ការប្រែប្រួលអាកាសធាតុគឺជាកត្តាមួយដ៏សំខាន់នៃវិបត្តិគ្រោះទុរភិក្ស

មន្រ្តីជាន់ខ្ពស់នៃការិយាល័យសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយខ្លាំងៗថា នៅ ខណៈដែលមនុស្សជាតិមានសមត្ថភាពចិញ្ចឹមមនុស្សគ្រប់គ្នា ហើយគ្មាននរណាម្នាក់គួរតែទទួលរងការអត់ឃ្លាននៅសតវត្សទី២១ ការប្រែប្រួលអាកាសធាតុ គឺជាកត្តាមួយដ៏សំខាន់នៃ វិបត្តិគ្រោះទុរភិក្សនៅក្នុងពិភពលោក។
យោងតាមអនុប្រធាននៃសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ព្រឹត្តិការណ៍ភ្លាមៗ ឬការវិវត្តដ៏យឺតៗ មានដូចជា រលកកម្តៅ គ្រោះរាំងស្ងួត ការឡើងកម្ពស់ទឹកសមុទ្រ និង គ្រោះទឹកជំនន់ បានបំផ្លាញទៅដល់ការដាំដុះ ប្រព័ន្ធផលិតកម្ម និងការបែងចែករាល់ចំណី អាហារ។ ហើយបាតុភូតអាកាសធាតុទាំងនេះ បង្កជាការបាត់បង់ដោយធម្មជាតិ និងការខូចខាតសម្រាប់សហគមន៍នានា ដែលបានគាំទ្រ និងពឹងអាស្រ័យលើប្រព័ន្ធចំណីអាហារ។
នៅពីមុខក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាតិ លោកស្រីណាដា អាល់ ណាស្ហ៊ីហ្វ បានបង្ហាញការសិក្សាយ៉ាងយកចិត្តទុកដាក់នូវវបត្តិពិភពលោកចំនួន ៣ មានការប្រែប្រួលអាកាសធាតុ ការបំពុល និងការបាត់បង់ស្ថានជីវចម្រុះ។ ទាំងនេះដូចបានរំលោភយ៉ាងសម្បើមនូវសិទ្ធមនុស្សនៅក្នុងពិភពលោកទាំងមូល។
លើសពីនេះ ការចូលរួមរបស់វិបត្តិធ្វើឲ្យមានជម្លោះ និងនាំទៅដល់ការភៀសខ្លួនរបស់ប្រជាជន។ វិបត្តិទាំងបីនៅលើផែនដីក៏នាំទៅដល់គ្រោះទុរភិក្ស។ ហើយគ្រោះទុរភិក្សបង្កើត ការឈឺចាប់ដែលមិនអាចទ្រាំទ្របាន ការលូតលាស់ធំធាត់យឺតរបស់កុមារ ការធ្វើឲ្យកុមារ និង មនុស្សពេញវ័យកាន់តែងាយរងគ្រោះនឹងជំងឺ ហើយចុងក្រោយ គឺបំផ្លាញជីវិត និងមធ្យោបាយ ទ្រ ទ្រង់ជីវិត។
យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ចំណីអាហារ និងកសិកម្ម (FAO) បានឲ្យដឹងថា នៅក្នុងលក្ខខណ្ឌទាំងនេះ មនុស្សប្រមាណ ៧៨៣លាននាក់ ឬច្រើនជាង ៩% នៃប្រជាជនពិភពលោក បានទទួលរងគ្រោះទុរភិក្សដ៏រ៉ាំរៃ កាលពីឆ្នាំមុន។ នៅក្នុងពេលជាមួយគ្នា មនុស្សច្រើនជាង ៣៣៣លាននាក់ បានប្រឈមមុខនឹងកម្រិតនៃអសន្តិសុខស្បៀងដ៏ស្រួចស្រាវ។
នេះគឺមានការកើនឡើងជិត ២០០លាននាក់ បើប្រៀបធៀបនឹងកម្រិតមុនការរាតត្បាតរបស់ជំងឺកូវីដ ១៩។
ចំណែកប្រជាជនខ្លះទៀតប្រឈមមុខនឹងទុរភិក្ស ការអត់ឃ្លានរយៈពេលខ្លី។ លោកស្រីណាដា អាល់ ណាស្ហ៊ីហ្វ បានបរិហារថា ៖ “ជំនួសឲ្យការសម្រេចបានគោលដៅអភិវឌ្ឍចីរភាព គ្រោះ ទុរភិក្សសូន្យ នៅឆ្នាំ២០៣០ ទីភ្នាក់ងារស្បៀងអាហារ និងកសិកម្មពិភពលោក វាយតម្លៃថា នៅ ឆ្នាំ២០៣០ ទោះបីជាមានការរីកចម្រើនខ្លះ មនុស្សជិត ៦០០លាននាក់នឹងទទួលរងការអត់ឃ្លាន”។
ប្រឈមមុខនឹងអសន្តិសុខចំណីអាហារនេះ អនុប្រធាននៃសិទ្ធមនុស្សអង្គការសហប្រជាជាតិ វាយតម្លៃថា គេត្រូវវាយប្រហារលើប្រព័ន្ធដែលអយុត្តិធម៌ និងការបែងចែកដី។ លោកស្រី បាន ធ្វើការវាយតម្លៃថា ៖ “រដ្ឋនានាត្រូវតែទទួលស្គាល់សិទ្ធរបស់ប្រជាជនជនជាតិភាគតិច កសិករ មនុស្សដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រ និងភាពងាយរងគ្រោះ និងក្រុមដទៃៗ ឲ្យអាចទទួលបានដី និងប្រើប្រាស់ដីតាមរបៀបមានចីរភាព និងប្រកាន់យកវិធានការកែទម្រង់កសិកម្ម ក្នុងករណីស្ថានភាពមានការផ្លាស់ប្តូរ”។
ដោយសារតែមានការបំផ្លាញប្រព័ន្ធចំណីអាហារក្នុងតំបន់ និងមធ្យោបាយទ្រទ្រង់ជីវិត ដែលពឹងអាស្រ័យលើអាកាសធាតុច្បាស់លាស់ និងនឹងនរ វាអាចធ្វើឲ្យមានការភៀសខ្លួនរបស់ប្រជាជន។ ការសិក្សានានារបស់ស្នងការជាន់ខ្ពស់នៅតំបន់សាហេល ទ្វីបអាហ្រ្វិក បានបង្ហាញថា ការធ្លាក់ចុះនៃការទទួលបានចំណីអាហារ និងមធ្យោបាយទ្រទ្រង់ជីវិតនៅក្នុងវិស័យកសិកម្ម ការធ្លាក់ចុះការចិញ្ចឹមសត្វពាហនៈ និងការនេសាទ បង្កបានជាកត្តាធ្វើចំណាកស្រុករបស់ប្រជាជន។

 

Daily Program

Livesteam thumbnail