កងទ័ពកូរ៉េខាងជើងចន្លោះពី ៣០០០០នាក់ ដល់ ៥០០០០នាក់ ត្រូវ​បាន​ពង្រាយ​ក្នុង​ទ័ពរុស្ស៊ី ខណៈទីក្រុងគៀវ ស្នើអាវុធការពារអាកាសពីទីក្រុងសេអ៊ូល

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) បានចេញមុខ ប្រកាសអាសន្នថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពកូរ៉េខាងជើងចន្លោះពី ៣០០០០នាក់ ទៅ ៥០០០០ នាក់ នៅលើទឹកដីរបស់ខ្លួន ដើម្បីចូលរួមក្នុងប្រតិបត្តិការ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។ តួលេខថ្មីនេះ មានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងការវាយតម្លៃ​កាល​ពីខែកក្កដា កន្លងទៅ ដែលកាលនោះមានត្រឹមតែប្រមាណ ៣០០០០នាក់ប៉ុណ្ណោះ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គមអ៊ិក (X) កាលពីចុងសប្តាហ៍មុន ដោយ​លោកហ្សេឡេនស្គី បានបញ្ជាក់បន្ថែមថា ទីក្រុងគៀវបានរកឃើញសំណល់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ធ្លាក់នៅលើទឹកដីអ៊ុយក្រែនរួចទៅហើយ។ លោកបានសង្កត់ធ្ងន់ថា ព្យុងយ៉ាង​កំពុង​​ប្រាប់​ពិភពលោកថា ខ្លួនប្រើប្រាស់សង្គ្រាមនេះដើម្បីដកបទពិសោធន៍យុទ្ធសាស្ត្រ​សង្រ្គាម​ទំនើប និងដោះដូរយកបច្ចេកវិទ្យាអាវុធគ្រប់ប្រភេទពីទីក្រុងមូស្គូ។

ប្រឈមមុខនឹងការគំរាមកំហែងកាន់តែផ្ទាល់ពីសម្ព័ន្ធមិត្តរុស្ស៊ី-កូរ៉េខាងជើង ប្រធានាធិបតី​អ៊ុយក្រែន​ បានអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋាភិបាលទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ឲ្យ​ពង្រឹង​​កិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ុយក្រែន ជាពិសេសលើ «ប្រព័ន្ធការពារ​ដែន​អាកាស» ដែលវាជាចំណុចខ្សោយដ៏ធ្ងន់ធ្ងររបស់អ៊ុយក្រែននាពេលបច្ចុប្បន្ន។ លើស​ពី​នេះ អ៊ុយក្រែនក៏បានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យាការពារដែនអាកាស ដ្រូន (Drone) និងវិស័យការពារជាតិផ្សេងៗ​ទៀតជាមួយ​កូរ៉េ​ខាងត្បូងផងដែរ។

តាមប្រភពពីចារកម្មយោធាអ៊ុយក្រែនដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា អង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមពង្រាយនៅភាគខាងលិច​នៃប្រទេសរុស្ស៊ី​រួច​ហើយ ដោយបំពាក់ដោយមីស៊ីលបាលីស្ទីក (Ballistic Missiles) ប្រមាណ ១២០គ្រាប់ និង​ជើង​ទម្រ​បាញ់ចំនួន ៦គ្រឿង។ ផ្ទុយមកវិញ ប្រទេសអ៊ុយក្រែនកំពុង​ខ្វះខាតយ៉ាងខ្លាំង​នូវ​ប្រព័ន្ធ​ការពារ​អាកាសទំនើប ហើយរុស្ស៊ីព្យាយាម​ទាញចំណេញពីភាពទន់ខ្សោយនេះ​ដោយប្រើ​ប្រាស់​មីស៊ីលបាលីស្ទីកកាន់តែច្រើនឡើងដើម្បីបាញ់ ដែលវាធ្វើឲ្យមានការលំបាក​យ៉ាងខ្លាំង​សម្រាប់​​អ៊ុយក្រែនក្នុងការស្ទាក់ចាប់បាញ់ទម្លាក់ពួកវា។

ចំណែកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ រ៉ូក្កែត និងមីស៊ីលរាប់លាន​គ្រាប់​ពី​សំណាក់​កូរ៉េខាងជើង ត្រូវ​បាន​គេ​មើលឃើញថា ជាការអនុវត្តតាម «សន្ធិសញ្ញានៃ​ភាពជា​ដៃ​គូយុទ្ធសាស្ត្រសកល» ដែល​លោកវ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន បានចុះ​ហត្ថលេខា​កាល​ពីខែមិថុនា ឆ្នាំ២០២៤។ កតិកាសញ្ញានេះ​មានឃ្លាចែង​អំពី​ការ​ជួយគ្នាទៅវិញទៅមក នៅពេលមានការ​វាយ​ប្រហារពី​ខាង​ក្រៅ​លើប្រទេសណាមួយ​ក្នុង​ចំណោម​ទាំងពីរ។

ប្រទេសកូរ៉េខាងជើង បង្ហាញវត្តមានការដាក់ពង្រាយកងកម្លាំងរបស់ខ្លួន​ដូចជាជំនួយ​សម្រាប់​ដៃ​គូ​ដែលមាននៅក្នុងកិច្ចព្រមព្រៀង។ ទីក្រុងព្យុងយ៉ាង បានបញ្ជូលទាហានប្រមាណ ១៤០០០នាក់ នៅក្នុងតំបន់គូស្ក៍​របស់​រុស្ស៊ី​កាលពីឆ្នាំ២០០៤ ដែលជួយទីក្រុងមូស្គូ វាយរុញ​ច្រាន​​​ការជ្រៀតចូលដ៏ចម្បងរបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ី។

យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងដោយឯករាជ្យ បានឲ្យដឹងថា ប្រទេសកូរ៉េ​ខាង​ជើង បានផ្គត់ផ្គង់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងគ្រាប់ត្បាល់ រាប់លានគ្រាប់ ព្រមទាំងមីស៊ីល​បាលីស្ទីក​ជាច្រើន កាំភ្លើងធំបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់រ៉ូកែតពហុមុខងារ​ផងដែរ។

រហូតមកដល់ពេលនេះ ទូតកូរ៉េខាងជើងប្រចាំនៅរុស្ស៊ី និងក្រសួងការបរទេស​កូរ៉េ​ខាង​ត្បូង នៅមិនទាន់បានចេញមុខឆ្លើយតប ឬធ្វើអត្ថាធិប្បាយជុំវិញការលើក​ឡើងរបស់​ប្រធានាធិបតី​អ៊ុយក្រែននៅឡើយទេ៕

 

Daily Program

Livesteam thumbnail
khmer popup image