មនុស្សជាង ៨០លាននាក់ ភៀសខ្លួននៅក្នុងប្រទេសរបស់ខ្លួន

យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលផ្សព្វផ្សាយកាលពីពាក់កណ្តាលខែឧសភាដោយអង្គការភៀសខ្លួនផ្ទៃក្នុង (IDMC) ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិអំពីបញ្ហានេះ បានឲ្យដឹងថា ភាគច្រើន លើសលុបនៃមនុស្សទាំងនេះ ៧៣លាននាក់ ត្រូវបានបង្ខំចិត្តភៀសខ្លួនដោយសារសង្រ្គាម ឬអំពើហិង្សា។
មិនដល់ ៦ឆ្នាំ ផង ចំនួនជនភៀសខ្លួន បានកើនឡើង ៨០% ដែលផ្តល់ជាភស្តុតាងសម្រាប់បាតុភូតរចនាសម្ព័ន្ធដែលកាន់តែធ្ងន់ធ្ងរ តាមរយៈភាពស្មុគស្មាញនៃគ្រួសារដែលគ្មានស្ថិរភាព។ នៅអំឡុងការបញ្ចេញការសិក្សាថ្មី លោកស្រី អាមី ប៉ូប ដែលជាអគ្គនាយិកានៃអង្គការអន្តរជាតិសម្រាប់ជនអន្តោប្រវេសន៍ បានព្រមានថា ៖ “ចំនួននេះគឺជាការព្រមានច្បាស់។ គ្មានសកម្មភាពក្លាហាន និងគ្មានការសម្របសម្រួល ចំនួននៃប្រជាជនដែលភៀសខ្លួននៅផ្ទៃក្នុងប្រទេសខ្លួន នឹងបន្តកើនឡើងយ៉ាងលឿន”។
ឆ្នាំ២០២៤ ត្រូវបានកត់សម្គាល់ដោយវិបត្តិជាច្រើន និងវិសាលភាពធំដាច់ដោយឡែក។ ជម្លោះនៅប្រទេសស៊ូដង់ ដែលបានផ្ទុះឡើងនៅខែមេសា ឆ្នាំ២០២៣ រវាងទាហានរដ្ឋាភិបាល និងក្រុមទាហានប៉ារ៉ានៃកងកម្លាំងគាំទ្ររហ័ស (FSR) បានបង្កជាការផ្លាស់ទីលំនៅមនុស្សជាង ១១លាននាក់ នៅក្នុងផ្ទៃប្រទេស ដែលនេះគឺជាឯកតកម្មនៃពិភពលោកសម្រាប់រដ្ឋតែមួយ។
នៅក្នុងតំបន់ហ្គ៉ាហ្ស៉ា ប្រជាជនស្ទើរតែទាំងអស់ ច្រើនជាង ២លាននាក់ បានភៀសខ្លួនចាប់តាំងពីដើមឆ្នាំ ដោយឥទ្ធិពលនៃសង្រ្គាមដ៏បំផ្លិចបំផ្លាញ និងការវាយប្រហារដ៏សម្បើមរបស់អ៊ីស្រាអែល ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលមានសារសំខាន់។
នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC) ការកើតឡើងវិញនូវអស្ថិរភាព នៅភាគខាងកើតនៃប្រទេស បានបង្កឲ្យមានមនុស្សច្រើនជាង ៥លាននាក់ ភៀសខ្លួននៅក្នុងប្រទេសនៅឆ្នាំ២០២៤ ដែលសំខាន់គឺនៅក្នុងខេត្ត គីវូខាងជើង និងអ៊ីទូរី ដែលនេះក៏ជាកម្រិតឯកតកម្ម។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មាន ១០ប្រទេស ដែលប្រទេសមួយៗ មានប្រជាជនច្រើនជាង ៣លាននាក់ បានធ្វើការភៀសខ្លួនដោយសារសង្រ្គាម ឬអំពើហិង្សា។ ការកើនឡើងនៃចំនួននៃជនភៀសខ្លួនខាងក្នុងប្រទេសជាសកល ដែលមាន ៧,៥លាននាក់ នៅឆ្នាំ២០២៤ បញ្ជាក់អំពីថាមភាពនេះ នឹងកើតក្នុងរយៈពេលយូរតទៅមុខទៀត។
ជម្លោះសង្រ្គាមបន្ថែមពីលើមហន្តរាយគ្រោះធម្មជាតិ ដែលស្ថិតនៅតែជាម៉ូទ័រសំខាន់នៃការភៀសខ្លួន។ ឆ្នាំ២០២៤ បានស្គាល់នូវកំពូលដែលមិនធ្លាប់មានដោយមានការភៀសខ្លួនថ្មីរបស់ប្រជាជនជិត ៤៦លាននាក់ដោយសារគ្រោះមហន្តរាយធម្មជាតិ។ ខ្យល់ព្យុះស៊ីក្លូន តំណាងជាងពាក់កណ្តាលនៃមូលហេតុមហន្តរាយដែលបង្ខំឲ្យមានការភៀសខ្លួន។
សហរដ្ឋអាម៉េរិក ដែលរងការវាយប្រហារជាទៀងទាត់ដោយគ្រោះអគ្គីភ័យ គ្រោះទឹកជំនន់ និងខ្យល់ព្យុះ តំណាងឲ្យជិត ១/៤ នៃការភៀសខ្លួនដែលពាក់ព័ន្ធនឹងមហន្តរាយអាកាសធាតុ។ ប្រទេសនេះលេចមុខក្នុងចំណោម ២៩រដ្ឋ និងដែនដី ដែលបានកត់ត្រានូវកម្រិតដ៏ខ្ពស់បំផុតនៃការភៀសខ្លួនដែលមិនដែលធ្លាប់បានកត់ត្រា។
របាយការណ៍បញ្ជាក់ថា ភាពកាន់តែធ្ងន់ធ្ងរនៃបាតុភូតឧតុនិយមហួសហេតុ ដែលផ្សំជាមួយនឹងការរីកវិសាលភាពនៃសង្រ្គាម នឹងផ្តល់ហានិភ័យធ្វើឲ្យហក់ឡើងកាន់តែខ្ពស់នៃជនភៀសខ្លួននៅឆ្នាំដែលនឹងមកដល់។
ការសិក្សាព្រមានដែរថា ៖ “ភាពញឹកញាប់ រយៈពេល និងវិសាលភាពនៃព្រឹត្តិការណ៍ឧតុនិយម ដែលបន្តកាន់តែធ្ងន់ធ្ងរ នឹងធ្វើឲ្យតួលេខនៃជនភៀសខ្លួនគួរតែបន្តកើនឡើងដែរ។”
ប្រឈមនឹងវិបត្តិមកពីគ្រប់ទិសនេះ តួអង្គកិច្ចការមនុស្សធម៌អំពាវនាវឲ្យពង្រឹង ការបង្ការ ការការពារជនស៊ីវិល និងធ្វើសមាហរណកម្មនៃការភៀសខ្លួនខាងក្នុងប្រទេស នៅក្នុងនយោបាយនៃការអភិវឌ្ឍ និងការសម្របខ្លួននឹងអាកាសធាតុផង។
Daily Program
