំនាក់ទំនងសូវៀត កូរ៉េ​កាលពីសតវត្សមុនក៏ដោយ”។

នេះគឺជាដំណើរទស្សនកិច្ចជាលើកទី១ ទៅកាន់​ប្រទេសកូរ៉េខាងជើង ចាប់តាំងពី ២៤ឆ្នាំ មក​ហើយក៏ជាជំនួបទី២ រវាងបុរសទាំងពីរ​មិនដល់មួយឆ្នាំផង។ កាលពីខែកញ្ញា មុន លោកគីម ជុនអ៊ុន បានជិះរថភ្លើងពាសដែក​ទៅកាន់ភាពខាងកើតបំផុត​នៃប្រទេសរុស្ស៊ីដើម្បី​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​ជាមួយមេដឹកនាំវិមានក្រឹមឡាំង។

ទីក្រុងមូស្គូ និងព្យុងយ៉ាង ជាសម្ព័ន្ធមិត្តនឹងគ្នាចាប់តាំងពីការបញ្ចប់សង្រ្គាមកូរ៉េពីឆ្នាំ១៩៥០ ដល់​ឆ្នាំ១៩៥៣។ រដ្ឋធានីទាំងពីរ​បានខិតជិតគ្នាយ៉ាងខ្លាំង​ចាប់តាំងពីប្រតិបត្តិការយោធា​រុស្ស៊ី​ទៅ​លើអ៊ុយក្រែននៅឆ្នាំ២០២២។

 

Daily Program

Livesteam thumbnail