ចាប់តាំងពីឆ្នាំ១៩៩០ ក្រុមអ្នកមានបំផុត គឺជាអ្នកទទួលខុសត្រូវ ២/៣ នៃការឡើងកម្តៅអាកាសធាតុ

ការសិក្សាមួយ ព្រមានថា 10% នៃក្រុមអ្នកមានកំពូលបំផុតនៃភពផែនដី គឺជាអ្នកទទួលខុស ត្រូវ ២/៣ នៃការកើនកម្តៅអាកាសធាតុ ចាប់តាំងពីឆ្នាំ១៩៩០។
យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Nature Climate Change បាន ឲ្យដឹងថា តាំងពីទសវត្សឆ្នាំ១៩៩០ ប្រមាណ ២/៣ នៃការកើនកម្តៅអាកាសធាតុ គឺដោយសារ តែ ១០% នៃចំនួនមនុស្សដែលជាអ្នកមានបំផុតនៅលើភពផែនដី។ ដោយសារការសិក្សាគំរូថ្មីៗ ដែលរួមផ្សំរវាងទិន្នន័យសេដ្ឋកិច្ច និងការធ្វើត្រាប់អាកាសធាតុ ការសិក្សានេះអាចអនុញ្ញាតឲ្យគូសវាសបរិមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ យោងតាមកម្រិតនៃចំនូល និងចង់ភ្ជាប់ទៅនឹង បាតុភូតអាកាសធាតុខ្លាំងហួសហេតុ។
ចំណែក ១% នៃអ្នកមានបំផុតនៅលើភពផែនដី បានចូលរួមចំនែកខ្ពស់ជាង ២៦ ដង សម្រាប់ ការកើនឡើងនូវរលកកម្តៅខ្ពស់ៗ និង ១៧ដង សម្រាប់គ្រោះរាំងស្ងួត នៅតំបន់អាម៉ាហ្សូន ជាងកម្រិតមធ្យមពិភពលោក។ តំបន់ត្រូវពិកបានទទួលការរងគ្រោះរួចហើយ ដូចជាតំបន់អាម៉ាហ្សូន អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងត្បូង ដែលត្រូវមើលឃើញថា ទទួលរងផលប៉ះពាល់ជាពិសេស។
ផ្ទុយទៅវិញ ប្រសិនបើចាប់តាំងពីទសវត្សឆ្នាំ១៩៩០ មនុស្សទាំងអស់ធ្វើការប្រើប្រាស់ ដូចជា ចំនួន ៥០% នៃប្រជាជនក្រីក្របំផុតលើពិភពលោក ការកើនកម្តៅអាកាសធាតុ នឹងឡើងតិចតួចប៉ុណ្ណោះ។
លោកស្រីសារ៉ា ស្ចូនហ្គ៉ា ដែលជាសិក្សាស្រាវជ្រាវមានឯកទេសក្នុងការធ្វើគំរូអាកាសធាតុ នៅសាលាពហុតិចនិកសហព័ន្ធ ហ្ស៊ូរីច នៅប្រទេសស្វីស បានរៀបរាប់ថា ចំនុចចាប់ផ្តើមនៃការសិក្សារបស់យើង គឺជាសំនុំទិន្នន័យ ដែលបង្ហាញអំពីបរិមាណនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលម្នាក់ៗទទួលខុសត្រូវ យោងតាមកម្រិតនៃប្រាក់ចំនូល។ វាត្រូវបានធ្វើឡើងដោយឈលើមូលដ្ឋានថវិកាប្រើប្រាស់ក្នុងផ្ទះ។ នេះអាចឲ្យដឹងនូវរបៀបដែលមនុស្សម្នាក់ៗចំណាយប្រាក់របស់ពួកគេយោងតាមប្រាក់ចំនូល។ ម្យ៉ាងវិញទៀត គេដឹងថា ចំនាយលុយដើម្បីដើរផ្សារ មិនមានហុចឥទ្ធិពលដូចគ្នានឹងចំណាយលុយដើម្បីដើរសម្រាកវិស្សមកាលទេ ជាឧទាហរណ៍។ នេះគឺជាអ្វីដែលការសិក្សារបស់យើង បង្ហាញថា លុយដែលចំណាយនឹងបកស្រាយយ៉ាងដូចម្តេចចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់។ បន្ទាប់មក យើងបានទាញយកការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឡើងដោយអ្នកមានបំផុតដើម្បីមើលថា តើអាកាសធាតុនឹងមានរូបភាពដូចម្តេច? ប្រសិនបើពួកគេមិនប្រើប្រាស់។ យើងបានពិនិត្យមើលភាពញឹកញាប់ និងវិសាលភាពប៉ុណ្ណា ដែលកម្តៅ និងគ្រោះរាំងស្ងួត នឹងបង្ហាញនៅក្នុងអាកាសធាតុនេះ រួចហើយយើងប្រៀបធៀបជាមួយអាកាសធាតុសព្វថ្ងៃ។ នេះគឺជារបៀបដែលយើងធ្វើការចង់ភ្ជាប់ទំនាក់ទំនងគ្នា។
លោកស្រី សារ៉ា ស្ចូនហ្គ៉ា បានបន្តថា នៅពេលអ្នកវិនិយោគនៅក្នុងសហគ្រាសមួយ។ អ្នកក៏មានចំណែកមួយ។ ដូច្នេះអ្នកគឺជាអ្នកទទួលខុសត្រូវនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលសហគ្រាសនោះ បានបង្កើតឡើង។ គឺដោយសាររឿងនេះហើយ ដែលនៅក្នុងទិន្នន័យរបស់យើង យើងយកចិត្តទុកដាក់លើការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសារអ្នកប្រើប្រាស់ នៅពេលពួកគេបានទិញប្រើប្រាស់នូវសម្ភារៈ ប៉ុន្តែក៏រួមទាំងផលិតផលដែលបង្កើតឡើងដោយសារសហគ្រាសនានាផងដែរ។
លោកស្រី សារ៉ា ស្ចូនហ្គ៉ា បន្ថែមទៀតថា យើងបានវាយតម្លៃថា ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ប្រសិនបើពិភពលោកទាំងមូលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើនឹងចំនួនប្រជាជនក្រីក្របំផុត ៥០% នៅលើផែនដីបំភាយ នៅក្នុងករណីនេះ វានឹងមានតែការកើនកម្តៅតិចតួចបំផុត គឺតិចជាង 0,01°C ។ នេះតាមការពិតស្ទើតែគ្មានការកើនកម្តៅភពផែនដីផង។
Daily Program
