អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៣ តាមសន្តលូកា ១៤,១៥-២៤

បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

ថ្ងៃនេះយើងស្តាប់អត្ថបទគម្ពីរពីលូកាជំពូកទី១៤,១៥-២៤ ដែលព្រះយេស៊ូកំពុងតែព្យាយាមបង្ហាញពិធីជប់លៀងនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នកណាចូលរួមបានគឺអ្នកនោះមានសុភមង្គលហើយ។

នៅពេលនោះព្រះយេស៊ូកំពុងតែពិសារបាយនៅផ្ទះពួកគណៈផារ៉ាស៊ី តាមពិតរឿងនេះព្រះយេស៊ូចង់បង្រៀនពួកខាងគណៈផារ៉ាស៊ីដែរ ដោយសារពេលដែលយើងនិយាយពីពិធីជប់លៀងជានិមិត្តសញ្ញានៃស្ថានបរមសុខ ហើយត្រង់កន្លែងនេះព្រះយេស៊ូព្យាយាមពន្យល់ថា ពិធីជប់លៀរបស់ព្រះអង្គមិនមែនមានតែនៅស្ថានបរមសុខទេ។

ក្នុងពិធីជប់លៀងក៏មានការអញ្ជើញមនុស្សដែលមានសិទ្ធិចូលរួមមុន ប៉ុន្តែតាមរឿងប្រស្នារបស់ព្រះយេស៊ូ អ្នកខ្លះរវល់ទៅមើលដី អ្នកខ្លះរវល់ទៅមើលគោ អ្នកខ្លះរវល់នឹងរឿងគ្រួសារប្រពន្ធរៀបការថ្មី ដូច្នេះពួកគាត់រវល់អត់បានចូលរួមពិធីជប់លៀងបានទេ។ បាទបងប្អូនការរវីរវល់របស់យើងនៅក្នុងជីវិតប្រចាំថ្ងៃដូចអ្វីដែលព្រះយេស៊ូបង្រៀនយើងតែម្តង ហើយរឿងមូលដ្ឋាននៃជីវិតរស់នៅគឺពាក់ព័ន្ធ​នឹង​ជំនឿរបស់យើង ហើយក្រោយមកយើងអាចឃើញថាកិច្ចការទាំងអស់នោះនាំឱ្យយើងអត់មានពេលទៅព្រះវិហារអត់មានពេលទៅអធិដ្ឋាន អត់មានពេលទៅថ្វាយបង្គំព្រះជាម្ចាស់។ ពិធីជប់លៀងនៅស្ថានបរមសុខដែលនៅក្នុងព្រះសហគមន៍យើងមានហើយ គឺពិធីជប់លៀងរបស់ព្រះអម្ចាស់នៅក្នុងអភិបូជានោះឯង។ ទោះបីមិនពេញលក្ខណៈដូចស្ថានបរមសុខ ក៏ប៉ុន្តែជាពិធីមួយដែលអាចឆ្លុះបញ្ចាំងពីរបៀបដែលព្រះជាម្ចាស់អញ្ជើញបងប្អូនគ្រប់ជាតិគ្រប់សាសន៍ គ្រប់ឋានៈដើម្បីចូលរួមជាមួយគ្នា។ បញ្ហា គឺអ្នកដែលមានសិទ្ធិចូលរួមបដិសេធមិនចង់ទៅ ដោយសារហេតុផលនេះ ហើយអ្នកខ្លះដែលអត់មានសិទ្ធចូលរួមដំបូង​តែគេឆ្លើយតបក៏អាចមានសិទ្ធិចូលរួមនៅពិធីជប់លៀងនោះបានដែរ។

នៅក្នុងលក្ខណៈខណ្ឌរបស់ព្រះយេស៊ូនៅក្នុងសម័យនោះ ប្រហែលជាមនុស្សដែលឆ្លើយតបសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ឆ្លើយតបនឹងការអញ្ជើញរបស់ព្រះជាម្ចាស់ហើយកែប្រែចិត្តគំនិតមានតែ​ពួកអ្នកទារពន្ធ ពួកស្រ្តីពេស្យាផងក៏មិនដឹង។ សព្វថ្ងៃនេះប្រហែលអាចជាមនុស្សមួយចំនួនដែលឈ្វេងយល់ពីដំណឹងល្អ ឬក៏ព្យាយមរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហើយបងប្អូនទាំងអស់នោះឯងអាចមានសិទ្ធិចូលរួមព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយបងប្អូនដែលគិតថាខ្លួនបានអនុវត្តបានល្អហើយ ឬគិតថាខ្លួនឯងមានរឿងគិតច្រើន រវល់ច្រើននៅខាងក្រៅសូមប្រយ័ត្ន ពីព្រោះនៅពេលក្រោយ ពេលព្រះជាម្ចាស់ហៅយើងចូលក្នុងព្រះរាជ្យរបស់ព្រះអង្គពិតប្រាកដ ដូចជាពេលដែលយើងស្លាប់ ពេលនោះយើងអត់មានសិទ្ធិចូលទេ។

បាទសូមឱ្យព្រះបន្ទូលនេះជួយរំលឹកបងប្អូន និងឱ្យយើងរស់នៅក្នុងជីវិតនេះល្អ រស់នៅតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ ជាពិសេសនៅពេលដែលយើងមានឱកាសចូលរួមអភិបូជា​របស់ព្រះជាម្ចាស់ យើងអាចសាកសមចូលរួមពិធីជប់លៀងនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បានដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail