អត្ថាធិប្បាយគម្ពីរថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ (សន្តលូកា១៦,១៩-៣១)
រិះគិតព្រះបន្ទូលដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល ទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះមានអ្នកមានម្នាក់ធ្លាក់នរក។ គាត់ធ្លាក់នរក ដោយសារតែគាត់មិនចាប់អារម្មណ៍អំពីអ្នកដទៃ! ត្បិតគាត់ជាបុគ្គលដែលគិតតែពីខ្លួនឯង។ មួយជីវិតរបស់គាត់ គាត់គិតតែពីសប្បាយ ទោះបីគាត់ធ្លាក់នរក ក៏គាត់នៅតែគិតពីខ្លួនឯង។ កាលគាត់នៅមានជីវិត ឲ្យតែដល់រដូវ៤០ថ្ងៃគាត់តែងតែរៀបចំពិធីជួបជុំគ្រួសារ បងប្អូនហើយក៏មានតែភ្ញៀវម្នាក់ប៉ុណ្ណោះដែលត្រូវបានអញ្ជើញ នោះគឺលោកតាអាប្រាហាំ។
រដូវ៤០ថ្ងៃ សម្រាប់គ្រីស្តបរិស័ទយើង គឺជាពេលវេលាដែលត្រូវតែធ្វើទានដល់អ្នកដទៃ យើង ចែកទ្រព្យសម្បត្តិខ្លះដែលយើងមានសម្រាប់អ្នកដទៃ អ្នកដែលខ្វះខាត ព្រះសហគមន៍ចង់ឱ្យយើងចេះយកអាសារអ្នកដទៃ កុំគិតតែអំពីខ្លួនឯង ឱ្យយើងមើលឃើញទុក្ខវេទនារបស់គេ។ ប៉ុន្តែការធើ្វបែបនេះមិនមែនដោយសារយើងខ្លាចធ្លាក់នរកទេ! គឺដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះជាម្ចាស់ យើងជួយអ្នកដទៃ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ស្ថិតនៅក្នុងចិត្តរបស់មនុស្សទាំងអស់ជាពិសេសអ្នកក្រ។
ដូច្នេះយើងត្រូវតែបើកចិត្ត បើកភ្នែកដើម្បីមើលឃើញទុក្ខវេទនារបស់គេ នឹងជួយតាមអ្វីដែលយើងអាចធ្វើបាន។
ធ្លាក់នរកមានន័យយ៉ាងម៉េច?
ធ្លាក់នរកមានន័យថាតែម្នាក់ឯង គឺយើងដាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងអ្នកដទៃ! ចាត់ទុកថាមានតែខ្លួនឯងគឺសំខាន់។
ដូច្នេះសុំឱ្យយើងចេញពីនរក ចេញពីភាពងងឹត ហើយទៅជួបអ្នកដទៃ ជួយគេ រាប់អានគេ បង្ហាញឱ្យគេឃើញសេចក្តីស្រឡាញ់ដែលយើងជាគ្រីស្តបរិស័ទទួលបានពីព្រះជាម្ចាស់ ទៅកាន់បងប្អូនឯទៀតៗ។ អាម៉ែន៕