អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០៤៣ តាមសន្តម៉ាកុស៥,២១-៤៣បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
ការព្យាបាលរបស់ព្រះយេស៊ូនៅថ្ងៃនេះមានពីរអ្នក ដែលទទួលការសង្គ្រោះពីព្រះអង្គ ទីមួយគឺស្រ្តីដែលធ្លាក់ឈាម និងមួយទៀតគឺជាកូនរបស់លោកយៃរ៉ូសដែលជាមេធម្មសាលា។ បងប្អូន បើយើងសង្កេតមើលតាមរបៀបព្យាបាលរបស់ព្រះយេស៊ូ ព្រះអង្គផ្ទាល់ចង់ជួយពួកគេក្រោយពីព្រះអង្គបានឃើញ ហើយព្រះអង្គអាណិតគេ។ ទីពីរ មានអ្នកដែលគេសុំឱ្យព្រះអង្គជួយដូចករណីរបស់លោកយៃរ៉ូសនៅថ្ងៃនេះ គឺគាត់សុំឱ្យជួយកូនគាត់ និងរបៀបទីបីគឺអ្នកជំងឺ មកសុំអង្វរព្រះអង្គឲ្យជួយព្យាបាលខ្លួនតែម្តង។
យើងឃើញដូចករណីអ្នកពិការភ្នែក មនុស្សខ្វាក់ដែលហៅព្រះអង្គ គឺស្រ្តីម្នាក់ដែលគាត់មិនគិតថា ទោះបីមិនបានសុំអង្វរព្រះអង្គតែសុំតែប៉ះនូវជាយព្រះពស្តរបស់ព្រះអង្គក៏គាត់អាចជាបាន នេះជាជំនឿដ៏សំខាន់មែនទែនដើម្បីទទួលការព្យាបាល។ បងប្អូនដឹងហើយនៅក្នុងគំនិតរបស់ជនជាតិយូដា សម្រាប់មនុស្សដែលមានជំនឿទាំងអស់ ឬក៏រងគ្រោះទាំងអស់ គឺជាមនុស្សបាប។ និយាយរួមដោយសារបាបនឹងហើយដែលធ្វើឱ្យគាត់ទទួលរងគ្រោះទាំងអស់នោះ ឬក៏ឈឺ ឬក៏មានបញ្ហាណាមួយ។ សម្រាប់ព្រះយេស៊ូកាលណាព្រះអង្គព្យាបាលមានន័យថា ព្រះអង្គបានរំដោះបាបរបស់ពួកគាត់បានតែម្តង។
ដូច្នេះយើងឃើញថាការសង្គ្រោះរបស់ព្រះអង្គសុទ្ធតែមានអត្ថន័យនៃផ្លូវវិញ្ញាណ គឺឱ្យ គាត់ចេញផុតពីអំណាចអាក្រក់ ឬមានជីវិតថ្មីឡើងវិញ។ បាទ! បងប្អូនសម្រាប់យើងសព្វថ្ងៃនេះ យើងបន្ត ឬធ្វើបេសកកម្មរបស់ព្រះយេស៊ូដែលព្រះសហគមន៍បានព្យាយាមមែនទែន ដើម្បីជួយមនុស្សឱ្យផុតពីគំនិតអាក្រក់ផ្សេងៗ ជួយអប់រំ ជួយខាងជីវភាពផងនេះដោយសារ យើងមានគំរូពីព្រះយេស៊ូ។ ហេតុនេះព្រះសហគមន៍នៅតែបន្តប្រកាសដំណឹងល្អតាមរបៀបនេះ ហើយម្យ៉ាងទៀតពេលដែលយើងទទួលបានការសង្គ្រោះ។ ចំណុចនេះក៏ជាសញ្ញាសំគាល់ម្យ៉ាងថា នៅពេលនេះព្រះអង្គបានជួយឱ្យគាត់រស់ឡើងវិញ នៅពេលក្រោយព្រះអង្គផ្ទាល់ក៏រស់ឡើងវិញដែរ តែជាការរស់ឡើងវិញដ៏រុងរឿងមានន័យថា ជាការរស់ឡើងវិញមានលក្ខណៈទ្រង់ទ្រាយថ្មី ហើយអត់ស្លាប់ទៀតឡើយ។
នេះជាលក្ខណៈព្រះយេស៊ូ ចង់ប្រាប់ឱ្យយើងដឹងនៅពេលដែលយើងអានព្រះគម្ពីរ។ បាទ! បងប្អូន ជីវិតរបស់យើងកំពុងតែធ្វើដំណើររួមជាមួយព្រះអង្គ ទោះបីនៅក្នុងបរិយាកាសដែលធ្វើឱ្យយើង ហាក់ដូចស្ថិតក្នុងសេចក្តីស្លាប់នៅជុំវិញយើង ទាំងរឿងបរិស្ថាន ទាំងរឿងសង្រ្គាម តែយើងត្រូវតែបន្តស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ជួយការងាររបស់ព្រះអង្គ ឱ្យព្រះអង្គប្រើយើង ដើម្បីបន្តនូវបេសកកម្មរបស់ទ្រង់នៅក្នុងលោកនេះ។
ប្រសិនបើបងប្អូនបើកចិត្តឱ្យទូលំទូលាយមិនថាបងប្អូនក្លាយជាយ៉ាងណានៅក្នុងជីវិតប្រចាំថ្ងៃ គឺយើងអាចឆ្លើយតបតាមគម្រោងការសង្រ្គោះរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងពិភពលោកយើងសព្វថ្ងៃនេះបាន។
សូមព្រះជាម្ចាស់ប្រទានពរ និងសុំឱ្យបងប្អូនក្លាយទៅជាឧបករណ៍ដែលព្រះជាម្ចាស់អាចប្រើបាន ដើម្បីព្យាបាល ដើម្បីសង្រ្គោះមនុស្សលោកនៅក្នុងលោកនេះ។ អាម៉ែន៕