អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
(សន្តម៉ាថាយ ១៦,១៣-១៩)រិះគិតព្រះបន្ទូលដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ថ្ងៃនេះគឺជាបុណ្យសន្តសិលា អត្ថបទគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូតែងតាំងលោកសិលាឱ្យធ្វើជាមេក្រុមគ្រីស្តទូត។ លោកសិលាដែលមានអំណាច មិនមែនមកពីខ្លួនឯង ប៉ុន្តែមកពីព្រះយេស៊ូគឺព្រះយេស៊ូជាអ្នកតែងតាំង។ លោកសិលាគឺជាសម្តេចប៉ាបទី១នៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍រហូតដល់សព្វថ្ងៃប្រហែលមាន២២៦នាក់ ដែលបានក្លាយជា សម្តេចប៉ាប សព្វថ្ងៃជាសម្តេចប៉ាបឈ្មោះហ្វ្រង់ស៊ីស្កូ។
សម្តេចប៉ាបមានតួនាទីពីរ ទី១គឺបង្រូបបង្រួមដើម្បីធ្វើឱ្យគ្រីស្តបរិស័ទនៅក្នុងពិភពលោកទាំងមូលរួមជាមួយគ្នាជាធ្លុងតែមួយកុំឱ្យយើងបែកគ្នា។ ទីពីរសម្តេចប៉ាបមានតួនាទីពង្រីកជំនឿរបស់គ្រីស្តបរិស័ទដោយបង្រៀនគេ ប្រារព្ធអគ្គសញ្ញានានា គឺតួនាទីរបស់សម្តេចប៉ាបគឺពង្រីកជំនឿរបស់ក្រុមគ្រីស្តទូត។ ដូច្នេះយើងជាគ្រីស្តបរិស័ទយើងមិនសូវស្គាល់សម្តេចប៉ាប តាមពិតគាត់ជាដំណឹងរបស់ព្រះយេស៊ូគ្រីស្ត ហើយគាត់ជាដំណឹងល្អរបស់ព្រះសហគមន៍ចំពោះអ្នកដទៃ ចំពោះសាសន៍ដទៃ។ តួនាទីសំខាន់យើងត្រូវគោរពគាត់ទោះបីយើងមិនសូវមានគំនិតស្រដៀងគាត់ដែលពេលខ្លះគាត់មានគំនិតផ្សេងពីយើង ប៉ុន្តែយើងត្រូវតែគោរពគាត់កុំឱ្យយើងបែកគ្នាចំណុចនេះសំខាន់។
ចំណុចទីពីរពេលដែលសន្តសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រីស្ត ព្រះយេស៊ូតែងតាំងគាត់ឱ្យធ្វើជាមេក្រុមគ្រីស្តទូត មាន័យថាពេលដែលយើងចាប់ផ្តើមប្រកាសជំនឿរបស់យើងចាប់ផ្តើមស្គាល់ព្រះយេស៊ូដូចលោកសិលាប្រកាសជំនឿអំពីព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះសង្គ្រោះរបស់យើងយើងក៏ចាប់ផ្តើមស្គាល់ខ្លួនឯងដែរ។ ខ្ញុំមានអារម្មណ៌ថានៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើនវង្វេងអត់ស្គាល់ខ្លួនឯង តើខ្ញុំជានរណា? តើខ្ញុំមានអត្តសញ្ញាណអ្វីខ្លះ? ប្រសិនជាយើងចង់ស្គាល់ខ្លួនឯង យើងត្រូវតែស្គាល់ព្រះជាម្ចាស់សិនស្វែងរកព្រះជាម្ចាស់ ស្វែងរកព្រះយេស៊ូ តើព្រះយេស៊ូជានរណាសម្រាប់យើង?
ប្រសិនបើខ្ញុំស្វែងរកព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងសម្តែងខ្លួនខ្ញុំឱ្យខ្ញុំស្គាល់ខ្លួនឯង ឧទារហណ៍ពេលដែលខ្ញុំចាប់ផ្តើមស្គាល់ព្រះយេស៊ូខ្ញុំចាប់ផ្តើមស្គាល់ពីតម្លៃនៃជីវិតរបស់ខ្ញុំ។ ខ្ញុំយល់ថាខ្ញុំជាកូន និងជាបុត្រធីតារបស់ព្រះជាម្ចាស់ដែលជាព្រះដែលខ្ពង់ខ្ពស់បំផុតដែលជាប្រភពនៃអ្វីៗទាំងអស់។ ម្យ៉ាងទៀតពេលដែលខ្ញុំស្វែងរកព្រះជាម្ចាស់កាន់តែជ្រៅយល់យល់ថាព្រះជាម្ចាស់ ព្រះយេស៊ូត្រាស់ហៅខ្ញុំឱ្យធ្វើជាបូជាចារ្យ ដូច្នេះខ្ញុំយល់ពីអនាគតរបស់ខ្ញុំគឺទៅជាបូជាចារ្យ ដូច្នេះសុំឱ្យបងប្អូនក៏ដូចគ្នាដែរ។
ចំណុចទីបីព្រះយេស៊ូមានព្រះបន្ទូលចំពោះលោកសិលានៅថ្ងៃនេះថា ព្រះសហគមន៍មិនអាចរលាយគឺព្រះសហគមន៍មានរហូត ហើយសេចក្តីស្លាប់មិនអាចឈ្នះព្រះសហគមន៍មានន័យថាយើងមិនត្រូវព្រួយបារម្ភ ពេលខ្លះយើងព្រួយបារម្ភដោយសារមានគ្រីស្តបរិស័ទច្រើន គេបោះបង់ជំនឿចោល គេឃ្លាតឆ្ងាយពីព្រះសហគមន៍ យើងឃើញថានៅក្នុងពិភពលោកនៅពេលបច្ចុប្បន្ននេះព្រះសហគមន៍ត្រូវគេបៀតបៀន គ្រីស្តបរិស័ទត្រូវគេសម្លាប់ ប៉ុន្តែយើងមិនត្រូវព្រួយបារម្ភទេសេចក្តីស្លាប់មិនអាចឈ្នះព្រះសហគមន៍បានទេ។ ដូច្នេះសុំកុំឃ្លាតឆ្ងាយពីព្រះសហគមន៍កុំឱ្យជីវិតរបស់យើងបាត់បង់រលាយសាបសូន្យ ប៉ុន្តែបើយើងជាប់នឹងព្រះសហគមន៍យើងមានជីវិតអស់កល្បជានិច្ច៕ អាម៉ែន!
វាយអត្ថបទដោយ សេង លក្ខិណា