មនុស្សកាន់តែឆាប់ចាស់ដោយសារការកើនកម្តៅអាកាសធាតុ

ចំនួន រយៈពេល និងវិសាលភាពនៃរលកកម្តៅ កើនឡើងគ្រប់ទីកន្លែងនៅលើពិភពលោក លោកដោយសារការកើនកម្តៅអាកាសធាតុ ជាមួយនឹងវិបាកដ៏បំផ្លិចបំផ្លាញដ៏មាន សក្តានុពលរបស់វាសម្រាប់សុខភាព។
គេដឹងច្បាស់ថា រលកក្តៅអាចមានផលវិបាកធ្ងន់ធ្ងរខ្លាំងមកលើសុខភាព ជាឧទាហរណ៍វាបង្កឲ្យមានមនុស្សស្លាប់ ៣៧០០នាក់ នៅបារាំងនៅអំឡុងរដូវក្តៅឆ្នាំ២០២៤ បន្ថែមពីលើ ៥០០០នាក់ស្លាប់នៅឆ្នាំ២០២៣ និងជិត ៣៣០០០នាក់រវាងឆ្នាំ២០១៤ និងឆ្នាំ២០២២។ ឥទ្ធិពលដ៏មានសក្តានុពលនៃកម្តៅហួសហេតុដែលអាចបណ្តាលឲ្យស្លាប់ អាចពន្យល់បានតាមរយៈភាពស្រ្តេសនៃសរសៃឈាមបេះដូង ដែលបណ្តាលមកពីកម្តៅខ្លាំង និងចេះតែបន្ត។ ប៉ុន្តែលើសពីវិបាករយៈពេលខ្លី កម្តៅក៏អាចបំផ្លាញសុខភាពក្នុងរយៈពេលវែងផងដែរ។
អ្នកសិក្សាស្រាវជ្រាវនៃសកលវិទ្យាល័យកាលីហ្វ័រនីភាគខាងត្បូង សហរដ្ឋអាម៉េរិក បានបង្ហាញនៅក្នុងអត្ថបទមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Science Advances បានឲ្យដឹងថា មនុស្សដែលរស់នៅក្នុងកន្លែងដែលទទួលរងកម្តៅក្តៅហួសហេតុ អាចមានវ័យចាស់យ៉ាងលឿន និងខូចខាតសុខភាពរបស់ពួកគេបានយ៉ាងលឿនផងដែរ។
អ្នកសិក្សាស្រាវជ្រាវបានសិក្សាអំពីឥទ្ធិពលនៃកម្តៅសម្រាប់មនុស្សជិត ៤០០០នាក់ មានបុរស និងស្រ្តី ដែលមកពីគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក។ ម្នាក់ៗ បានផ្តល់សំណាក់ឈាមដើម្បីសិក្សាអំពីអាយុជីវសាស្រ្ត។ បន្ទាប់មកអ្នកវិទ្យាសាស្រ្តបានវិភាគអំពីភាពប្រែប្រួលនៃសីតុណ្ហភាពនៅក្នុងកន្លែងរស់នៅរបស់អ្នកចូលរួមក្នុងអំឡុងរយៈពេល ៦ឆ្នាំ មុននឹងយកឈាមម្តងទៀត។
នៅឆ្នាំចុងក្រោយនៃការយកឈាមទៅមើល អ្នកចូលរួមពិសោធន៍បានរស់នៅជាមធ្យម ១២៧ថ្ងៃ នៃកម្តៅក្តៅខ្លាំង និងមាន ៦ថ្ងៃ កម្តៅក្តៅហួសហេតុ។ រយៈពេលនៃកម្តៅខ្លាំងនេះ ប៉ះពាលជាពិសេសទៅនឹងមនុស្សដែលមានចំនូលទាប អ្នកដែលមានកម្រិតទទួលបានការអប់រំទាប ជនជាតិអាហ្វ្រិកអាម៉េរិក និងឡាទីនអាម៉េរិក។ នេះមានន័យថា នៅពេលពួកគេកាន់តែទទួលរងចំនួនថ្ងៃកាន់តែច្រើននៃកម្តៅខ្លាំងក្លា ខ្លួនប្រាណរបស់ពួកគេកាន់តែឆាប់ចាស់មុនអាយុ។
នៅក្នុងសេចក្តីប្រកាសមួយ លោកស្រីជេននីហ្វើ អាយស្ហ៊ៀ នាយិកានៃការសិក្សា និងសាស្រ្តាចារ្យសិក្សាសែននៅសកលវិទ្យាល័យកាលីហ្វ័រនីភាគខាងត្បូង បញ្ជាក់ថា ៖ “អ្នកចូលរួមដែលរស់នៅក្នុងទីកន្លែងដែលភាគច្រើននៃចំនួនថ្ងៃប្រចាំឆ្នាំត្រូវបានចាត់ទុកថា ក្តៅខ្លាំង ជាមួយនឹងសីតុណ្ហភាពខ្ពស់ជាង 32°C មានដូចជាតំបន់ហ្វូនីក ទៅដល់ អារីហ្ស៉ូណា ត្រូវបានឃើញថា ភាពកាន់តែចាស់នៃជីវសាស្រ្តរបស់ពួកគេ គឺមានរហូតដល់ច្រើនជាង ១៤ដង ជាងអ្នកដែលរស់នៅក្នុងកន្លែងដែលគេរាប់ឃើញចំនូនថ្ងៃក្តៅខ្លាំងមានតិចជាង ១០ថ្ងៃ ក្នុងមួយឆ្នាំ”។
អ្នកសិក្សាស្រាវជ្រាវព្រមានថា កម្តៅមិនមែនជាភាពប្រែប្រួលតែមួយដែលត្រូវតែផ្តោតនោះទេ ដោយសារតែសំណើមក៏អាចធ្វើឲ្យបញ្ហាធ្ងន់ធ្ងរដែរ ការដកខ្យល់តាមស្បែកដែលធ្វើឲ្យស្បែកមានសំណើមក៏ធ្លាក់ប្រសិទ្ធភាពនៅក្រោមសំណើមបរិយាកាសខ្ពស់។ កម្តៅអាចភាយចេញពីខ្លួនតាមរយៈការសាយភាយចំហាយរបស់ញើស។ ប៉ុន្តែបើខ្យល់មានសំណើមពេក ដំណកញើសមានការលំបាកនឹងសាយភាយចេញ ដូច្នេះកម្តៅក្នុងខ្លួនក៏លំបាកនឹងថយចុះ។
លោកស្រីជេននីហ្វើ អាយស្ហ៊ៀ បន្ថែមថា ៖ “ការរួមផ្សំរវាងកម្តៅ និងសំណើម គឺត្រូវតែត្រូវផ្តោចការយកចិត្តទុកដាក់ជាពិសេសសម្រាប់មនុស្សចាស់ ដោយសារតែពួកគេមិនយកខ្យល់តាមស្បែកបានល្អដូចជាក្មេងនោះទេ និងបានបាត់បង់សមត្ថភាពមួយផ្នែកដើម្បីធ្វើឲ្យរាងកាយត្រជាក់តាមរយៈការបំភាយចំហាយញើស”។
Daily Program
