ជប៉ុនសន្យាកាត់បន្ថយការបំភាយឧស្ម័នកាបូន ៦០% ពីពេលនេះ រហូតដល់​ឆ្នាំ ២០៣៥

ប្រទេសជប៉ុនបានសន្យា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៦០% ពីពេលនេះ​រហូត ដល់ ឆ្នាំ២០៣៥ បើប្រៀបធៀបនឹងឆ្នាំ២០១៣ នៅក្នុងក្របខណ្ឌនៃផែនការអាធាតុ។ នេះគឺជា​មហិច្ចតា កើនឡើង និងនាំមកជាមួយនូវការត្រួតពិនិត្យឡើងវិញអំពីយុទ្ធសាស្រ្តថាមពល។

ជាមហាអំណាចសេដ្ឋកិច្ចទី៤ នៅលើពិភពលោក ហើយនៅពឹងផ្អែកច្រើនឡើងឥន្ធនៈផូស៊ីល និង​ត្រូវបានចោទប្រកាន់ថាជាប្រទេសបំពុលបំផុតនៅក្នុងចំណោមមហាអំណាចសេដ្ឋកិច្ច G7 ប្រទេសជប៉ុន បានកំណត់គោលដៅដើម្បីឈានទៅបំបាត់ការបំភាយឧស្ម័នកាបូនពីពេលនេះ រហូត​ដល់ឆ្នាំ២០៥០។ ការសន្យាបានចុះក្នុងបញ្ជីសម្រាប់ក្របខណ្ឌនៃការ​ចូលរួម​ចំណែកថ្មី​ដោយ​មាន​ការ​តាំងចិត្តនៅកម្រិតពិភពលោក។ ប្រទេសជប៉ុន ក៏ដូច​ប្រទេស​ទាំង​អស់ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីសស្តីអំពីអាកាសធាតុនៅឆ្នាំ២០១៥ តម្រូវឲ្យប្រាប់ទៅ អង្គការសហប្រជាជាតិយឺតបំផុតនៅត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជិត ២០០ ប្រទេស ដែល​ពាក់ព័ន្ធមាន​តែ ១០ប្រទេស ប៉ុណ្ណោះដែលដាក់ផែនការបន្ថយឧស្ម័នទាន់ពេលវេលា។ រដ្ន​មន្រ្តី​ក្រសួង​​បរិស្ថាន​​ជប៉ុន បានបញ្ជាក់ថា គោលដៅត្រូវ​តែឈានសម្រេចបាន​នៅអំឡុងការធ្វើ​ផែនកា​ថវិកា​ជប៉ុន​នៅឆ្នាំ២០៣៥ ដែលនឹងបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០៣៦។ ម្យ៉ាង​វិញ​ទៀត ប្រទេសជប៉ុនក៏សំដៅ​​កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៧៣% ពីពេលនេះ​រហូត​​ដល់​ឆ្នាំ២០៤០ បើប្រៀបធៀបនឹងឆ្នាំ២០១៣។

ក្រសួងបរិស្ថានបានទទូចថា ៖ “គោលដៅដ៏មានមហិច្ចតាទាំងនេះ ដើរស្របនឹងគោលដៅ​ពិភពលោក​​ដែលគ្រោងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដែលសំដៅកម្រិតការកើនកម្តៅ​ពិភពលោក​មិន​ឲ្យលើសពី 1,5°C បើប្រៀបធៀបនឹងយុគសម័យមុនឧស្សាហកម្ម និងចុះបញ្ជី​នៅ​ក្នុងទស្សនវិស័យនៃការលុបបំបាត់ការបំភាយឧស្ម័នកាបូន។”  នៅក្នុងផែនការវិភាគទានរបស់ជប៉ុនដែលដាក់ទៅអង្គការសហប្រជាជាតិកាលពីលើក​មុន កាលពីខែមីនា ឆ្នាំ២០២០ ជប៉ុនធ្លាប់បានសន្យាកាត់បន្ថយការបំភាយឧស្ម័នតែ ២៦% ប៉ុណ្ណោះ ពីពេលនេះ រហូតដល់ឆ្នាំ២០៣០។ វាបានបង្កការរិះគន់ដ៏ស្រួចស្រាវ​ពីផ្នែក​នៃ​អង្គការ​ក្រៅរដ្ឋាភិបាល និងអ្នកជំនាញខាងអាកាសធាតុ។

ក្រោយមកភ្លាមៗនោះ ផែនការមួយដែលប្រកបដោយមហិច្ចតាជាង ត្រូវបានលើកបង្ហាញ​នៅ​ខែតុលា ឆ្នាំ២០២១។ វាដាក់ចេញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឲ្យបាន ៤៦% ពី​ពេលនេះរហូតដល់ឆ្នាំ២០៣០ បើប្រៀបធៀបនឹងឆ្នាំ២០១៣។

លោកម៉ាសាយ៉ូស្ហ៊ី អ៊ីយ៉ូដា បុគ្គលិក​ទទួលខុសត្រូវសម្រាប់អង្គការជប៉ុនក្រៅរដ្ឋាភិបាលមួយ​ខាង​បរិស្ថាន បានប្រតិកម្មថា គោលដៅថ្មី កើតក្រោយការ​បរាជ័យ​ក្នុង​ការ​បង្ហាញទៅកាន់​ពិភពលោក​​នូវ​ភាព​ជាអ្នកដឹកនាំរបស់ជប៉ុននៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ។លោក​សម្តែងការសោកស្តាយថា ៖ “អ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេស​ជប៉ុន ត្រូវតែកាត់បន្ថយ ការបំភាយឧស្ម័ន ៨១% ពីពេលនេះទៅដល់ឆ្នាំ២០៣៥ ដើម្បី​ឲ្យ​ស្រប​តាម​​គោលដៅកំណត់​សីតុណ្ហភាព​ផែនដី​មិនឲ្យឡើងលើស 1,5°C (...) នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីហ្ស៉ឺរូ អ៊ីស្ហ៊ីបា បាន​ចុះចាញ់​នៅចំពោះមុខសំពាធនៃឧស្សាហកម្មដែល​តម្រូវ​សម្រាប់​ផល​​ប្រយោជន៍​នៃឥន្ធនៈ​ផូស៊ីល​​ទាំងនេះ។ លោកបរិហារថា នេះគឺជាបរាជ័យដ៏ធំសម្រាប់ការ​បម្លែង​ទៅកាន់ថាមពល​កកើត​ឡើងវិញអនាគត ដែលមាន​ភាពត្រឹមត្រូវ និងសមធម៌។

នៅឆ្នាំ២០២៣ ៧០% នៃតម្រូវការអគ្គីសនីរបស់ជប៉ុន​គឺត្រូវបានគ្របដណ្តប់ដោយរោងចក្រ​កម្តៅ​ដែលដំណើរការដោយឥន្ធនៈកាបូន និងធ្យូងថ្ម។

 

Daily Program

Livesteam thumbnail