អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៣ តាមលូកា ១០,២៥-៣៧អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​សែ សាត

ព្រះបន្ទូលថ្ងៃនេះ ចំណុចសំខាន់ខ្ញុំចង់ចែកគឺសេចក្តីស្រឡាញ់ និងការអនុវត្តសេចក្តីស្រឡាញ់ដែលកើតជារូបរាង។

តាមរយៈព្រះបន្ទូលដំណឹងល្អ គឺយើងឃើញមានបណ្ឌិតខាងវិន័យម្នាក់បានមកសួរសំណួរដ៏សំខាន់ពីព្រះយេស៊ូ គឺគាត់សួរអំពីរបៀបរស់នៅ ឬរបៀបដែលគាត់ត្រូវប្រព្រឹត្តបែបណា ដើម្បីបានជីវិតអស់កល្បជានិច្ចទុកជាមរតក។

ព្រះយេស៊ូបានរំលឹកគាត់អំពីរបៀបដែលគាត់រស់នៅតាមវិន័យ និងស្គាល់វិន័យ ក្រោយមកព្រះអង្គបានប្រាប់ទៅគាត់អំពីវិន័យដ៏សំខាន់ដែលទី១ ស្រឡាញ់ព្រះជាម្ចាស់ និងទី២ ស្រឡាញ់បងប្អូនឯទៀតៗដូចស្រឡាញ់ខ្លួនឯង។ ធម្មាចារ្យសួរថា តើសេចក្តីស្រឡាញ់បែបណា? ព្រះយេស៊ូបានមានព្រះបន្ទូលជាប្រស្នាអំពីបុរសម្នាក់ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរ ហើយមានមនុស្សបីនាក់ដែលឆ្លងកាត់តាមផ្លូវនោះ ដែលទីមួយធម្មាចារ្យ ទីពីរគឺលេវី និងទីបីអ្នកស្រុកសាម៉ារី ដែលព្រះបន្ទូលនេះនិយាយអំពីអ្នកស្រុកសាម៉ារីដែលមានចិត្តសប្បុរស។

សប្បុរសកន្លែងនេះសំដៅលើមានចិត្តអាណិតស្រឡាញ់ ហើយបំពេញ និងអនុវត្តតាមសេចក្តីស្រឡាញ់នេះ។ តាមរយៈព្រះបន្ទូលនៅថ្ងៃនេះ ក៏ជួយរំលឹកយើងម្នាក់ៗពីជីវិតរស់នៅរបស់យើង ដែលយើងក៏ទាមទារសេចក្តីស្រឡាញ់ ហើយក៏ទាមទារឱ្យយើងចេះអនុវត្តតាមសេចក្តីស្រឡាញ់នេះ។ តាមពិតឫសគល់នៃពាក្យថា សេចក្តីស្រឡាញ់នេះគឺយើងម្នាក់ៗចង់ឃើញជាទង្វើជាក់ស្តែង កុំឱ្យគេថាយើងស្រឡាញ់បានតែមាត់ ឬល្អបានតែមាត់។ ព្រះបន្ទូលថ្ងៃនេះក៏រំលឹកយើងអំពីចំណុចនេះ កុំឱ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលបានតែមាត់ គឺឱ្យយើងបានទាំងមាត់ និងបានទាំងការប្រព្រឹត្ត។ មានន័យថា និយាយពីអ្វីដែលយើងធ្វើ ឬនិយាយអ្វីដែលយើងបានធ្វើ កុំឱ្យយើងនិយាយអ្វីដែលយើងអត់ទាន់ធ្វើ ហើយអត់ធ្វើ។ ព្រះបន្ទូលរំលឹកយើងអំពីសេចក្តីស្រឡាញ់ដែលកើតជារូបរាងនេះ ដែលយើងយកគម្រូនៅក្នុងអត្ថបទនេះគឺអ្នកស្រុកសាម៉ារីដលមានចិត្តសប្បុរសចំពោះម្នាក់ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃចោរប្លន់នោះ ដោយគាត់ឃើញ​ហើយគាត់ឈប់  ហើយគាត់ជួយសង្គ្រោះម្នាក់ដែលរងរបួសនោះ។ អ្នកស្រុកសាម៉ាដែលមានចិត្តសប្បុរសដែលរស់នៅតាមសេចក្តីស្រឡាញ់ គឺជានិមិត្តរូបមួយដែលតំណាងឱ្យព្រះសហគមន៍ដែលមានវត្តមាននៅលើផែនដីនេះ ហើយព្រះសហគមន៍ក៏តំណាងឱ្យការសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានមរតកនៃការសង្គ្រោះ មរតកនៃជំនឿ ឬមរតកនៃជីវិតអស់កល្បជានិច្ចនេះ ដែលព្រះសហគមន៍ទទួល ហើបញ្ជូនបន្តមរតកនេះ ដល់មនុស្សឯទៀតៗដែលជឿព្រមទទួលស្គាល់ព្រះជាម្ចាស់ទៅជាព្រះបិតារបស់គេ។

នៅក្នុងព្រះសហគមន៍នេះ តើយើងមានកោសិកាណាដែលដឹកនាំព្រះសហគមន៍ ដែលយើងឃើញនៅក្នុងព្រះសហគមន៍ យើងឃើញមានរចនាសម័្ពន្ធដែលត្រូវបំពេញបេសកកម្មផ្សេងៗ ប៉ុន្តែយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ។ បើយើងមើលលម្អិតទៅលើកោសិកាតូចៗនៅក្នុងព្រះសហគមន៍ គឺគ្រីស្តបរិស័ទនេះឯង ដែលតំណាងឱ្យអ្នកស្រុកសាម៉ារីដែលមានចិត្តសប្បុរសនោះ។ ហើយអ្នកស្រុកសាម៉ារីដែលមានចិត្តសប្បុរសនោះ គឺទីមួយជាព្រះយេស៊ូផ្ទាល់ នៅក្នុងរឿងនេះ ដែលយាងមកសង្គ្រោះ រំដោះអំពើបាប និងប្រទានព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ដល់មនុស្សលោក​រួម​មាន​ យើងម្នាក់ៗ និង អ្នករងរបួសផង ហើយ​យើងម្នាក់ៗជាគ្រីស្តបរិស័ទ ប្រៀបដូច​ជាតួអង្គអ្នកស្រុកសាម៉ារីដែលមានចិត្តសប្បុរសនេះដែរ។

ហេតុនេះ សូមឱ្យព្រះបន្តូលនៅថ្ងៃនេះកើតជារូបរាងតាមរយៈជីវិតរបស់យើងម្នាក់ៗ ដែលសេចក្តីស្រឡាញ់ នោះមិនគ្រាន់តែនិយាយល្អតែមាត់ ប៉ុន្តែឱ្យយើងល្អទាំងពាក្យសម្តី ល្អទាំងទង្វើដើរទៅជាមួយគ្នា ទើបគេឃើញព្រះជាម្ចាស់ ឃើញ​វត្តមានព្រះអង្គតាមរយៈជីវិតរបស់យើងម្នាក់ៗ ហើយនោះហើយជាការប្រកាសដំណឹងល្អ។

សូមព្រះជាម្ចាស់ប្រទានព្រះពរដល់យើងឱ្យកិច្ចការរបស់យើងបង្កើតផលផ្លែថ្វាយព្រះជាម្ចាស់តាមរយៈកិច្ចការល្អរបស់យើងគឺសេចក្តីស្រឡាញ់ដែលកើតជារូបរាងនេះ៕

 

 ឃ្លានេះ​ស្តាប់​មិន​យល់

Daily Program

Livesteam thumbnail