រនាល ស សំបូររស់នៅតំបន់រ៉ាមសារ ព្រែកទាល់ និងអាងត្រពាំងថ្ម
រនាល ស សំបូររស់នៅតំបន់ដីសើម រ៉ាមសារ ដូចជាព្រែកទាល់ និងមួយចំនួននៅអាងត្រពាំងថ្ម។ រនាល ស ជាប្រភេទសត្វស្លាបតំបន់ឆ្នេរ តែមានជម្រកយ៉ាងកំរក្នុងប្រទេសកម្ពុជាដែលជាតំបន់តែមួយគត់នៅអាស៊ីអាគ្នេយ៍ដីគោកដែលមានសត្វស្លាបនេះរស់នៅ។
អង្គការ Wildlife បានឱ្យដឹថា បឹងទន្លេសាបមិនត្រឹមជាប្រភពទឹកដ៏សំខាន់ប៉ុណ្ណោះទេ តែក៏ជាតំបន់បន្តពូជពងកូនតែមួយគត់របស់សត្វស្លាបដ៏អស្ចារ្យនេះនៅលើពិភពលោក ដែលនេះសបង្ហាញឱ្យឃើញពីសារៈសំខាន់ក្នុងការការពារតំបន់ធម្មជាតិដ៏អច្ឆរិយៈរបស់យើងមួយនេះ។ រនាលស ជាបក្សីមួយប្រភេទដែលមានដងខ្លួនពណ៌ស ស្លាបហើរទី១ និងទី២ ពណ៌ខ្មៅ មានមុខពណ៌ក្រហម ចំពុះពណ៌លឿងខ្ចីវែងខុបបន្តិច ជើងពណ៌ផ្កាឈូក ស្បែកមុខពណ៌ក្រហមចាស់។ ក៏ប៉ុន្តែ នៅពេលបន្តពូជ បក្សីនេះមានចំពុះពណ៌លឿងចាំង ស្បែកមុខពណ៌ក្រហមចាំង ដងខ្លួនពណ៌ទឹកដោះគោ។
តាមការសិក្សារបស់អ្នកអភិរក្ស បក្សីនេះក៏រស់នៅវាលភក់នៃតំបន់ទឹកជោនាច ព្រៃលិចទឹក និងព្រៃកោងកាង ជាពិសេសនៅតាមតំបន់ឆ្នេរ ហើយធ្វើការបន្តពូជ ឬរដូវពងកូនចាប់ពីខែសីហា ដល់ធ្នូ ហើយចំនួនពងពី ៣ទៅ ៤ប៉ុណ្ណោះក្នុងមួយឆ្នាំ៕

Daily Program
