ការកើនឡើងទឹកក្រោមដីបង្កការភ័យបារម្ភនៅក្នុងទីក្រុងហ្ស៊្លីតេន ប្រទេសលីប៊ី
ការកើនឡើងដ៏សម្បើមនៃទឹកក្រោមដីនៅក្នុងទីក្រុងហ្ស៊្លីតេន នៅភាគខាងលិចប្រទេសលីប៊ី នៅទ្វីបអាហ្វ្រិក បានជំរុញឲ្យមនុស្សរាប់សិបគ្រួសារចាកចេញពីលំនៅឋានរបស់ពួកគេ ដែលទទួលរងការលិច ដែលធ្វើឲ្យមានការភ័យខ្លាចអំពីវិបត្តិទៅលើបរិស្ថាន។
នៅខណៈដែលទឹកជំនន់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងបានបំផ្លាញទីក្រុងឌែណា កាលពីខែកញ្ញា ឆ្នាំមុន នៅភាគខាងកើតប្រទេសលីប៊ី ស្ថិតនៅក្នុងការចងចាំនៅឡើយ ទីក្រុងហ្ស៊្លីតេន ដែលស្ថិតនៅភាគខាងលិច ចម្ងាយចម្ងាយ ១៦០គម ពីរដ្ឋធានីទ្រីប៉ូលី និងតំបន់ជនបទនៃទីក្រុងនេះត្រូវទទួលរងទឹកជន់ ដែលជាទឹកផុសពីក្នុងដី ជនលិចលំនៅដ្ឋាន ចំការ និងផ្ទះសម្បែង ហើយទឹកនេះឡើងមិនឈប់រយៈពេល ២ខែមកហើយ។
យោងតាមប្រជាជននៃទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ៣៥០០០០នាក់ បាតុភូតនេះ មិនមែនថ្មីទេនៅក្នុងតំបន់ ប៉ុន្តែទំហំរបស់វានៅពេលសព្វថ្ងៃគឺមិនដែលធ្លាប់មានពីមុន។ ផ្ទះរាប់សិបខ្នង ផ្លូវនានា និងចំការត្រូវបានជនលិច ប៉ុន្តែមជ្ឈមណ្ឌលកណ្តាលទីក្រុងភាគច្រើនមិនទាន់លិចទេ។
លោកម៉ូហាម៉ាដ អាលី ឌីយូប ម្ចាស់ចំការមួយដែលមានចំងាយប្រមាន ៤គមពីតំបន់កណ្តាលទីក្រុងហ្ស៊្លីតេន បានរៀបរាប់ថា ៖ “ទឹកបានចាប់ផ្តើមលិចឡើងពីរខែមកហើយ និងបន្តកើនឡើងរហូតដល់ជនលិចអណ្តូងរបស់គាត់។ ដើមឈើហូបផ្លែទាំងអស់របស់គាត់ មានប៉ម អាព្រីកូ និងត្របែក បានងាប់”។ បុរសវ័យ ៦០ឆ្នាំរូបនេះ មានរាងកាយហាក់ទន់ខ្សោយប្រឈមមុខនឹងទំហំនៃបញ្ហានៅក្នុងតំបន់នេះ ដែលមិនពាក់ព័ន្ធនឹងប្រព័ន្ធទឹក តែជាទឹកចេញពីក្នុងដី។ លោកក៏ បានរៀបរាប់ដែរថា លោកអាចសង្រ្គោះដើមត្នោតមួយចំនួនដោយសារតែលោកបានទិញខ្សាច់ដើម្បីគ្របដីមួយផ្នែក និងជួលឡានស៊ីទែនទឹកដើម្បីបូមរូងដែលជឿថា ជាប្រភពនៃទឹកឡើង”។
គ្រួសារនានា ដែលភ័យបារម្ភថា ស្ថានភាពកាន់តែអាក្រក់ បានចាកចេញពីផ្ទះរបស់ពួកគេ ដែលពោរពេញដោយទឹក ហើយផ្ទះផ្នែកខ្លះបានបាក់រលំ និង មិនមាំទាំឡើយ។ លើសពីនេះ ទឹកនេះឡើងនៅហ្នឹងមិនហូរទៅណា និងភក់នៅតាមផ្លូវ បានទាក់ទាញពពួកមូស ហើយក៏នាំក្លិនមិនល្អដល់ច្រមុះផងដែរ។
លោកម៉ូហាម៉ាដ អាល់ នូរី ដែលជាម្ចាស់ដីដែលលិចទឹកទាំងស្រុង បានរៀបរាប់ថា ដី ដែលតាមធម្មតា មានខ្សាច់ និងមានពណ៌ស ឥឡូវនេះ ឡើងភក់ ពណ៌ខ្មៅ និងមានក្លិនអាក្រក់”។
អាជ្ញាធរ ដែលភ័យខ្លាចអំពីវិបត្តិបរិស្ថាន ឬការខូចខាតនៅក្នុងផ្ទះ បានជម្លៀសប្រជាជនដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ឲ្យចាកចេញ។ បើយោងតាមចៅហ្វាយក្រុងហ្ស៊្លីតេន លោកម៉ូហ្វតា ហាម៉ាឌី បានឲ្យដឹងថា គ្រួសារជិត ៥០សិប បានចេញទៅតាំងទីលំនៅឡើងវិញ ឬទទួលអត្ថប្រយោជន៍អំពីកន្លែងថ្មីដើម្បីតាំងទីលំនៅ។
នៅអំឡុងកិច្ចប្រជុំគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៦ ខែកុម្ភៈ នាយករដ្ឋមន្រ្តីលីប៊ី លោកអាបដេលហាមីដ ឌ្បីបា បានសន្យាទៅកាន់ប្រជាជននៅទីក្រុងហ្ស៊្លីតេន ថា រដ្ឋាភិបាលរបស់លោក មិនបោះបង់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនេះដោយវិធីបែបវិទ្យាសាស្រ្ត និងឲ្យបានឆាប់រហ័សនោះឡើយ។ លោកក៏បានជួបជុំរដ្ឋមន្រ្តីពាក់ព័ន្ធដើម្បីចាត់វិធានការចាំបាច់ដើម្បីសងការខូចខាត និងឲ្យប្រជាជនរងផលប៉ះពាល់ទៅតាំងទីលំនៅថ្មី។
ស្ថាបនរដ្ឋជាច្រើន ដែលរួមមាន អាជ្ញាធរ គ្រប់គ្រងទន្លេសិប្បនិមិត្ត ដែលបាននាំទឹកមកស្រោចស្រពមួយផ្នែកដ៏ធំនៃប្រទេសលីប៊ី ក្រុមហ៊ុនអគ្គីសនី និងក្រុមហ៊ុនទឹក ត្រូវបានប្រមូលផ្តុំគ្នាមកដោះស្រាយវិបត្តិ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ បានប្រញាបមកដល់កន្លែង ដែលរួមមានអ្នកសង្រ្គោះបន្ទាន់ សម្ភារ និងថ្នាំសម្លាប់សត្វល្អិតដើម្បីចាត់ចែងបញ្ហានៃមូសដែលនាំជំងឺ។