នៅប្រទេសឥណ្ដូនេស៊ី ផ្ទៃដីព្រៃជាង ៧០០០០០ ហិចតា ត្រូវបានបំផ្លាញ​ដោយ​​ការ​ទាញយកអាជីវកម្មរ៉ែ​ចាប់តាំងពីឆ្នាំ២០០១

ការបំផ្លាញព្រៃឈើនេះ គឺសំខាន់​ដោយការយកដី​ទាញយកធ្វើអាជីវកម្មរ៉ែធ្យូងថ្ម ក៏ដូចជាមាន រ៉ែមាស លង្ហិន និងនីកែលជាដើម។ អាងបម្រុងរ៉ែនីកែល គឺមានសារៈសំខាន់ចាំបាច់​សម្រាប់​ផលិតអាគុយយាន​យន្តអគ្គី​សនី ដែលនេះបង្កការព្រួយបារម្ភ​ដែលកើនឡើង​សម្រាប់អនាគត​ព្រៃឈើរបស់​ឥណ្ឌូនេស៊ី។

យោងតាមការសិក្សាថ្មីមួយ ដែលពឹងផ្អែកលើរូបភាពដែលថតពីផ្កាយរណប បានឲ្យដឹងថា សកម្មភាពយករ៉ែនៅប្រទេសឥណ្ឌូនេស៊ី ជាពិសេស​ការទាញយករ៉ែធ្យូងថ្ម បានបង្កការបំផ្លិច​បំផ្លាញ​ព្រៃឈើប្រមាណ ៧២១០០០ ហិចតា នៅរវាងឆ្នាំ២០០១ និង ២០២៣។

ព្រៃព្រហ្មចារីក៏ត្រូវបានកាប់បំផ្លាញផងដែរ។ ដោយផ្សព្វផ្សាយនៅក្នុងសប្តាហ៍នេះ ការសិក្សា​របស់​អង្គការ ឌឺ ទ្រីម៉េព គឺជាគ្រោងការថ្មី​ដែលមានឯកទេស​នៅក្នុងការការពារ​បរិស្ថាន បាន​ប្រើប្រាស់​រូបភាពនានា​ដែលមានកម្រិតភាពច្បាស់ខ្ពស់​មកបញ្ជាក់ និងត្រូវបានថតដោយ​ផ្កាយ​​រណបជាច្រើន ជាមួយនឹងទិន្នន័យរយៈពេល ២០ឆ្នាំ ដែលបានមកពី​កម្មវិធីអង្កេត​តាម​ដាន​របស់អាម៉េរិក​លើមុខលើនៃផ្ទៃផែនដី ហៅថា ឡេនសាត ដែលបានគូស​ផែនទីកន្លែង​យក​រ៉ែ និង​ការតាមដានការកាប់បំផ្លាញព្រៃឈើផងដែរ។

យោងតាមការសិក្សានេះ ការទាញយកធ្វើអាជីវកម្មរ៉ែ រួមមានការជីករូង ការតាំងទីកន្លែង​ច្រោះ តំបន់ទុកកាកសំណល់ និងផ្លូវ ទាំងនេះ បានបង្កជាការកាប់ព្រៃឈើ​លើទំហំដី ៧២១០០០ ហិចតា ដែលក្នុងនោះ មាន ដីទំហំ ១៥០០០០ ហិចតា គឺជាព្រៃព្រហ្មចារី។

ជិតពាក់កណ្តាលនៃផ្ទៃដីដែលគេកាប់ឈើក្នុងការវាយតម្លៃ គឺស្ថិតនៅក្រោមសំពាធ​នៃ​ការ​ទាញ​​​យកធ្វើអាជីវកម្មនៃរ៉ែធ្យូងថ្ម ដែលពីមុនមក វាក៏ជាប្រភពសំខាន់​នៃការកាប់ព្រៃ តាមមក​ជាមួយនឹងការធ្វើអាជីវកម្មរ៉ែមាស​ លង្ហិន និងនីកែល។ល។

លោក ដាវីឌ ហ្គ៉ាវ៉ូ ស្ថាបនិក អង្គការ ឌឺ ទ្រីម៉េព បានរៀបរាប់ថា ៖ “កន្លែង​យក​រ៉ែ​ដែល​គេ​ថត​ពី​លើ គឺ​វាងាយស្រួលនឹងកំណត់អត្តសញ្ញាណ ដូចជា​ការប្រមូលផ្តុំផ្លូវខ្វាត់ខ្វែង​ក្នុងកន្លែងយក​រ៉ែ​ធ្យូង​​ថ្ម។ ចំណែកកន្លែងយករ៉ែនានា​ភាគច្រើននៅក្បែរស្ទឹង មានជាអាទិ៍ គឺកន្លែងយករ៉ែមាស។

ឥណ្ឌូនេស៊ី ចង់ពង្រីកការទាញយកធ្វើអាជីវកម្មអាងបម្រុងរ៉ែនីកែលរបស់ខ្លួន។ ការទាញយក​ធ្វើអាជីវកម្មរ៉ែនេះ បានឈានដល់ ចំណុចកំពូល​នៅឆ្នាំ២០១៣។ ប៉ុន្តែទិន្នន័យថ្មី​ឲ្យ​សញ្ញា​អំពី​​ការ​កើនឡើងមាននូវបាតុភូតថ្មី ដែលបន្ត​ការពង្រីកអាជីវកម្មយករ៉ែ​នៅប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។ តួលេខរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលថ្មីបំផុត បានបង្ហាញអំពី​ការបាត់បង់ព្រៃឈើ ៧៣០០០ហិចតា ​នៅអំឡុងឆ្នាំ២០២១-២០២២ ដោយមិនបញ្ជាក់អំពីមូលហេតុ។ ក្រសួង​បរិស្ថាន​​របស់ឥណ្ឌូនេស៊ី មិនបានឆ្លើយតប​នឹង​ការសុំធ្វើអធិប្បាយពីការសិក្សាទេ។

ការកាប់ព្រៃឈើដែលពាក់ព័ន្ធនឹងការទាញយកធ្វើអាជីវកម្មរ៉ែ តំណាងតែមួយផ្នែកនៃ​ផ្ទៃដី​ដែល​​បា​ត់បង់ព្រៃ ក្រៅពីនេះ ក៏នៅមានផ្ទៃដីព្រៃឈើ ដែលគេយកធ្វើការដាំដុះ​ដូងប្រេង និង​ចំការ​ផងដែរ។ ប៉ុន្តែបញ្ហានានាដែលទាក់ទងនឹង​ធនធានក្រោមដី​បង្កឲ្យមានការព្រួយបារម្ភ​កាន់​តែច្រើនឡើងៗ ដោយសារតែឥណ្ឌូនេស៊ី កាន់តែពឹងផ្អែកច្រើនឡើងៗ ទៅលើធ្យូងថ្ម និង​ព្យាយាម​ពង្រីកការធ្វើអាជីវកម្មលើអាងបម្រុងរ៉ែនីកែលរបស់ខ្លួន។

យោងតាមការសិក្សាមួយរបស់​អង្គការសត្វព្រៃពិភពលោក នៅឆ្នាំ២០២៣ បានឲ្យដឹងថា ប្រជុំ​កោះ​ឥណ្ឌូនេស៊ី មាន​អាងបម្រុងទុករ៉ែនីកែលដ៏ច្រើនបំផុត នៅលើពិភពលោក។ នេះគឺជារ៉ែ​ដែល​មានតម្រូវការខ្ពស់ ដោយសារតែវាមានសារៈសំខាន់សម្រាប់​ការផលិត​អាគុយ​យានយន្ត​អគ្គីសនី។ ឥណ្ឌូនេស៊ី ពីមុនមក គឺជាប្រទេសដែលមានការកាប់បំផ្លាញព្រៃឈើ​ដែល​ទាក់ទង​នឹង​ការយកធ្វើអាជីវកម្មរ៉ែ ដ៏ខ្លាំងបំផុតនៅលើពិភពលោក រវាងឆ្នាំ២០០១ ដល់ឆ្នាំ ២០២០។

 

 

 

 

Daily Program

Livesteam thumbnail