ជប៉ុន ៖ ការបង្ហូរទឹកពីរោងចក្រ ហ្វ៊ូគូស្ហ៊ីម៉ា ចូលទៅក្នុងសមុទ្រ
ការចាក់បញ្ចូលទឹកទៅក្នុងសមុទ្រលើកដំបូងនឹងគួរតែមានរយៈពេល ១៧ថ្ងៃ ដែលមានទឹកប្រមាណជា ៧៨០០ m3 ដែលមានផ្ទុកដោយជាតិ ទ្រីត្យូម ដែលជាសារធាតុវិទ្យុសកម្មដែលមានគ្រោះថ្នាក់នៅពេលណាដែលការប្រមូលផ្តុំវាលើសកម្រិត។
កាលពីចុងខែសីហា ប្រទេសជប៉ុន បានចាក់បញ្ចូលទៅក្នុងសមុទ្រនូវទឹកដែលមានប្រភពពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ទោះបីជាមានការព្រួយបារម្ភពីអ្នកនេសាទ និងការប្រឆាំងដ៏ក្លៀវក្លាពីទីក្រុងប៉េកាំងក៏ដោយ។ ហើយប្រទេសចិនក៏បានដាក់កំហិតភ្លាមៗ នូវពាណិជ្ជកម្មជាមួយទីក្រុងតូក្យូ។
ទីក្រុងប៉េកាំងបានបរិហារថា នេះគឺជាសកម្មភាពអាត្មានិយម និងគ្មានការទទួលខុសត្រូវរបស់ទីក្រុងតូក្យូ និងបានផ្អាករាល់ការនាំចូលផលិតផលគ្រឿងសមុទ្ររបស់ជប៉ុនដើម្បីគិតគូរទៅដល់សុវត្ថិភាពចំណីអាហាររបស់ខ្លួន។ កាលពីឆ្នាំមុន ប្រទេសចិន គឺជាទីផ្សារធំបំផុតនៃការនាំចេញផលិតផលនេសាទរបស់ជប៉ុន។
ការចាក់ចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វីកនូវទឹកដែលចេញពីរោងចក្រ ហ្វ៊ូគូស្ហ៊ីម៉ា ធ្វើឡើងដោយក្រុមហ៊ុន Tepco ដែលជាក្រុមហ៊ុនប្រតិបត្តិការរោងចក្រ។
ជាសរុប ប្រទេសជប៉ុនត្រៀមនឹងចាក់បញ្ចូលទឹកច្រើនជាង ១,៣ លាន m3 ដែលស្តុកនៅរោងចក្រហ្វ៊ូគូស្ហ៊ីម៉ា ដៃអ៊ីជី។ រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ទទួលរងការខូចខាតដោយរលកយក្សស៊ូណាមី កាលពីខែមីនា ឆ្នាំ២០១១ ដែលបានបំផ្លាញឆ្នេរភាគខាងឥសាននៃប្រទេសជប៉ុន។ ទឹកត្រូវបានចម្រោះជាបឋមរួចហើយដើម្បីរំដោះចេញនូវសារធាតុវិទ្យុសកម្មភាពភាគច្រើន លើកលែងតែទ្រីត្យូម។ ប្រទេសជប៉ុនត្រៀមនឹងចាក់បញ្ចូលទឹកជាមួយនឹងការរំលាយជាដំបូងដើម្បីឲ្យកម្រិតជាតិវិទ្យុសកម្មមិនហួសផុតពី ១៥០០ ប៊ិកកឺរ៉ែល ក្នុងមួយលីត្រ។
កម្រិតនេះគឺមានចំនួន ៤០ដង តិចជាងបទដ្ឋានជាតិរបស់ជប៉ុនសម្រាប់ជាមួយទឹកដែលមានជាតិទី្រត្យូម ហើយស្របនឹងបទដ្ឋានអន្តរជាតិ គឺ ៦០០០០ ប៊ិកកឺរ៉ែល ក្នុងមួយលីត្រ។ ហើយក៏វាតិចជាង ៧ដង សម្រាប់ពិដានរបស់អង្គការសុខភាពពិភពលោក សម្រាប់ទឹកស្អាត គឺ ១០០០០ ប៊ិកកឺរ៉ែល ក្នុងមួយលីត្រ។
ទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិច (AIEA) ដែលត្រួតពិនិត្យពីលើនៃប្រតិបត្តិការចាក់បញ្ចូលបានផ្តល់ភ្លើងខៀវកាលពីខែកក្កដា ដោយវិនិច្ឆ័យថា គម្រោងការនេះ គឺស្របតាមបទដ្ឋានអន្តរជាតិនៃសុវត្ថិភាព ហើយវានឹងមិនមានឥទ្ធិពលជាតិវិទ្យុសកម្មដែលមានសក្តានុពលលើប្រជាជន និងបរិស្ថាន”។
ប៉ុន្តែមនុស្សជាច្រើនបានមើលរឿងនេះក្នុងភាពផ្សេងៗគ្នា។ ជាបឋម អ្នកនេសាទជប៉ុនភ័យខ្លាចអំពីឥទ្ធិពលនៃរូបភាពនៃផលិតផលរបស់ពួកគេ ដែលបានទទួលការកំហិតរួចហើយពីប្រទេសចិនកាលពីខែមុន។
សារព័ត៌មានតូក្យូ បានលើកឡើងថា ការចាក់បញ្ចូលទៅក្នុងសមុទ្រនៃទឹកដែលមានសារធាតុទ្រីត្យូម គឺជាការអនុវត្តទូទៅនៃឧស្សាហកម្មនុយក្លេអ៊ែរក្នុងពិភពលោកទាំងមូល។ កម្រិតប្រចាំឆ្នាំនៃជាតិវិទ្យុសកម្មពីការចាក់បញ្ចូលនេះពីរោងចក្រនុយក្លេអ៊ែរចិន គឺពិតជាខ្ពស់ជាងការចាក់បញ្ចូលរបស់រោងចក្រ ហ្វ៊ូគូស្ហ៊ីម៉ា ដៃអ៊ីជី។
យោងតាមអ្នកវិភាគ ជំហររឹងត្អឹង របស់ទីក្រុងប៉េកាំងអំពីទឹកនៃរោងចក្រ ហ្វ៊ូគូជីម៉ា គឺប្រហែលជាពាក់ព័ន្ធផងដែរនឹងទំនាក់ទំនងចិន និងជប៉ុន ដែលមានភាពតានតឹងរួចហើយលើសំណុំរឿងជាច្រើនទាំងសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។ រដ្ឋដទៃៗទៀត នៃអាស៊ីប៉ាស៊ីហ្វីក ដែលមានទំនាក់ទំនងល្អជាមួយជប៉ុន ដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ អូស្រ្តាលី កោះហ្វ៊ីជី កោះឃុក បានសម្តែងនូវទំនុកចិត្តរបស់ពួកគេសម្រាប់សុវត្ថិភាពនៃដំណើរការនៃការចាក់បញ្ចូលដែលត្រូវបានត្រួតពិនិត្យពីទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិច។